
2016-07-22 RFA
មន្ត្រីសង្គមស៊ីវិល ខេត្តព្រះសីហនុ អំពាវនាវដល់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិសេសប្រមុខរាជរដ្ឋាភិបាល ជួយការពារដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋាភិបាលបម្រុងទុក។ ពួកគេស្នើអោយនិរាករណ៍ ឬរំលាយប័ណ្ណកម្មសិទ្ធិដែលឯកជនទន្ទ្រានកាន់កាប់ និងឃុបឃិតធ្វើប្លង់រំលោភយកនោះ ដើម្បីយកដីមកដាំកូនឈើឡើងវិញ។
សារអំពាវនាវរបស់មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលការអភិវឌ្ឍសង្គមបែបនេះ នៅគ្រាកើតមានជម្លោះដណ្ដើមកាន់កាប់ដីបរិវេណគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នាចុងឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា។ ជម្លោះនោះកើតឡើងរវាងតំណាងភាគី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ លោកឧកញ៉ា ស៊ី គង់ទ្រីវ និងលោកស្រី រ៉ែម ផលចាន់ល្លី បានផ្ទុះឡើង។
ផ្តើមពីជម្លោះកាន់កាប់ដីរដ្ឋ ឬដីគម្របព្រៃឈើឆ្នាំ២០០២នេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ទទូចដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ជាដើម ត្រូវអន្តរាគមន៍រឹបអូសដីគម្របព្រៃឈើឆ្នាំ២០០២ ដែលត្រូវបុគ្គលមួយចំនួនទន្ទ្រានកាន់កាប់ និងបានធ្វើប្លង់កម្មសិទ្ធិរំលោភយកត្រូវរឹបអូស ឬនិរាករណ៍ប្លង់កម្មសិទ្ធិទាំងនោះ ដើម្បីយកដីទាំងតាំងកាប់រាននោះទុកសម្រាប់ដាំកូនឈើឡើងវិញ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ផ្ដល់ទស្សនៈថា បើរដ្ឋាភិបាលមិនរឹបអូសយកដីគម្របព្រៃឈើ ដែលរានកាន់កាប់អនាធិបតេយ្យមករដ្ឋគ្រប់គ្រង និងដាំដើមឈើឡើងវិញទេ ទំនាស់កាន់កាប់ដីធ្លីក្នុងតំបន់នេះ នឹងកើតមានកាន់តែច្រើន និងធ្ងន់ធ្ងរថែមទៀត ហើយនឹងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍នៅតាមតំបន់ឆ្នេរខេត្តព្រះសីហនុ នៅថ្ងៃអនាគត៖ «រាជរដ្ឋាភិបាលលោកគួរតែអភិរក្សដាំកូនដើមឈើ និងឈើប្រណិតផ្សេងៗ នៅក្នុងបរិវេណដីគម្របព្រៃឈើនៅចុងឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ក្នុងភូមិគគីរ ឃុំបិតត្រាំង ដែលត្រូវទន្ទ្រានកាន់កាប់អនាធិបតេយ្យឡើងវិញ ពីព្រោះតាមការអះអាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍លើកឡើងក្នុងកិច្ចប្រជុំនាសាលាខេត្តព្រះសីហនុថ្មីៗនេះ លោកបានបញ្ជាក់ថា ដើម្បីឲ្យឆ្នេរសមុទ្រកម្ពុជា ស្អាត និងមានសោភណភាពស្រស់ត្រកាលនៅលើពិភពលោក គឺគប្បីត្រូវតែមានគម្របព្រៃឈើដាំនៅតាមឆ្នេរសមុទ្រឲ្យបានច្រើន ព្រោះនៅតាមបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក គឺបណ្ដាប្រទេសទាំងនោះបានដាំដើមឈើនៅតាមឆ្នេរឡើងវិញទាំងអស់ ហើយចំណែកឆ្នេរកម្ពុជា ដែលមានព្រៃឈើស្រាប់ មិនគួរអនុញ្ញាតឲ្យមានបុគ្គលមកបំផ្លាញនោះទេ»។
