Quantcast
Viewing all articles
Browse latest Browse all 40045

បទល្មើស​នេសាទ​ស្បៃមុង​ចាប់​កូន​ត្រី​ធ្វើ​ចំណី​ត្រី​ឆ្ដោរ​នៅ​ខេត្ត​កំពង់ឆ្នាំង

Image may be NSFW.
Clik here to view.
ប្រជា​នេសាទ​បង់​សំណាញ់​នៅ​ខ្នង​ទំនប់​បារាំង​ផ្សារ​ក្រោម ឋិត​នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Chin Chetha


ដោយ ជិន ជេដ្ឋា RFA 2016-07-29

សហគមន៍​នេសាទ​នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អះអាង​ថា បទល្មើស​ស្បៃ​មុង​កើត​មាន​ច្រើន​ក្នុង​រដូវ​ទឹក​ឡើង​នៅ​តាម​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​នេះ។ មន្ត្រី​រដ្ឋបាល​ជលផល​ទទួល​ស្គាល់​ថា តំបន់​នោះ​អាច​កើត​មាន​បទល្មើស​ប្រភេទ​នេះ​ខ្លះ​មែន ដោយសារ​ឋិត​នៅ​តំបន់​ចុងកាត់មាត់ញក​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ចាម និង​ខេត្ត​កណ្ដាល តែ​បាន​ចុះ​បង្ក្រាប​ជា​ប្រចាំ។

ពលរដ្ឋ និង​សមាជិក​សហគមន៍​នេសាទ​នៅ​ឃុំ​អំពិលទឹក ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា លូ​ស្បៃ​មុង​នៅ​ភូមិ​ស្ទឹងស្ងួត ប្រមាណ ៦០​មាត់ និង​នៅ​ភូមិ​ពីរ​ទៀត​គឺ​ស្ដីបន្លិច និង​ភូមិ​អំពិលទឹក ជា​ច្រើន​មាត់​ទៀត ត្រូវ​គេ​ដាក់​ចាប់​កូន​ត្រី​ជា​រៀង​រាល់ថ្ងៃ។ ពួកគេ​ថា បទល្មើស​អាច​កើត​មាន​កាន់​តែ​ច្រើន ព្រោះ​ពលរដ្ឋ​នៅ​តំបន់​នេះ​ងាក​មក​ចិញ្ចឹម​ត្រី​ឆ្ដោរ​កាន់​តែ​ច្រើន ហើយ​ដាក់​ស្បៃ​មុង​ប្រមូល​យក​ត្រី​ល្អិតៗ​ទៅ​ធ្វើ​ចំណី​ត្រី​ឆ្ដោរ។

សមាជិក​សហគមន៍​នេសាទ​ភូមិ​ស្ទឹងស្ងួត ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​កើត​មាន​ច្រើន​នៅ​ក្នុង​ភូមិ​ទាំង​បី ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​បើក​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើង​វិញ។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​ជំនាញ​ជលផល​ទប់ស្កាត់​បទល្មើស​ដាក់​ស្បៃ​មុង​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​ទៅ​ធ្វើ​ចំណី​ត្រី​ឆ្ដោរ ដែល​អាច​បង្ក​មហន្តរាយ​ដល់​ពូជ​ត្រី​ចម្រុះ​ធម្មជាតិ៖ «អ្នក​ដែល​ល្មើសៗ​ហ្នឹង អាង​ខាង​ជលផល យក​លុយ​ទៅ​សូកប៉ាន់​ឲ្យ​ជលផល​បន្តិចបន្តួច ហើយ​ខាង​សហគមន៍​ខ្ញុំ​ឃើញ​បាន​រាយការណ៍​ទៅ​ដែរ តែ​គេ​មិន​មក​ធ្វើ​អន្តរាគមន៍​អ្វី​សោះ​គ្រាន់​តែ​អឺ​អើៗ។ (ជិន ជេដ្ឋា៖ ខាង​ជលផល​ហ្នឹង​គេ​យក​ក្នុង​មួយ​មាត់​ប៉ុន្មាន​ទៅ?) វា​អត់​ទៀងទាត់​ទេ​លោក​គ្រូ ជួនកាល​ទៅ ១០​ម៉ឺន ឬ ១៥​ម៉ឺន​ក្នុង​មួយ​រដូវ តែ​គ្រាន់​ថា ដល់​ថ្ងៃ​ណា​គេ​ចុះ​មក​គេ​ផ្ដល់​ដំណឹង​ឲ្យ​សារ​ដល់​សារ​អត់​ទាន់​គេ​ដដែលៗ ប៉ុន្តែ​ឥឡូវ​នេះ​វា​មិន​ទាន់​ចុះ​ធ្វើ​ដល់​អ៊ីចឹង»។

