Quantcast
Viewing all articles
Browse latest Browse all 40045

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​រិះគន់​អំពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​បញ្ជី​ដី​ជា​សមូហភាព

Image may be NSFW.
Clik here to view.
នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​កម្មសិទ្ធិ​ដីធ្លី ការ​ចុះ​បញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ និង​ការ​ចុះ​បញ្ជី​ដី​សមូហភាព នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៦។  RFA/Hang Savyouth


ដោយ​ ហង្ស សាវយុត RFA 2016-07-30

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី ព្រមទាំង​សហគមន៍ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ទៅ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​នៃ​ប្រទេស​កម្ពុជា ឱ្យ​បាន​ឆាប់រហ័ស។

ការ​ជំរុញ​ឱ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ឱ្យ​បាន​ឆាប់​រហ័ស​នោះ ដោយសារ​តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​ជាច្រើន​ត្រូវ​ការ​ដី​សហគមន៍​ជនជាតិ​ភាគតិច​តាម​តំបន់​ខ្លះ យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ និង​ជីវភាព​គ្រួសារ​របស់​ជនជាតិ​ភាគ​តិច​យ៉ាង​ខ្លាំង។

ជនជាតិ​ដើម​ភាគ​តិច​ខ្លះ​ដែល​មក​ពី​បណ្ដា​ខេត្ត​នៃ​ប្រទេស​កម្ពុជា បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ឱ្យ​សហគមន៍​ពួកគេ​បាន​ឆាប់​រហ័ស​នោះ​ទេ។

នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដីពី​កម្មសិទ្ធិ​ដីធ្លី ការ​ចុះ​បញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ និង​ការ​ចុះ​បញ្ជី​ដី​សមូហភាព ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត-​ក្រុង​ចំនួន ១៣ ចូលរួម​នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា កន្លង​ទៅ ពួកគេ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ដោយសារតែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រំលោភ​យក។

យុវជន​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់ មក​ពី​ខេត្ត​ព្រះវិហារ ក្នុង​ចំណោម​ជនជាតិ​ភាគ​តិច​ជា​ច្រើន​អំបូរ​ទៀត គឺ​លោក លួត សាំង។ លោក​មាន​ប្រសាសន៍​ថា រូប​គាត់​ក៏​ដូចជា​ជនជាតិ​ភាគ​តិច​ជា​ច្រើន​ទៀត គឺ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​តែ​នៅ​តំបន់​ដែល​ពួកគាត់​កំពុង​រស់​នៅ​គឺ​ក្រុមហ៊ុន​ចិន បាន​រំលោភ​យក​ដី​ខ្លះ​ទៅ​ធ្វើ​ជា​ចម្ការ​អំពៅ។

លោក លួត សាំង បញ្ជាក់​ថា ដោយសារតែ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​នេះ គឺ​ជា​ច្រើន​ខែ​មក​ហើយ​ជនជាតិភាគតិច​កួយ នៅ​ឃុំ​ប្រមេរ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ចុះ​បញ្ជី​ដី​ជា​សមូហភាព​ជូន​ពួកគេ ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិនសូវ​យកចិត្តទុកដាក់​ទេ គឺ​ពន្យារ​ពេល​រហូត​មក​ដល់​បច្ចុប្បន្ន៖ «ដំណើរ​ការ​ចុះ​បញ្ជី​ចំណាយ​រយៈពេល​វែង ហើយ​រដ្ឋាភិបាល​អត់​បាន​យកចិត្តទុកដាក់ នៅ​ពេល​ជនជាតិ​ភាគ​តិច​រៀបចំ​ចុះ​បញ្ជី​ដី​សមូហភាព​នោះ​ទេ»។

ក្នុង​សិក្ខា​សាលា​ដែល​មាន​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ជាង ២០​អង្គភាព ព្រមទាំង​មន្ត្រី​រដ្ឋាភិបាល​ចូលរួម​ផង​នោះ សង្គម​ស៊ីវិល​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​ជា​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ឱ្យ​បាន​ឆាប់​រហ័ស​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិន​មែន​រដ្ឋាភិបាល (NGO Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​បញ្ជី​ដី​ជា​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ភាគ​តិច​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាមកំហែង​ទៅ​លើ​ការ​បាត់បង់​ដីធ្លី ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​ផង។