ស្ត្រីឈ្មោះ រ៉ែម ផលចាន់ល្លី បានអះអាងថា រូបគាត់បានទិញដីមានទំហំ ៧ហិកតារកន្លះ កាលពីឆ្នាំ២០០៨ ពីប្រជាពលរដ្ឋរស់នៅភូមិគគីរ ឃុំបិតត្រាំង ចំនួន ៣គ្រួសារ ដោយមានឯកសារទទួលស្គាល់ពីអាជ្ញាធរ ភូមិឃុំនេះត្រឹមត្រូវ កាលពីឆ្នាំ១៩៩៨។ លោកស្រីមានចម្ងល់ថា ហេតុអ្វីបានជាលោក អ៊ឹម សែនសម្បត្តិ ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានព្រំដែនទឹក ទទួលបន្ទុកអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដែលទទួលមើលដីឲ្យលោក នេត សាវឿន បាននាំកម្មករមកសង់ផ្ទះ និងធ្វើរបងហ៊ុមព័ទ្ធលើដីគាត់ទៅវិញ។
ស្ត្រីរូបនេះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌ និងតាមដានសំណុំរឿងដីធ្លីរវាងប្រជាពលរដ្ឋសាមញ្ញជាមួយមន្ត្រីមានអំណាច និងឧកញ៉ាមានទ្រព្យ ដើម្បីឲ្យទទួលបានយុត្តិធម៌ទាំងសងខាង៖ «នាងខ្ញុំបានទិញដីនៅលើទីតាំងភូមិគគីរ ឃុំបិតត្រាំងនេះ មានទំហំចំនួន ៧ហិកតារកន្លះ ហើយមានព្រំប្រទល់ខាងកើតជាប់ជាមួយព្រំដីរបស់ឯកឧត្ដម សែម គីថៃ ខាងលិចជាប់ជាមួយព្រំដី លោក ឃុន រឿប និងខាងជើងជាប់នឹងអូរ ហើយខាងត្បូងជាប់ជាមួយឯកឧត្ដម នេត សាវឿន អគ្គស្នងការនគរបាលជាតិ គឺខ្ញុំមានឯកសារបញ្ជាក់ទិញលក់ត្រឹមត្រូវ»។
ទាក់ទិនបញ្ហានេះ លោក អ៊ឹម សែនសម្បត្តិ ជាអនុប្រធាននាយកដ្ឋានព្រំដែនទឹកទទួលបន្ទុកអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដែលទទួលកាងមើលដីឲ្យក្រុមគ្រួសារ លោក នេត សាវឿន ឆ្លើយបំភ្លឺតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរីថា ដីដែលមានការតវ៉ានេះ ជាកម្មសិទ្ធិរបស់ក្រុមគ្រួសារលោក នេត សាវឿន ហើយមានប្លង់កម្មសិទ្ធិស្របច្បាប់ មានទំហំជិត ២៥ហិកតារ។ លោកចោទស្រីឈ្មោះ រ៉ែម ផលចាន់ល្លី ថាជាជនអនាធិបតេយ្យ ប៉ុនប៉ងរំលោភយកដីមេដឹកនាំខ្លួនដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។
ទោះជាបែបនេះក្ដី ស្ត្រីឈ្មោះ រ៉ែម ផលចាន់ល្លី ជាប្រជាពលរដ្ឋម្នាក់ បានចោទថា កាលពីថ្ងៃទី២១ ខែកក្កដា មានកម្លាំងនគរបាលមកពីអធិការស្រុកព្រៃនប់ ជាច្រើននាក់ បានប៉ុនប៉ងចាប់ខ្លួនលោកស្រីដែលតវ៉ាស្នើឲ្យក្រុមកម្មករផ្អាកសកម្មភាពធ្វើរបងថ្ម សង់ផ្ទះនៅលើដីដែលលោកស្រីអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួនជាបណ្ដោះអាសន្ន រង់ចាំដំណោះស្រាយពីអាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ ជាមុនសិន។
