ដោយ រដ្ឋា វិសាល RFA 2016-06-11
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សបារម្ភចំពោះការរឹតបន្តឹងសេរីភាពមន្ត្រីគណបក្សសង្គ្រោះជាតិ និងពលរដ្ឋទាក់ទិនការផ្ដិតមេដៃគាំទ្រញត្តិសុំដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតដែលត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ។ ការបារម្ភនេះ កើតមានឡើងបន្ទាប់ពីសមត្ថកិច្ចនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ឃាត់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋជាបន្តបន្ទាប់ បន្ទាប់ពីសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធរឿងប្រមូលស្នាមមេដៃពលរដ្ឋ។
មនុស្សចំនួន ៤នាក់ ក្នុងនោះ ៣នាក់ជាពលរដ្ឋនៅខេត្តរតនគិរី និងម្នាក់ជាមន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តមណ្ឌលគិរី ថាត្រូវបានអាជ្ញាធរមូលដ្ឋានឃាត់ខ្លួន និងកោះហៅទៅសាកសួរពីបទសង្ស័យដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លោក សល់ ប្លន់ បញ្ជាក់ថា សាច់ញាតិគាត់ចំនួនបីនាក់ ត្រូវប៉ូលិសស្រុកអណ្ដូងមាស ឃាត់ខ្លួននៅវេលាថ្ងៃត្រង់ថ្ងៃទី១០ ខែមិថុនា ដោយសង្ស័យថា ពួកគេទាំងបីនាក់បានធ្វើដំណើរទៅឃុំប៉ក់ញ៉ៃ ស្រុកអណ្ដូងមាស ដើម្បីប្រមូលស្នាមមេដៃពលរដ្ឋ។ ជនទាំងបីដែលប៉ូលិសឃាត់ខ្លួនមានឈ្មោះ សល់ ពីន សល់ ពិនី និង សល់ ប្រុញ។ ពួកគេជាអ្នកកាន់សាសនាគ្រិស្ត ហើយធ្វើដំណើរទៅពិភាក្សារឿងសាសនា៖ «គេចាប់ហ្នឹងខ្ញុំយល់ថាមិនសមហេតុផលទេ គេសង្ស័យថា ពួកហ្នឹងទៅផ្ដិតមេដៃដាក់ញត្តិមិនមែនទេ អានេះមិនមែនបណ្ដាញខាងគណបក្សទេ គឺក្រុមជំនុំគ្រិស្តសាសនា»។
ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិ ឃុំស្រែសង្គម ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី លោក លាង លាត អះអាងដែរថា មេឃុំស្រែសង្គម បានព្រមានគាត់មិនឲ្យដើរប្រមូលស្នាមមេដៃ និងធ្វើលិខិតកោះហៅលោកឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាឃុំនៅរសៀលថ្ងៃទី១០ ខែមិថុនា ដោយសារលោកបានដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋដែលគាំទ្រញត្តិដាក់ថ្វាយព្រះមហាក្សត្រ៖ «ថាដើរផ្ដិតមេដៃមានសុំអ្នកណាទេ ខ្ញុំថា អត់សុំទេ ក្រុមប្រឹក្សាស្រុកគាត់ឲ្យមកផ្ដិតមេដៃ។ បើខ្ញុំផ្ដិតមេដៃទៅរដ្ឋប្រហាររដ្ឋាភិបាលឲ្យចលាចល។ នេះគ្រាន់តែធ្វើសុំឲ្យព្រះមហាក្សត្រជួយដោះលែងតែប៉ុណ្ណឹងទេ ខ្ញុំជាប្រជាពលរដ្ឋ»។
អ្នកនាំពាក្យនិងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន ថ្លែងថា សកម្មភាពដើរផ្ដិតមេដៃរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ពលរដ្ឋនៅមូលដ្ឋាន។ ចំណែកអាជ្ញាធរបារម្ភខ្លាចមានការបង្ខិតបង្ខំណាមួយទាក់ទិនសកម្មភាពផ្ដិតមេដៃ ទើបទប់ស្កាត់បញ្ហានេះកុំឲ្យរីករាលដាលប៉ះពាល់សុវត្ថិភាពប្រជាពលរដ្ឋ។ លោកថា អាជ្ញាធរមិនបានចាប់ខ្លួននរណាម្នាក់ក្នុងរឿងផ្ដិតមេដៃនេះទេ៖ «វាមានភាពរញ៉េរញ៉ៃ យើងខ្លាចមានការបង្ខិតបង្ខំ ណាមួយមើលទៅដូចជាចលាចល អសន្តិសុខមិនសូវល្អ»។
ចំណែកមេឃុំស្រែសង្គម លោក កែវ ស៊ីណង់ បញ្ជាក់ដែរថា ប្រជាពលរដ្ឋបានអះអាងប្រាប់អាជ្ញាធរថា មន្ត្រីបក្សសង្គ្រោះជាតិប្រើប្រាស់ព្រះបរមនាថព្រះមហាក្សត្រឲ្យប្រជាពលរដ្ឋគាំទ្រផ្ដិតមេដៃលើញត្តិដាក់ថ្វាយព្រះអង្គ ទើបអាជ្ញាធរកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិ មកឆ្លើយទល់មុខប្រជាពលរដ្ឋបញ្ជាក់ការពិត៖ «គាត់ដើរបំផុសប្រជាពលរដ្ឋថា ព្រះករុណាឲ្យផ្ដិតមេដៃទៅដោះលែងអ្នកទោស។ គោលការណ៍ខេត្តឲ្យទប់ស្កាត់សម្រាប់តវ៉ាសុំធ្វើបាតុកម្មសុំដោះលែង។ គាត់ថាមិនឲ្យមានទេ ព្រោះជារឿងរបស់ច្បាប់»។
យ៉ាងណាក៏ដោយ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ប្រចាំខេត្តរតនគិរី និងខេត្តមណ្ឌលគិរី កត់សំគាល់ស្រដៀងគ្នាថា ការដើរប្រមូលស្នាមមេដៃគាំទ្រញត្តិដាក់ថ្វាយព្រះមហាក្សត្រដោយស្ម័គ្រចិត្តគឺជាសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ និងសកម្មជនបក្សនយោបាយដែលមិនបានធ្វើឲ្យប៉ះពាល់សិទ្ធិបុគ្គលសាធារណៈ ឬដែនសមត្ថកិច្ចរបស់អាជ្ញាធរណាឡើយ។ មន្ត្រីសិទ្ធិមនុស្សទាំងពីរអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ការរឹតបន្តឹងសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសកម្មជននយោបាយដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យបានប្រសើរឡើងវិញ។
ចាប់ពីដើមសប្ដាហ៍រហូតមក នៅខេត្តមណ្ឌលគិរី មានករណីអាជ្ញាធរឃាត់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ ពីរករណី និងនៅខេត្តរតនគិរី ការឃាត់ខ្លួនដូចគ្នានេះមានពីរករណី ប៉ុន្តែមិនមានការឃុំខ្លួននរណាម្នាក់ឡើយ៕