Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​បណ្ដឹង​លោក ហ៊ុន សែន

$
0
0
អ្នកស្រី ថាក់ ឡានី (ឆ្វេង) សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។  Photo supplied

ដោយ អ៊ុង សេរីវុទ្ធ RFA 2016-08-03

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី មក​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។

អ្នកនាំពាក្យ និង​ជា​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា បញ្ជាក់​ឲ្យ​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី​៣ សីហា ថា លោក​បាន​ចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាំង​ពី​ថ្ងៃ​ទី​១ សីហា។

លោក លី សុផាណា បន្ត​ថា ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​មក​បំភ្លឺ​នៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ខណៈ​អ្នកស្រី ថាក់ ឡានី ត្រូវ​មក​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា។ ដោយ​ឡែក លោក​មេធាវី គី តិច ក៏​នឹង​ត្រូវ​មក​បំភ្លឺ នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា។

កាល​ពី​ថ្ងៃ​ទី​១ សីហា លោក ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទង​នឹង​ការ​ចោទ​ថា រូប​លោក និង​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ លោក ហ៊ុន សែន តំណាង​ដោយ​មេធាវី​រដ្ឋាភិបាល លោក គី តិច ប្ដឹង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​អ្នកស្រី ថាក់ ឡានី តាម​ផ្លូវ​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់​ចំនួន ១០០​រៀល។

ចំពោះ​ករណី​អ្នកស្រី ថាក់ ឡានី កាល​ពី​ថ្ងៃ​ទី​២ សីហា លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​រូប​នេះ បើ​សិន​ជា​អ្នកស្រី​ហ៊ាន​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស ដោយ​លោក​ប្រកាស​ថា អ្នកស្រី ថាក់ ឡានី ត្រូវ​ត​ទល់​ជាមួយ​លោក​តាម​ផ្លូវ​ច្បាប់។

រហូត​មក​ដល់​ពេល​នេះ សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​ពី​ខាង​គណបក្ស​ប្រឆាំង​ចំនួន ២រូប​ហើយ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស គឺ​លោក ហុង សុខហ៊ួរ លោក អ៊ុំ សំអាន។ ចំណែក​មេ​បក្ស​គឺ លោក សម រង្ស៊ី នៅ​មិន​ហ៊ាន​ចូល​ស្រុក ត្បិត​លោក​កំពុង​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ជា​ច្រើន​ករណី។ ឯ​ប្រធាន​ស្ដីទី លោក កឹម សុខា វិញ ក៏​បន្ត​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​កណ្ដាល មិន​ហ៊ាន​ចេញ​ក្រៅ។ ដោយ​ឡែក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ទៀត គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ក៏​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ក្នុង​ករណី​ជាមួយ​លោក កឹម សុខា ដែរ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>