ដោយ សេក បណ្ឌិត RFA 2016-06-18
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចាត់ទុកឆ្នាំ២០១៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលប្រទេសសមាជិកអាស៊ាន និងចិន អបអរសាទរខួប ២៥ឆ្នាំនៃទំនាក់ទំនងដៃគូអាស៊ាន-ចិន។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងគុនមីញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនោះដឹកនាំដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាទ្បាគ្រីស្នាន (Vivian Balakrishnan) និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី (Wang Yi) ដែលជាសហប្រធាននៃកិច្ចប្រជុំនេះ។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ មិថុនា ឲ្យដឹងថា លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំនោះដែរ ហើយលោកក៏បានឲ្យដឹងពីលទ្ធផលមួយចំនួននៃកិច្ចប្រជុំនោះ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន បានបង្ហាញជំហរពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យរឹងមាំបន្ថែមទៀត និងពង្រឹងលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ចិន ដើម្បីអបអរសាទរខួប ២៥ឆ្នាំនៃទំនាក់ទំនងដៃគូអាស៊ាន-ចិន ព្រមទាំងពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូង។
លោក ប្រាក់ សុខុន បានឲ្យដឹងថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហាដ៏ស្មុគស្មាញ និងរសើបខ្លាំងដែលតម្រូវឲ្យមានវិធីសាស្ត្រ និងដំណោះស្រាយដោយសមស្រប។ លោកបន្តថា រដ្ឋមន្ត្រីអាស៊ានទាំងអស់ បានពិភាក្សាយ៉ាងទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងទិសដៅអនាគត និងបញ្ហាសមុទ្រចិនខាងត្បូងនេះ។
កម្ពុជា ក៏បានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីទៀតដែរថា ចង់ឲ្យមានការដោះស្រាយបញ្ហានេះដោយសន្តិវិធីជាមួយភាគីពាក់ព័ន្ធដោយផ្ទាល់ ដោយមិនប្រកាន់យកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមទៅតាមគោលការណ៍នានានៃច្បាប់អន្តរជាតិ។
កិច្ចប្រជុំនោះដែរ កម្ពុជា ប្រកាសថា នឹងរៀបចំសកម្មភាពរំឭកខួបអនុស្សាវរីយ៍ចំនួន៣ ក្នុងនោះមានកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចយុវជនអាស៊ាន-ចិន លើកទី២ កម្មវិធីសម្ដែងសិល្បៈ និងវេទិកាសហគ្រិនវ័យក្មេងអាស៊ាន-ចិន៕