ឆ្លើយ​តប​បញ្ហា​នេះ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ថ្លែង​ថា មន្ត្រី​ជំនាញ​លោក​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​អភិរក្ស​ធនធាន​ជលផល និង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​នៅ​ក្នុង​រដូវ​បិទ​នេសាទ។ ចំពោះ​បទល្មើស​ដាក់​លូ​ស្បៃ​មុង​នៅ​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច អាច​កើត​មាន​ខ្លះ​មែន​នៅ​តាម​កន្លុកកន្លៀត ដែល​ជំនាញ​លោក​ចុះ​ទៅ​កម្រ​នឹង​ជួប៖ «ភូមិ​ហ្នឹង​នៅ​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ចាម និង​ខេត្ត​កណ្ដាល ដល់​អ៊ីចឹង​ជួនកាល​ខ្ញុំ​ធ្វើ​ខាង​ខ្ញុំ​អស់​ហើយ តែ​ទឹក​ដី​គេ​ខុស​ពី​ខ្ញុំ​អ៊ីចឹង ខ្ញុំ​មិន​លូក​ទៅ​បាន​ទេ។ ខ្ញុំ​មិន​ឆ្លើយ​ដាក់​គេ​ទេ! លុះ​ត្រា​តែ​ខាង​កំពង់ចាម ជួយ​ទប់ស្កាត់​ខាង​ណោះ​មក ខ្ញុំ​ទៅ​ខាង​នេះ​ទៅ ទើប​បទល្មើស​វា​ធូរ​ស្បើយ»។

លោក សោម ភិរុណ បញ្ជាក់​ថា បច្ចុប្បន្ន​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើង​វិញ។ ចំពោះ​ប្រភព​ចំណី​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដែល​ពលរដ្ឋ​ម្ចាស់​ស្រះ​ប្រមូល​មក​ពី​ណា​នោះ​លោក​មិន​ដឹង​ឡើយ ប៉ុន្តែ​ការ​ប្រើ​ឧបករណ៍​លូ​ស្បៃ​មុង​ចាប់​ត្រី​ល្អិត​ពី​ក្នុង​បឹង​ទន្លេសាប​មក​ធ្វើ​ជា​ចំណី​នោះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​ដែល​ខាង​លោក​ត្រូវ​តែ​បង្ក្រាប។

មន្ត្រី​សម្របសម្រួល​សហគមន៍ នៃ​អង្គការ​ហ្វេក (Fact) លោក អ៊ុក សុផាត យល់​ថា ការ​បើក​ឲ្យ​មាន​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​ឡើង​វិញ គឺ​អាច​ប៉ះពាល់​ដល់​ប្រភព​ត្រី​ធម្មជាតិ។ លោក​ជឿ​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ដោយ​ផ្ដល់​ចំណី​ពី​រោងចក្រ​ផលិត ឬ​ចំណី​សិប្បនិម្មិត​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​នោះ​ទេ ដូច្នេះ​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នឹង​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​ចាប់​ត្រី​ល្អិតៗ ក្នុង​បឹង​ធម្មជាតិ​ទៅ​ធ្វើ​ជា​ចំណី​ដែល​ច្បាប់​ជលផល​បាន​ហាមឃាត់​ដាច់​ខាត៕

Viewing all articles
Browse latest Browse all 40045

Trending Articles