Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​​ ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក កែម ឡី

$
0
0
សកម្មជន​ដីធ្លី​នៅ​​តំបន់​បឹងកក់​ធ្វើ​​យុទ្ធនាការ​ស្លៀកពាក់​​ខ្មៅ​កាលពី​ល្ងាច​ម្សិលមិញ​។ ហុង មិនា

ទូច សុខា ភ្នំពេញ​ប៉ុស្តិ៍​ Tue, 2 August 2016

 ភ្នំពេញៈ សកម្មជន​​ដីធ្លី​មួយ​ចំនួន​នៅ​តែ​បន្ត​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស និង​មន្ត្រី គជប ចំនួន​ ៥ រូប​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​ «អយុត្តិធម៌​» និង​បន្ថែម​សារ​ថ្មី​មួយ​ទៀត​គឺ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​វិភាគ​ល្បី​ឈ្មោះ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​កាលពី​ថ្ងៃ​ទី​ ១០​ ខែ​កក្កដា​។

សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់​អ្នកស្រី​ ទេព​ វន្នី បាន​ថ្លែង​ថា​ប្រជាសហគមន៍​របស់​អ្នកស្រី​ប្រហែល​ជា​ពី ៣០ ទៅ ១០០ នាក់​នៅ​តែ​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ​ក្រោយពី​បាន​ផ្អាក​ម្តង​កាលពី​សប្តាហ៍​មុន​ដោយ​មូលហេតុ​ថា​ចូលរួម​ហែ​សព​លោក កែម ឡី។

អ្នកស្រី​បន្ថែម​ថា​ទន្ទឹម​នឹង​ការ​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​អាដហុក និង​មន្ត្រី​ គ.ជ.ប ទាំង​ ៥ ​រូប​ពួក​អ្នកស្រី​ក៏​ទាមទារ​រក​យុត្តិធម៌​សម្រាប់​លោក​ កែម ឡី ​ដែល​ទើប​តែ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ផង​ដែរ។
អ្នកស្រី​ថ្លែង​បន្ត​ថា៖ «យើង​ទាមទារ​រក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត​ កែម ឡី គោរព​វិញ្ញាណក្ខន្ធ​គាត់​រៀង​រាល់​ល្ងាច​ថ្ងៃ​ចន្ទ​យើង​បញ្ចូល​សារ​ថ្មី​នេះ​មួយ​ទៀត...យុត្តិធម៌​របស់​លោក កែម ឡី ជា​យុត្តិធម៌​​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា»។

ជាមួយ​គ្នា​នេះ​ដែរ​នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា​លោក អៀង វុទ្ធី ឲ្យ​ដឹង​ដែរ​ថា​អ្នក​ដែល​ចង់​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​អាដហុក និង​ គ.ជ.ប នៅ​តែ​បន្ត​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​ថា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ផ្អាក​សកម្មភាព​នេះ​គឺជា​សិទ្ធិ​របស់​ពួក​គាត់។

លោក​បន្ថែម​ថា៖ «​ទោះបី​ជា​ពាក់​ ឬ​មិន​ពាក់​នោះ​ជា​រឿង​ធម្មតា​ទេ​ ធម្មតា​យើង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ៊ីចឹង​អាវ​ខ្មៅ​មិន​អាវ​ខ្មៅ​ជា​រឿង​មួយ​ដោយ​ឡែក យើង​ធ្វើការ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​យើង​នៅ​តែ​បន្ត​​​អំពាវនាវ​​ដល់​​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ម៉េច​ដោះស្រាយ​បញ្ហា​ហ្នឹង និង​ធ្វើ​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន»។

ប៉ុន្តែ​អ្នកស្រី​ ច្រាយ នីម ដែល​ធ្លាប់​​ដឹកនាំ​មនុស្ស​មួយ​ចំនួន​ក្នុង​សហគមន៍​បុរីកីឡា អេសអូអេស និង​អតីត​អ្នក​បឹងកក់​ចូលរួម​សកម្មភាព​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នា​ពេល​កន្លង​មក​បាន​​ថ្លែង​ថា​អ្នកស្រី​បាន​ផ្អាក​សកម្មភាព​របស់​ខ្លួន​ចាប់​ពី​សប្តាហ៍​នេះ​តទៅ​ដោយសារ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បន្ត​យុទ្ធនាការ។

អ្នកស្រី​ថា ​អ្នកស្រី​ចំណាយ​ថវិកា​​ផ្ទាល់​ខ្លួន​ប្រហែល​ជា​ ១០ ​ម៉ឺន​រៀល​សម្រាប់​យុទ្ធនាការ​ម្តង និង​ថា​ថវិកា​នេះ​បាន​ពី​អាជីវកម្ម​បោក​អ៊ុត​របស់​អ្នកស្រី។

ទោះ​យ៉ាង​ណា​អ្នកស្រី​ថា​អាជីវកម្ម​អ្នកស្រី​មិន​សូវ​ទទួល​បាន​អតិថិជន​ទៀត​ទេ​បន្ទាប់ពី​អ្នកស្រី​ចូលរួម​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ។

អ្នកស្រី​បន្ថែម​ថា៖ «ពេល​ដែល​ខ្ញុំ​ធ្វើ​យុទ្ធនាការ​អាវ​ខ្មៅ​មួយ​រយៈ​នេះ...ខ្ញុំ​បាត់បង់​អតិថិជន​ច្រើន​ដូចជា​ប៉ូលិស ទាហាន មន្ត្រី​រាជការ​មួយ​ចំនួន​ (គាត់) កាត់​បន្ថយ​មក​បោក​អ៊ុត​ដោយសារ​ខ្ញុំ​ចេញ​មុខ​ខ្លាំង​យុទ្ធនាការ​អាវ​ខ្មៅ​ហ្នឹង​គាត់​មិន​ហ៊ាន​មក​បោក​អ៊ុត​កន្លែង​ខ្ញុំ...អ្វី​ដែល​ខ្ញុំ​ជួប​ប្រទះ​គឺ​ជីវភាព​ដោយសារ​ធ្លាប់​រក​លុយ​បាន​ពី​បោកអ៊ុត​ក្នុង​មួយ​ថ្ងៃ​ពី​ ១០ ម៉ឺន​ទៅ​ ២០ ​ម៉ឺន​​រៀល​ក៏​មាន​ហើយ​ឥឡូវ​បាន​តែ​ ២ ម៉ឺន​រៀល​ក៏​មាន...​អ៊ីចឹង​ខ្ញុំ​ផ្អាក​បណ្តោះ​អាសន្ន​សិន​»​។

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​នេះ​ចាប់ផ្តើម​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​ ៩​ ខែ​ឧសភា ឆ្នាំ ២០១៦ ពោល​គឺ​មួយ​សប្តាហ៍​ក្រោយ​ពី​មាន​ការ​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​បួន​រូប និង​មន្រ្តី ​គ.ជ.ប មួយ​រូប​ទាំង​​ «អយុត្តិធម៌» ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់ និង​សមគំនិត​​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​ពាក់ព័ន្ធ​នឹង​​កញ្ញា​ ខុម ចាន់តារាទី​ហៅ​ ស្រីមុំ ដែល​​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក ​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ យ៉ាង​ណា​ក៏ដោយ​មជ្ឈដ្ឋាន​ជាច្រើន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​​​នេះ​ថា​ជា​រឿង​នយោបាយ​៕



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>