សំណុំរឿងនេះ លោកស្រី ចាន់ផល្លី បញ្ជាក់ថា លោក កុល ផល្លី ស្នងការរងនគរបាលខេត្តព្រះសីហនុ និងលោក អ៊ឹម សែនសម្បត្តិ ជាដើម ជាអ្នកនៅពីក្រោយការដឹកនាំកម្លាំងប៉ុនប៉ងចាប់ខ្លួនលោកស្រីលើទំនាស់ដីធ្លីនេះ៖ «ហើយបង្គោលដែលកំពុងបោះនៅលើព្រំដីរបស់ខ្ញុំនេះ គឺកូនចៅរបស់លោក អ៊ឹម សែនសម្បត្តិ ជាអ្នកធ្វើរបងថ្ម និងសង់ផ្ទះនៅលើដីខ្ញុំជាក់ស្ដែង ហើយកាលពីថ្ងៃទី២១ ខែកក្កដា ខ្ញុំបានមកហាមមិនឲ្យបណ្ដុះបង្គោលរបងថ្ម និងសង់ផ្ទះ នៅលើដីខ្ញុំនេះទេ ប៉ុន្តែបែរជាក្រុមការងាររបស់គាត់ និងរូបគាត់បានបញ្ជាឲ្យកម្លាំងនគរបាលចុះមកចាប់ខ្លួនខ្ញុំទៅវិញ។ ពេលនេះ ខ្ញុំចង់បង្ហាញអំពីឯកសារផ្លូវច្បាប់ដល់រូបគាត់ជាមុន នៅពេលរដ្ឋបាលខេត្តនេះបានសាងសង់ផ្លូវថ្មីកាត់តាមដីនៅតំបន់ទីតាំងដីខ្ញុំ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ប៉ុន្តែនៅពេលខ្ញុំមកហាមឃាត់ការធ្វើសំណង់ បែរជាបញ្ជូនកម្លាំងមករកចាប់ខ្លួនខ្ញុំទៅវិញ ហើយពេលនេះ ខ្ញុំបានប្ដឹងករណីនេះទៅអាជ្ញាធរខេត្តជួយដោះស្រាយ»។
នាយករងអន្តរវិស័យសាលាខេត្តព្រះសីហនុ លោក អ៊ី ធារិន ដែលបានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងកើតមានទំនាស់រវាងតំណាងភាគីលោក នេត សាវឿន លោកឧកញ៉ា ស៊ី គង់ទ្រីវ និងស្ត្រីឈ្មោះ រ៉ែម ចាន់ផល្លី កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា។ លោកស្នើមិនទាន់ធ្វើអត្ថាធិប្បាយច្រើនទេលើជម្លោះនេះ ដោយបញ្ជាក់ខ្លីថា នឹងអញ្ជើញតំណាងគូភាគីទំនាស់ទាំង៣ ទៅជួបពិភាក្សាគ្នានៅថ្នាក់ខេត្តនាថ្ងៃខាងមុខ ដើម្បីឈានដល់រកដំណោះស្រាយដោយសន្តិវិធី៖ «តាមខ្ញុំដឹង គឺដីរបស់លោកឧកញ៉ា ស៊ី គង់ទ្រីវ និងដីរបស់ឯកឧត្ដម លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិគឺមានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែដីអ្នកស្រី រ៉ែម ផលចាន់ល្លី មិនទាន់មានប្លង់កម្មសិទ្ធិទេ គឺមានតែលិខិតទិញលក់។ ដូច្នេះតាមឯកសារពាក់ព័ន្ធដែលក្រុមការងារយើងបានចុះមកពិនិត្យផ្ទាល់ដល់ទីតាំងទំនាស់នេះទៅតាមបណ្ដឹងរបស់អ្នកស្រី រ៉ែម ផលចាន់ល្លី គឺក្រុមការងារថ្នាក់ខេត្តមិនទាន់អាចចុះវាស់វែងកំណត់ព្រំដែនថា បែបណានោះទេ ដោយខ្វះសមាសភាពមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធឲ្យបានគ្រប់ចំនួននៅឡើយទេ។ ហេតុដូច្នេះពេលនេះក្រុមការងារយើងបានស្នើឲ្យភាគីទាំងពីរ ដែលកំពុងធ្វើការសាងសង់សំណង់ផ្សេងៗ នៅលើដីទំនាស់នេះ ត្រូវផ្អាកការសាងសង់សំណង់របស់ខ្លួនជាបណ្ដោះអាសន្ន និងរង់ចាំប្រមូលឯកសារពាក់ព័ន្ធពីភាគីទំនាស់ ដើម្បីឈានទៅដោះស្រាយនៅលើតុ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ»។
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម ព្រមានថា ប្រសិនបើរដ្ឋបាលខេត្តព្រះសីហនុ មិនទប់ស្កាត់បទល្មើសកាប់រានព្រៃឈើនាបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ក្នុងតំបន់រដ្ឋហាមឃាត់ ឬឈានដល់និរាករណ៍ប្លង់កម្មសិទ្ធិដីធ្លីពីឯកជន ឬមន្ត្រីមានអំណាចនាចុងឆ្នេរអូរត្រេះ ឬតំបន់ពយម៉ាចូវ ជាប់ឆ្នេរសមុទ្រខេត្តនេះឲ្យឆាប់ទេ ដីគម្របព្រៃឈើនាមូលដ្ឋាននេះនឹងត្រូវបំផ្លាញ៕