Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រកាស​យក​ថ្ងៃ​ទី​១០​កក្កដា​ជា​ទិវា​សេរីភាព​បញ្ចេញ​មតិ

$
0
0
ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ថ្លែង​ក្នុង​ខួប​១​ឆ្នាំ​នៃ​គណបក្ស នា​ទីស្នាក់ការ​កណ្ដាល ឋិត​នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ ថា កិត្យា RFA 2016-08-02

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ប្រកាស​ថា​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​កំណត់​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​ថ្ងៃ​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នោះ ជា​ទិវា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ រីឯ​មន្ត្រី​រដ្ឋាភិបាល​ថា ជា​គោលការណ៍ ប្រជាជន​ខ្មែរ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដើម្បី​រៀបចំ​ពិធី​ណា​មួយ ប៉ុន្តែ​ត្រូវ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ។

ការ​ប្រកាស​កំណត់​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​ទិវា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ថ្ងៃ​ទី​២ ខែ​សីហា នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ មាន​ប្រសាសន៍​ថា ប្រជាជន​ជាច្រើន​បាន​ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ជា​វីរជន​នៃ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា។ ម្ល៉ោះ​ហើយ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​យក​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​ទិវា​នៃ​សេរីភាព​បញ្ចេញ​មតិ៖ «»។
លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ដ៏​ល្បី​នៅ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ក្នុង​ស្តារ​ម៉ាត (Star Mart) ស្តុប​បូកគោ កណ្ដាល​ទីក្រុង​ភ្នំពេញ។

ក្រៅ​ពី​យក​ថ្ងៃ​ទី​១០ កក្កដា ជា​ទិវា​នៃ​សេរីភាព​បញ្ចេញ​មតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​ប្រកាស​សាងសង់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន​ឆាប់​រហ័ស ព្រោះ​ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ​មាន​ភស្តុតាង​ជាច្រើន​នៅ​ក្នុង​ស្តារ​ម៉ាត​នោះ មាន​កាមេរ៉ា​សុវត្ថិភាព​ទាំង​ក្នុង ទាំង​ក្រៅ និង​នៅ​តាម​ជ្រុង​ផ្សេងៗ​ទៀត។

យ៉ាង​ណា​ក៏ដោយ​ចុះ មក​ដល់​ពេល​នេះ អាជ្ញាធរ​គ្មាន​ពាក្យ​អ្វី​ថ្មី​ក្រៅ​តែ​ពី​ប្រើ​ពាក្យ​កំពុង​ស្រាវជ្រាវ ដូច​ករណី​ឃាតកម្ម​លើ​មនុស្ស​សំខាន់ៗ​ពី​មុន​ដែរ​នោះ​ទេ។

ចំពោះ​សំណើ​សុំ​យក​ថ្ងៃ​ទី​១០ កក្កដា ជា​ទិវា​នៃ​សេរីភាព​បញ្ចេញ​មតិ​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ជួប​ជុំ​គ្នា​មិន​រំខាន​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​មិន​ប៉ះពាល់​ដល់​ច្បាប់ គឺ​នឹង​មិន​មាន​ការ​រំខាន​ពី​ខាង​សមត្ថកិច្ច​នោះ​ទេ៖ «»។

រីឯ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​យល់​ពី​តម្លៃ​របស់​លោក​បណ្ឌិត កែម ឡី នោះ គួរ​តែ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ទិវា​ពិសេស​ក្នុង​ថ្ងៃ​ឃាតកម្ម​នោះ ដើម្បី​ចងចាំ​នូវ​គំរូ​វីរភាព​របស់​លោក៖ «»។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន សន្និដ្ឋាន​ថា ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក ដូច​ការ​ចោទ​ប្រកាន់​កន្លង​មក​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ជឿជាក់​ថា ឃាតកម្ម​ដ៏​រន្ធត់​នេះ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការងារ​សង្គម​របស់​គាត់ ជាពិសេស​គឺ​ការ​វិភាគ​ត្រង់ៗ​ត្រូវ​ចំណុច៖ «»។

ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​គណបក្ស​ដែល​បង្កើត​ចេញ​ពី​អ្នក​ដឹកនាំ​មូលដ្ឋាន​មក​ពី ១០​ឃុំ-សង្កាត់ និង​ក្រុម​ការងារ​បណ្ដាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ ដែល​មាន​លោក​បណ្ឌិត កែម ឡី ជា​ស្ថាបនិក​ដ៏​សំខាន់​មួយ​រូប​ដែរ​នោះ ក៏​បាន​បង្ហាញ​ពី​គោល​នយោបាយ និង​សមិទ្ធផល​ការងារ​រយៈពេល​មួយ​ឆ្នាំ​របស់​ខ្លួន​ដែរ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ល្អ​ប្រកប​ដោយ​សីលធម៌​ល្អ ដល់​សមាជិក​បក្ស​នៅ​មូលដ្ឋាន​សរុប​ប្រមាណ ១.១៥៥​នាក់ និង​កសាង​មូលដ្ឋាន​គ្រឹះ​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស​យ៉ាង​មមាញឹក ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ ដោយ​បាន​ចំណាយ​ថវិកា​ប្រមាណ​ជាង ១៥៥​លាន​រៀល។

ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ខាង​មុខ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ជំនឿ​ថា មាន ២០​ឃុំ​នឹង​ឈ្នះ​ឆ្នោត​យ៉ាង​ប្រាកដ ហើយ​ក៏​បាន​ត្រៀម​គោល​នយោបាយ និង​យុទ្ធសាស្ត្រ ដើម្បី​ដណ្ដើម​សន្លឹក​ឆ្នោត​សម្រាប់​ឃុំ-សង្កាត់​ជាច្រើន​ទៀត​ដែរ។

គណបក្ស​ថ្មី​ស្រឡាង​មួយ​នេះ​មាន​គោល​នយោបាយ​អភិវឌ្ឍ​ជាតិ​ជា​អាទិភាព​ចំនួន ១០​ចំណុច និង​គោល​នយោបាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ភូមិ-ឃុំ​ចំនួន ១៦​ចំណុច ដោយ​សង្ខេប​នៅ​សល់ ៣​ចំណុច រួម​មាន​មេ​ភូមិ​មេ​ឃុំ​ល្អ គ្រូពេទ្យ គ្រូបង្រៀន គ្រូ​កសិកម្ម​ល្អ និង​នគរបាល​ល្អ។

ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់​ដឹកនាំ​មូលដ្ឋាន និង​ជា​អតីត​ប្រធាន​អង្គការ​សេដាក (CEDAC) លោក យ៉ង សាំងកុមារ ប្ដេជ្ញា​ថា បើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​នោះ លោក​ធានា​ថា ៣​ឆ្នាំ​ក្រោយ ប្រទេស​កម្ពុជា នឹង​មាន​ទឹក​មាន​ត្រី មាន​ព្រៃ​ឈើ​ឡើង​វិញ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>