
ដោយ សេក បណ្ឌិត និង ម៉ៅ សុធានី RFA 2016-07-28
គណបក្សប្រឆាំងនៅតែបន្តចោទប្រកាន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនជាង ៣០ឆ្នាំមកហើយនោះថា មិនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ កក្កដា អំពាវនាវឲ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្ដីពីកម្ពុជា នោះត្រូវតែមានប្រតិកម្មចំពោះការដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានដឹកនាំប្រទេសឲ្យឃ្លាតចាកឆ្ងាយពីកន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងបញ្ហាដទៃទៀតដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងនោះ៖ «ហើយមិនមែនគ្រាន់តែសិទ្ធិនៃប្រទេសជាម្ចាស់ហត្ថលេខីទាំងអស់នោះទេ គឺជាកាតព្វកិច្ចក្នុងការជំរុញឲ្យរដ្ឋាភិបាលកម្ពុជា វិល មករកផ្លូវប្រជាធិបតេយ្យវិញ ព្រោះយើងបានចុះហត្ថលេខាជាមួយគ្នារួចហើយកាលពីថ្ងៃ២៣ តុលា ១៩៩១»។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបចំពោះការចោទប្រកាន់បាននៅឡើយពីមន្ត្រីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃ២៨ ខែកក្កដា។
ស្ថាប័នអន្តរជាតិដែលឃ្លាំមើលអំពីបញ្ហាប្រទេសកម្ពុជា អះអាងដែរថា នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងត្រូវនាំគ្នាទាមទារឲ្យលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះការរំលោភបំពាននេះ។
អតីតអ្នកកាសែតវ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) និងជាម្ចាស់សៀវភៅដែលមានចំណងជើងថា ពេលសង្គ្រាមបញ្ចប់ទៅ អ្នកស្រី អេលីហ្សាប៊ែត បេកឃើរ (Elizabeth Becker) ថ្លែងថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាយន្តការអន្តរជាតិដ៏ធំមួយក្នុងការតម្រូវឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
អ្នកស្រី ពុង ឈីវកេក ជំរុញឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសល្អជាងនេះ
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អ្នកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ក្នុងឱកាសទទួលបានពានរង្វាន់កិត្តិយសកាលពីថ្ងៃទី២៨ ខែកក្កដា បានជំរុញឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានល្អប្រសើរជាងនេះ។ អ្នកស្រីសម្ដែងការសោកស្ដាយ ដែលរហូតមកដល់បច្ចុប្បន្ន កិច្ចព្រមព្រៀងសន្តិភាពនេះនៅមិនទាន់អនុវត្តឲ្យបានត្រឹមត្រូវនៅឡើយ។
អ្នកស្រី ពុង ឈីវកេក គឺជាឥស្សរជនមួយរូបដែលបានខ្នះខ្នែង និងជំរុញឲ្យមានជំនួបរវាងលោក ហ៊ុន សែន និងសម្តេចព្រះនរោត្តម សីហនុ ដើម្បីឈានដល់ការបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អ្នកស្រីអះអាងថា ភាគីពាក់ព័ន្ធអន្តរជាតិ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បានផ្ដល់ជំនួយគ្រប់បែបយ៉ាងដល់កម្ពុជា ជាបន្តបន្ទាប់ ដូចនេះភាគីកម្ពុជា មានតួនាទីសំខាន់ណាស់ ដើម្បីអនុវត្តគោលការណ៍ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យមានប្រសិទ្ធភាព៖ «ជាការពិតហើយ ខ្ញុំមានការសោកស្ដាយដែរ ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាំងពី៩១ រហូតដល់ឥឡូវ យើងមិនទាន់បានគោរពឲ្យបានត្រឹមត្រូវ។ ខ្ញុំចង់ឲ្យយកកិច្ចព្រមព្រៀងនេះមកអនុវត្តឲ្យបានល្អជាងនេះ ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាយើង។ អ្នកដែលបានចុះហត្ថលេខាគេថា ជួយយើង ឥឡូវគេជួយហើយ គេជួយអភិវឌ្ឍប្រទេស គេផ្ដល់ជំនួយដល់កម្ពុជា ចាប់ពីឆ្នាំ១៩៩៣មក។ ប៉ុន្តែធំបំផុត ខ្ញុំជឿជាក់ថា ខ្មែរត្រូវជួយខ្មែរក្នុងការអនុវត្តច្បាប់ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺនៅលើដៃប្រទេសកម្ពុជាយើង...»។
រដ្ឋាភិបាលប្រទេសបារាំង ផ្ដល់ពានរង្វាន់កិត្តិយសដល់អ្នកស្រី ពុង ឈីវកេក ចំពោះការលះបង់របស់អ្នកស្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព សេរីភាព និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ប្រទេសបារាំង គឺជាប្រទេសហត្ថលេខីមួយក្នុងចំណោមប្រទេសចំនួន១៩ រួមមានវៀតណាម ឡាវ ថៃ សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស កាណាដា ជាដើម ដែលជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។ ក្រុមប្រទេសទាំងនេះសន្យាថា នឹងជួយជ្រោមជ្រែងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការគោរពសិទ្ធិមនុស្ស និងបញ្ហាជាច្រើនទៀត។
តួអង្គសំខាន់ក្នុងកិច្ចព្រមព្រៀងនេះរួមមាន ភាគីរដ្ឋកម្ពុជា នៃរដ្ឋាភិបាលក្រុងភ្នំពេញ ដែលតំណាងដោយលោក ហ៊ុន សែន ភាគីលោក សឺន សាន ប្រធានគណបក្សសេរីនិយមព្រះពុទ្ធសាសនា ភាគីសម្ដេចព្រះ នរោត្ដម សីហនុ និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ខៀវ សំផន ភាគីខ្មែរក្រហម។ ភាគីទាំងនេះបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិលក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ៕