ដោយ ខែ សុណង RFA 2016-06-18
មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីដែលមានឈ្មោះថា អាហារសប្បុរសធម៌ ដើម្បីរកការគាំទ្រផ្នែកថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារមន្ត្រីសមាគមអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប ដែលកំពុងជាប់ឃុំ។ គ្រួសារអ្នកជាប់ពន្ធនាគារដែលបានទទួលការឧបត្ថម្ភនេះ បានសម្ដែងក្ដីត្រេកអរ និងអះអាងថា ពួកគេមិនឯកោនោះទេ។
គ្រួសារមន្ត្រីសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ បានទទួលថវិកាក្នុងមួយគ្រួសារជិត ៥០០ដុល្លារ ដែលបានពីក្រុមសង្គមស៊ីវិលរៀបចំកម្មវិធីអាហារសប្បុរសធម៌។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ដែលជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីអាហារសប្បុរសធម៌នេះ មានប្រសាសន៍នៅថ្ងៃទី១៨ មិថុនា ថា ទឹកប្រាក់ប្រមាណជាង ៣ពាន់ដុល្លារដែលបានពីការលក់សំបុត្រចូលបរិភោគអាហារសប្បុរសធម៌ ត្រូវបានបែងចែកជូនក្រុមគ្រួសារអ្នកជាប់ឃុំ បន្ទាប់ពីលោក និងមន្ត្រីសង្គមស៊ីវិលមួយចំនួនទៀតបានរៀបចំកម្មវិធីនេះ។ លោក កែម ឡី បញ្ជាក់ថា ទិសដៅសំខាន់ដែលរៀបចំឲ្យមានពិធីនេះ ដើម្បីស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់មន្ត្រីទាំង ៥រូប ក្នុងពេលជីវភាពកំពុងតែយ៉ាប់យ៉ឺន និងជាការលើកកម្លាំងចិត្តដល់ក្រុមគ្រួសារអ្នកទាំងនោះផង។
លោក កែម ឡី បន្តថា នេះក៏ជាឱកាសនៅក្នុងការផ្លាស់ប្ដូរនូវគំនិតយោបល់រវាងក្រុមគ្រួសារអ្នករងគ្រោះ និងអ្នកដែលមានការសោកស្ដាយចំពោះការឃុំខ្លួនមន្ត្រីទាំងនោះ៖ «យើងចង់ផ្សារភ្ជាប់ថា យើងទាំងអស់គ្នាគឺនៅជាមួយក្រុមគ្រួសាររងគ្រោះនៅជាមួយអ្នករងគ្រោះ មិនចោលឆ្ងាយទេ គឺយើងនៅជាមួយគ្នា ចលនាគ្នាដើម្បីផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីឲ្យមានការពិចារណាឡើងវិញនូវករណីដោះលែងឲ្យមានការផ្ដល់នូវសុភវិនិច្ឆ័យឲ្យបានត្រឹមត្រូវ។ យើងចង់សម្រាលបន្ទុកគ្រួសារជនរងគ្រោះដែរ ហើយក៏ចង់លើកទឹកចិត្តដើម្បីឲ្យគាត់បន្តសកម្មភាពរបស់គាត់បន្តទៅទៀត បើទោះបីជាគាត់នៅក្នុងពន្ធនាគារ ឬមួយក្រុមគ្រួសារគាត់នៅខាងក្រៅក៏ដោយ ដែលអ្នកដទៃៗទៀតដែលគាត់កំពុងតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យគាត់សង្ឃឹមថាគាត់អត់នៅឯកោទេ»។
កម្មវិធីអាហារសប្បុរសធម៌ បានរៀបចំធ្វើកាលពីល្ងាចថ្ងៃសុក្រ ទី១៧ មិថុនា ដោយមានអ្នកចូលរួមជាមន្ត្រីអង្គការសមាគម មន្ត្រីរដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុនជាង ១០០នាក់ចូលរួម។ មុនចូលកម្មវិធីនេះ ពួកគេទិញសំបុត្រតម្លៃ ២៥ដុល្លារក្នុងម្នាក់។ ក្នុងឱកាសនោះ ក៏មានជំនួយពីពលរដ្ឋខ្មែរនៅក្រៅប្រទេសផងដែរ។ កម្មវិធីនេះ គេបានរៀបចំឲ្យក្រុមគ្រួសារ និងអ្នកចូលរួមឡើងសម្ដែងមតិជុំវិញការឃុំខ្លួនមន្ត្រីទាំង ៥រូបនោះ។
មន្ត្រីសមាគមអាដហុក ៤រូបរួមមាន អ្នកស្រី លឹម មុន្នី លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអតីតប្រធានផ្នែកអង្កេតនៃសមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ដែលកំពុងជាប់ពន្ធនាគារក្នុងរឿងក្ដីក្ដាំជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលចោទថាបង្គាប់ឲ្យនាងឆ្លើយចម្លើយមិនពិតប្រាប់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
ភរិយារបស់លោក ណៃ វ៉ង់ដា អ្នកស្រី ភាវ ម៉ី បានសម្ដែងក្ដីត្រេកអរចំពោះការរៀបចំឲ្យមានពិធីនេះ។ អ្នកស្រីថ្លែងថា នេះជាការលើកទឹកចិត្តខ្លាំងដល់ក្រុមគ្រួសារអ្នកស្រី ក៏ដូចជាក្រុមគ្រួសារអ្នកជាប់ឃុំដទៃទៀត៖ «ជាចំណែកមួយធំដែរក្នុងការជួយយើងទាំងទឹកចិត្ត ទាំងផ្នែកថវិកាអ៊ីចឹង ជួយទាំងផ្នែកកម្លាំងផ្លូវចិត្ត និងថវិកា គឺគាត់ជួយបានច្រើន ដូចថាគាត់ខំប្រឹងជួយទោះបីថាថវិកាបានប្រមាណក៏ដោយ មិនសំខាន់ទេ សំខាន់គាត់មានទឹកចិត្តជួយយើងដែលជាជនរងគ្រោះ។ ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំដូចជាមិនឯកោ មានអង្គការសង្គមស៊ីវិល មានមិត្តភ័ក្ដិគាត់ មានប្រជាជនច្រើនដែលគាំទ្រ ដែលគាត់ជួយយកចិត្តទុកដាក់ពួកខ្ញុំ ដូចជាមិនឯកោខ្លាំងទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីអាហារសប្បុរសធម៌ គ្រោងរៀបចំឲ្យមានកម្មវិធីនេះម្ដងទៀតនៅខែក្រោយ៕