
ដោយ ម៉ែន សុធីរ RFA 2016-06-18
ពលរដ្ឋ និងសង្គមស៊ីវិល ចោទតុលាការខេត្តក្រចេះ ថាបន្តឃុំខ្លួនអ្នកភូមិមានជម្លោះដីធ្លីម្នាក់ខុសនីតិវិធី។ តុលាការខេត្តក្រចេះ បានឃុំខ្លួនអ្នកភូមិមានជំងឺសរសៃប្រសាទ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦។ ចំណែកតំណាងអយ្យការខេត្តក្រចេះ បដិសេធការចោទប្រកាន់នេះ។
ពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី១៧ មិថុនា ថា បុរសវ័យជាង ៦០ឆ្នាំមានជំងឺសរសៃប្រសាទ ត្រូវតុលាការខេត្តនេះឃុំខ្លួនជាង ៤ខែមកហើយ ដោយចោទពីបទកាប់ព្រៃក្នុងបរិវេណដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដោយខុសច្បាប់។
ពលរដ្ឋរស់នៅឃុំឃ្សឹម លោក ម៉េត ធី រៀបរាប់ថា អ្នកភូមិបានយកឯកសារពាក់ព័ន្ធនានាដែលបញ្ជាក់ពីស្ថានភាពជំងឺបុរសឈ្មោះ រឹម ឌុយ កើតជំងឺសរសៃប្រសាទ ស្នើទៅតុលាការឲ្យលើកលែងបទចោទ តែពុំទទួលបានលទ្ធផល។ លោកកត់សម្គាល់ថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ លោក រឹម ឌុយ បានគាស់ដំឡូងនៅខាងក្រោយផ្ទះ ត្រូវសន្តិសុខក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចម្ការកៅស៊ូមេមត់ និងមន្ត្រីបរិស្ថានចាប់ខ្លួន និងបញ្ជូនទៅតុលាការខេត្តក្រចេះ៖ «គេថាខ្លាំងណាស់។ ហើយបើអ្នកហិតកាវគេឲ្យចេញរួចហើយ។ ធ្ងន់ណាស់អ្នកកាប់ដំឡូងហ្នឹង។ ខ្ញុំយល់ថា មិនយុត្តិធម៌ជាមួយរាស្ត្រទេ អារករាស្ត្រ»។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានតុលាការខេត្តក្រចេះ លោក ឌិន សុវុទ្ធី ដើម្បីសុំការអធិប្បាយជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី១៧ មិថុនា។
ឆ្លើយតបការចោទប្រកាន់នេះ ព្រះរាជអាជ្ញាអមសាលាខេត្តក្រចេះ លោក ធី សុវណ្ណថាល់ បញ្ជាក់ថា ការសម្រេចឲ្យនៅក្រៅឃុំ មិនអាចធ្វើទៅបានត្រឹមតែសន្និដ្ឋាន ឬតាមការមើលខាងក្រៅនោះទេ។ លោកថា ប្រសិនបើចៅក្រម និងតំណាងអយ្យការមិនព្រមសម្រេចឲ្យនៅក្រៅឃុំទេ ពលរដ្ឋអាចប្ដឹងទាស់ទៅសាលាឧទ្ធរណ៍បន្តទៀតបាន៖ «យើងមានសិទ្ធិប្ដឹងតទៀត ប្ដឹងទៅឧត្តមក្រុមប្រឹក្សាវិន័យ ហើយខ្ញុំក៏អាចជំនួយក្នុងនីតិវិធីរបស់ខ្ញុំ សុំឲ្យនៅក្រៅឃុំបានដែរ តែអត់ឃើញសំណុំរឿងផង គេមិនដែលមកជួបខ្ញុំ»។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្មាំក្រុមហ៊ុនចម្ការកៅស៊ូមេមត់ និងមន្ត្រីបរិស្ថាន បានឃាត់ខ្លួនពលរដ្ឋម្នាក់ឈ្មោះ រឹម ឌុយ ហើយបានបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ដោយចោទថា ពលរដ្ឋម្នាក់នោះបានកាប់រានដីព្រៃក្នុងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចម្ការកៅស៊ូមេមត់។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខេត្តក្រចេះ លោក ឌិន ខន្នី ដែលចុះស៊ើបអង្កេតរឿងនេះ យល់ថា តុលាការគួរតែដោះលែងពលរដ្ឋឲ្យនៅក្រៅឃុំ ឬលើកលែងបទចោទ ដោយសំអាងថា តំណាងអយ្យការពុំមានធាតុផ្សំណាមួយសម្រាប់ដាក់បន្ទុកឡើយ បន្ទាប់ពីពលរដ្ឋនោះបានកាប់ដំឡូងដើម្បីបរិភោគ ពុំមែនកាប់ព្រៃដូចការចោទប្រកាន់នោះទេ។ ម្យ៉ាង គាត់មានជំងឺមិនប្រក្រតីទៀត។ លោករកឃើញថា អាជ្ញាធរមូលដ្ឋាន និងវេជ្ជបណ្ឌិត បានសរសេរលិខិតបញ្ជាក់ពីស្ថានភាពជំងឺលោក រឹម ឌុយ ថាមានជំងឺសរសៃប្រសាទដែរ។ លោកចាត់ទុកការឃុំខ្លួនពលរដ្ឋកើតជំងឺសរសៃប្រសាទ ថាជាទង្វើខុសច្បាប់៖ «ច្បាប់បើកាលណាមានការបញ្ជាក់អះអាង មេភូមិ មេឃុំ អាជ្ញាធរដែនដី ហើយបូកចំណារពីអភិបាលស្រុកទៀត ដូច្នេះវាគួរគប្បីដែលក្នុងការដោះលែងគាត់»។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ឈ្មោះ នាង យ៉ុង បានចេញលិខិតបញ្ជាក់ថា លោក រឹម ឌុយ មានជំងឺសរសៃប្រសាទ។
ច្បាប់ព្រហ្មទណ្ឌថ្មីមាត្រា៣១ ចែងថា កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះកើតវិបល្លាស ឬមានជំងឺសរសៃប្រសាទ ជននោះមិនទទួលខុសត្រូវច្បាប់ព្រហ្មទណ្ឌនោះទេ៕