ដោយ ខែ សុណង RFA 2016-06-11
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចេញប្រតិទិននៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ជាផ្លូវការ។ សង្គមស៊ីវិលដែលធ្វើការឃ្លាំមើលកិច្ចការបោះឆ្នោត យល់ថា ប្រតិទិននេះមានហេតុផលត្រឹមត្រូវ និងស៊ីសង្វាក់ទៅនឹងពេលវេលាដែលអាចទទួលយកបាន។ ប៉ុន្តែអ្វីជាក្ដីបារម្ភនោះគឺកត្តាហានិភ័យគ្រោះធម្មជាតិ ដែលអាចកើតមានឡើង និងបញ្ហាបរិយាកាសនយោបាយដែលកំពុងមានភាពតានតឹងក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោត។ បញ្ហានេះ ទាមទារឲ្យ គ.ជ.ប រកវិធីដោះស្រាយ។
គណៈកម្មាធិការខុមហ្វ្រែល (COMFREL) ស្នើឲ្យ គ.ជ.ប មានវិធានការពិសេសមួយដើម្បីជំរុញដំណើរការចុះឈ្មោះបោះឆ្នោតកាន់តែមានប្រសិទ្ធភាព។
នាយកប្រតិបត្តិនៃគណៈកម្មាធិការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍នៅថ្ងៃទី១១ មិថុនា ថា លោកគាំទ្រចំពោះប្រតិទិនដែលបានចេញផ្សាយដោយ គ.ជ.ប កាលពីថ្មីៗនេះ។ ប៉ុន្តែអ្វីដែលជាក្ដីបារម្ភនោះ គឺកត្តាហានិភ័យគ្រោះធម្មជាតិ និងអាចមានភ្លៀងធ្លាក់ច្រើន។ រីឯបញ្ហាបរិយាកាសនយោបាយដែលកំពុងមានភាពតានតឹងក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតក៏ជាបញ្ហាចោទទៅដល់ការចុះឈ្មោះបោះឆ្នោតដែរ។ ជាដំណោះស្រាយនោះ លោក គល់ បញ្ញា សំណូមពរឲ្យ គ.ជ.ប រៀបចំឲ្យមានក្រុមការងារពិសេសមួយធ្វើការបន្ថែមលើការងារចុះឈ្មោះបោះឆ្នោតនៅថ្ងៃណាមួយអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌដែលជាឱកាសពលរដ្ឋ និងអ្នកចំណាកស្រុកជួបជុំក្រុមគ្រួសារ និងទៅលេងស្រុកកំណើតដើម្បីជំរុញការងារចុះឈ្មោះឲ្យកាន់តែមានប្រសិទ្ធភាព។
លោក គល់ បញ្ញា៖ «ក្រោយភ្ជុំម្ង៉ៃអ៊ីចឹងទៅ ដូចថា អ្នកមុននឹងទៅវិញមួយថ្ងៃហ្នឹងមកចុះឈ្មោះអ៊ីចឹងទៅ ឬក៏ថា គាត់មកមុនភ្ជុំគឺចុះឲ្យគាត់មុនអ៊ីចឹងទៅ ដើម្បីអំពាវនាវឬជំរុញឲ្យអ្នកដែលធ្វើចំណាកស្រុកហ្នឹងមុនទៅធ្វើការនៅក្រៅប្រទេសបានចុះឈ្មោះបោះឆ្នោតលះបង់ខ្លះពេលភ្ជុំហ្នឹងក្ដីមានក្រុម ពិសេសដើម្បីទទួលការចុះឈ្មោះបោះឆ្នោតដល់អ្នកដែលគ្នាចំណាកស្រុកនេះជារឿងល្អណាស់ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់ស្ថាប័នរដ្ឋ ពិសេស គ.ជ.ប និងក្រុមប្រឹក្សាឃុំសង្កាត់។ បើបានឈ្មោះនៅក្នុងបញ្ជីតែម្ដងលើកនេះ គឺថា យើងប្រាកដជាបានលំនឹងនៃការបោះឆ្នោតរាប់សិបដង»។
ឆ្លើយតបទៅនឹងកង្វល់របស់លោក គល់ បញ្ញា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានអះអាងថា គ.ជ.ប បានរៀបចំប្រតិទិននេះគឺសមស្របមានហេតុផលគ្រប់គ្រាន់។ លោកបញ្ជាក់ថា រយៈពេលចុះឈ្មោះ ៣ខែ និងមានរយៈពេល ២ខែសម្រាប់ដោះស្រាយបណ្ដឹង ដូច្នេះលោកយល់ថា ពេលវេលានេះអាចនឹងដោះស្រាយភាពរាំងស្ទះនានាបាន។
លោក ហង្ស ពុទ្ធា ឲ្យដឹងបន្ថែមថា គ.ជ.ប អាចនឹងពិចារណាបន្ថែមថ្ងៃចុះឈ្មោះ ប្រសិនជាមានភាពមិនប្រក្រតីកើតឡើង៖ «រយៈពេលចុះឈ្មោះ ៣ខែ ទុកពេល ២ខែ គឺសម្រាប់ដោះស្រាយបណ្ដឹង ប៉ុន្តែរយៈពេលហ្នឹង បើសិនជាប្រជាពលរដ្ឋចុះមិនគ្រប់គ្នា គ.ជ.ប ពិនិត្យលទ្ធភាពជាក់ស្ដែងដើម្បីបន្ថែមចំនួនថ្ងៃ ប៉ុន្តែចំណុចនេះ គ.ជ.ប មិនបើកជាចំហទេកុំអោយប្រជាពលរដ្ឋខ្លះលោកអាង»។
ប្រតិទិននៃការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ដែលចេញផ្សាយដោយ គ.ជ.ប បានបង្ហាញថា ការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១ ខែកញ្ញា ហើយបញ្ចប់ទៅវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចំណែកឯការប្ដឹងតវ៉ា និងការបដិសេធទៅនឹងការសុំចុះឈ្មោះទៅក្រុមប្រឹក្សាឃុំ និងសង្កាត់នេះ មានរយៈពេល ៣ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦។
ប្រតិទិន គ.ជ.ប បានបង្ហាញថា ការជូនដំណឹងពីការចុះឈ្មោះគឺនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។ ការបិទផ្សាយបញ្ជីទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត នឹងធ្វើតែមួយថ្ងៃទេ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ រីឯការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៃឃុំ សង្កាត់ទូទាំងប្រទេស គឺធ្វើឡើងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ហើយការប្ដឹងតវ៉ា ឬប្ដឹងជំទាស់លើបញ្ជីបោះឆ្នោតដំបូងទៅក្រុមប្រឹក្សាឃុំសង្កាត់វិញ មានរយៈពេល ១០ថ្ងៃ ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ មករា ឆ្នាំ២០១៧។ ការដោះស្រាយបណ្ដឹងដោយ គ.ជ.ប មានរយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០១៧។ នៅចុងក្រោយនៃនីតិវិធីគឺការផ្ដល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតដោយ គ.ជ.ប នឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប បានឲ្យដឹងថា អ្នកដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតអាចមានចំនួនប្រមាណ ៩,៦លាននាក់៕