លោក តឹក វណ្ណារ៉ា បញ្ជាក់​ទៀត​ថា កន្លងទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​មាន​ជម្លោះ​ជាមួយ​ជនជាតិ​ដើម​ភាគតិច ដូចជា​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ក្រុមហ៊ុន​ចិន បាន​ឈូស​ឆាយ​ដី​របស់​ជនជាតិ​ដើម​ភាគតិច​យក​ទៅ​ដាំ​អំពៅ នៅ​ប៊ូស្រា ខេត្ត​រតនគិរី ក៏​មាន​បញ្ហា។ ករណី​ទាក់ទង​នឹង​ចក់ចារ នៅ​ខេត្ត​មណ្ឌលគិរី នៅ​ខេត្ត​ស្ទឹងត្រែង និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​កោះកុង ជាដើម សុទ្ធតែ​ប៉ះពាល់​ទៅ​លើ​តំបន់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច៖ «យើង​ស្នើ​ឱ្យ​រដ្ឋាភិបាល អាច​ធ្វើ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​ជនជាតិ​ដើម​ភាគតិច​បាន​កាន់តែ​លឿន​កាន់​តែ​ល្អ»។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​ទាំង​នោះ​ថា រដ្ឋាភិបាល​មិន​ដែល​ព្រងើយកន្តើយ​លើ​កិច្ច​ការពារ​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ទេ។

អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សៀក វណ្ណា ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​ឆ្នាំ​២០០៩ មក គឺ​រដ្ឋាភិបាល​បាន​រៀបចំ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​សាកល្បង​ហើយ​រហូត​មក​ដល់​ឆ្នាំ​២០១៣ គឺ​ការ​សាកល្បង​ចុះ​បញ្ជី​ដី​ជនជាតិ​ភាគ​តិច​នោះ​បាន​លទ្ធផល​ខ្លះៗ។

លោក សៀក វណ្ណា មាន​ប្រសាសន៍​ថា ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគ​តិច​កន្លង​មក​មាន​ការ​ពិបាក​ទទួល​ស្គាល់​សហគមន៍​ជា​នីតិបុគ្គល ពីព្រោះ​សហគមន៍​ខ្លះ​មិន​ទាន់​បាន​រៀបចំ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​ដើម្បី​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ទទួល​ស្គាល់​ពួកគេ​ជា​នីតិបុគ្គល​នៅ​ឡើយ៖ «ជា​សកម្មភាព​ចម្បង​របស់​ក្រសួង​ដែនដី មាន​តួនាទី​ត្រូវតែ​ធានា​ការពារ​កម្មសិទ្ធិ និង​សិទ្ធិ​ផ្សេង​ទៀត​ដើម្បី​ការពារ​ដីធ្លី​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា»។

មន្ត្រី​កម្មវិធី​ដីធ្លី​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ឡាត់ គី មាន​ប្រសាសន៍​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​ជន​ជាតិ​ដើម​ភាគ​តិច​នោះ គឺ​ក្រសួង​ចំនួន ៣ មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​មហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក ឡាត់ គី បាន​មើល​ឃើញ​ថា តាម​ការសង្កេត​គឺ​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​ជនជាតិ​ដើម​ភាគតិច បណ្ដាល​មក​ពី​កញ្ចប់​ថវិកា​របស់​រដ្ឋ​សម្រាប់​បំពេញ​ការងារ​នោះ​នៅ​មាន​កម្រិត​នៅ​ឡើយ៖ «មិន​ថា​តាម​ការ​ប្រជុំ តាម​រយៈ​សិក្ខាសាលា ខ្ញុំ​តែងតែ​ស្នើ​សុំ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​កំណត់​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ភាគ​តិច​ឱ្យ​បាន​ច្បាស់ ជា​ពិសេស​គឺ​កំណត់​រយៈពេល​ក្នុង​ការ​ដំណើរ​ការ»។

អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​រក​ឃើញ​ជនជាតិ​ភាគ​តិច​នៅ​កម្ពុជា មាន​ការ​រស់នៅ​ប្រមូលផ្ដុំ​ជាង ៥០០​សហគមន៍ ហើយ​មាន​ប្រមាណ ២៧​អំបូរ​ផ្សេងៗ​គ្នា។

បច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទើបតែ​បាន​ទទួល​ស្គាល់​សហគមន៍​ជនជាតិ​ភាគ​តិច​ជា​នីតិបុគ្គល​បាន ១១៧​សហគមន៍ ហើយ​ក្នុង​ចំណោម​សហគមន៍​ដែល​ទទួលស្គាល់​ជា​នីតិបុគ្គល​រួច​ហើយ​នោះ គឺ​មាន​សហគមន៍​តែ ៤៥​ប៉ុណ្ណោះ ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>