
ដោយ យ៉ង ចាន់តារា RFA 2016-07-18
រដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួនទាក់ទងនឹងការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ សុពលភាពសមាជិកសភារបស់លោក សម រង្ស៊ី និងសេចក្តីព្រាងច្បាប់ចំនួន៥ ទាក់ទងនឹងវិស័យសុខាភិបាល និងកិច្ចការអាស៊ាន។
ក្នុងចំណោមរបៀបវារៈទាំង៨ នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានរបៀបវារៈ៣ ដែលសំខាន់ជាងគេ។ របៀបវារៈទី១ ការពិនិត្យសំណើសុំដកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង ២រូប គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
របៀបវារៈទី២ គឺការពិនិត្យសំណើសុំរដ្ឋសភាបកស្រាយបំភ្លឺអំពីសុពលភាពសមាជិកសភារបស់លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋសភាទទួលស្គាល់កាលពីឆ្នាំ២០១៤ ប៉ុន្តែដកសុពលភាពវិញនៅចុងឆ្នាំ២០១៥។ របៀបវារៈទី៣ គឺការពិនិត្យលើសំណើរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សុំឲ្យរដ្ឋសភា បកស្រាយអំពីនីតិវិធី ឬមាត្រាដែលអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីចំពោះតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំថា ចំពោះរបៀបវារៈទី១ រដ្ឋសភាសម្រេចប្រគល់ករណីសំណើសុំលើកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជូនទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៖ «»។
កាលពីថ្ងៃទី៣០ មិថុនា កន្លងទៅ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានផ្ញើលិខិតទៅប្រធានរដ្ឋសភា ស្នើសុំដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។ សំណើនោះជាការឆ្លើយតបចំពោះលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលថា អ្នកតំណាងរាស្ត្រទាំង ២រូប កំពុងជាប់សង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ តាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំង ២នាក់ ត្រូវតុលាការក្រុងភ្នំពេញកោះហៅកាលពីថ្ងៃទី១៦ ខែឧសភា ឲ្យចូលបំភ្លឺក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ទាក់ទងនឹងសុពលភាពសមាជិកសភារបស់លោក សម រង្ស៊ី វិញ លោក ឡេង ប៉េងឡុង បញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងធ្វើលិខិតចម្លើយជូនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅពេលក្រោយ ពីព្រោះសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនមានការឯកភាពគ្នានៅក្នុងកិច្ចប្រជុំនោះឡើយ។ លោក ឡេង ប៉េងឡុង ពន្យល់ថា ការផ្តល់សុពលភាពជូនលោក សម រង្ស៊ី ដោយសារតែនៅពេលនោះ រដ្ឋសភាមិនដឹងអំពីការសម្រេចរបស់តុលាការទៅលើករណីរបស់លោក សម រង្ស៊ី៖ «»។
ចំណែកនីតិវិធីដែលរដ្ឋសភាអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីលើតំណាងរាស្ត្រមានអភ័យឯកសិទ្ធិវិញ លោក ឡេង ប៉េងឡុង បញ្ជាក់ថា រដ្ឋសភាយោងទៅតាមប្រការ៤១ នៃបទបញ្ជាផ្ទៃក្នុងសភា ដែលចែងអំពីសំឡេងភាគច្រើននៃសមាជិកសភាត្រូវចាត់ទុកជាបានការ។
ទោះបីជាយ៉ាងណា លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទ្ធិ ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ មិនបានឯកភាពលើរបៀបវារៈទី២ និងទី៣ នោះទេ ដោយសំអាងថា វាផ្ទុយទៅនឹងច្បាប់ និងស្មារតីនៃរដ្ឋធម្មនុញ្ញដែលចែងអំពីអភ័យឯកសិទ្ធិសភា មិនអាចរំលោភបំពានបាន៖ «»។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ទៀតថា បើទោះជាមានការខ្វែងគំនិតគ្នាក្នុងការបកស្រាយក៏ដោយ ក៏ពួកលោកនៅតែព្យាយាមតស៊ូមតិតទៅទៀត ដើម្បីឲ្យមានការយល់គ្នារវាងសមាជិកសភាគណបក្សជាប់ឆ្នោតទាំងពីរ។
មាត្រា៨០ នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង៕