Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​សមត្ថកិច្ច​ចាត់​វិធានការ​អ្នក​ដក​ស្លាក​សញ្ញា​បក្ស

$
0
0
ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​ដក​ទុក​ចោល​នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided

ដោយ សូត សុខប្រាថ្នា RFA 2016-08-03

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ករណី​ដក​ស្លាក​សញ្ញា​គណបក្ស​ពីរ​ដង​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ជា​សកម្មភាព​ធ្វើ​ឡើង​ដោយ​ចេតនា​តែ​ម្តង។ ករណី​នេះ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ចាត់​វិធានការ​ចំពោះ​អ្នក​ដែល​បាន​ដក​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​នៅ​ភូមិ​ក្រែក ឃុំ​ក្រែក កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា។ អធិការ​នគរបាល​ស្រុក​បញ្ជាក់​ថា ពួក​គេ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​នៅ​ឡើយ ប៉ុន្តែ​ខាង​លោក​បាន​ព្យាយាម​ហៅ​ភាគី​ទាំង​ពីរ​សម្របសម្រួល​គ្នា​កាល​ពី​ពេល​កើត​ហេតុ​ថ្មីៗ តែ​មន្ត្រី​បក្ស​ប្រឆាំង​មិន​បាន​ចូលរួម។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ ចំពោះ​សកម្មភាព​ដក​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន។ ការ​អះអាង​នេះ កើត​ឡើង​ក្រោយ​ពេល​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង ត្រូវ​បាន​គេ​ដក​ទុក​ចោល​លើ​ដី​កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ចំនួន​ពីរ​ដង ស្ថិត​នៅ​ទីតាំង​តែ​មួយ​ក្នុង​ឃុំ​ក្រែក។

ប្រធាន​ប្រតិបត្តិ​ខេត្ត​ត្បូងឃ្មុំ គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ស៊ាងលី មាន​ប្រសាសន៍​ថា ការ​លើក​ស្លាក​សញ្ញា​គណបក្ស គឺ​ពួក​គាត់​បាន​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ។ បន្ថែម​ពី​នេះ កាល​ពី​ឆ្នាំ​២០១៥ ខាង​លោក​ក៏​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ខេត្ត ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​របស់​ខ្លួន​ដែរ។ លោក​ថា ការ​ដក​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​ដង​ក្នុង​ថ្ងៃ​តែ​មួយ​កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ពី​សំណាក់​ក្រុម​កូន​ឧកញ៉ា​ម្នាក់​នៅ​ឃុំ​ក្រែក ស្រុក​ពញាក្រែក គឺ​ជា​ការ​រើសអើង​គណបក្ស​នយោបាយ​តែ​ម្តង ពីព្រោះ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គេ​អាច​មាន​សិទ្ធិ​លើក​បាន​ចំនួន​ពីរ​ផ្ទាំង​ដោយ​មិន​មាន​បញ្ហា​ឡើយ៖ «គឺ​យើង​ដាក់​បណ្តោយ​តាម​ដង​ផ្លូវ​ទេ ជា​ស្លាក​នៅ​តាម​ដង​ផ្លូវ។ អ៊ីចឹង​ខ្ញុំ​គិត​ថា អ្នក​ដក​នេះ​គឺ​រំលោភ​បំពាន​លើ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង​ហើយ»។

លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​លើ​បញ្ហា​នេះ ជៀសវាង​កើត​ឡើង​នៅ​ពេល​ក្រោយ​បន្ត​ទៀត ហើយ​ពួក​គាត់​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​អាជ្ញាធរ ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា​ដាក់​ថ្ងៃ​ណា​ទេ។

អធិការ​នគរបាល​ស្រុក​ពញាក្រែក លោក អោម មុនីវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ សីហា ថា ខាង​លោក​នៅ​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ចំពោះ​ករណី​នេះ​ទេ ប៉ុន្តែ​លោក​បាន​ដឹង​អំពី​បញ្ហា​នេះ។ លោក​ថា មូលហេតុ​មាន​ករណី​ដក​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​លោក​ទទួល​ដំណឹង​ថា ដោយសារ​ម្ចាស់​ដី​ក្បែរ​នោះ​ដែល​គ្រប់គ្រង​ដី​ចំណី​ផ្លូវ មិន​ពេញ​ចិត្ត​ចំពោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​លើក​ស្លាក​សញ្ញា​បក្ស​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត ឬ​ពិភាក្សា​ជាមួយ​ពួក​គេ​ជា​មុន។

លោក​បន្ត​ថា ខាង​សមត្ថកិច្ច​បាន​ហៅ​ភាគី​ម្ចាស់​ដី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សម្របសម្រួល​គ្នា​អំពី​បញ្ហា​នេះ ក្រោយ​ពេល​ស្លាក​សញ្ញា​គណបក្ស​ពួក​គាត់​ត្រូវ​បាន​ដក​ជា​លើក​ទី​មួយ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា។ ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង មិន​បាន​ចូលរួម​ឡើយ ក្រោយ​មក​ក៏​មាន​ការ​ដក​ជា​លើក​ទី​ពីរ​នៅ​យប់​ថ្ងៃ​ដដែល និង​ស្ថិត​នៅ​លើ​ទីតាំង​ដដែល​នោះ៖ «ខ្ញុំ​នឹង​មាន​វិធី​មួយ ដើម្បី​ហៅ​គូ​ភាគី​ទាំង​ពីរ​មក​កន្លែង​អធិការ​នគរបាល​ស្រុក​ខ្ញុំ នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៧ ដើម្បី​ដោះស្រាយ​គ្នា។ ខ្ញុំ​ហៅ​ទៅ​ពន្យារពេល​ទៅ ដើម្បី​ធូរ​ថយ​កំហឹង​រៀង​ខ្លួន អា​ដាក់​នៅ​តែ​ដាក់។ គូ​ភាគី​ម្ចាស់​ដី​គេ​ព្រម​ទៅ ប៉ុន្តែ​គូ​ភាគី​ខាង​គណបក្ស​គេ​មិន​ព្រម​ទៅ»។

លោក​បញ្ជាក់​ថា ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា អាច​ដាក់​រហូត​ដល់​ទៅ​ពីរ​ផ្ទាំង គឺ​ដោយសារ​មន្ត្រី​គណបក្ស​របស់​គេ​បាន​ទៅ​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ដី។ លោក​ថា ករណី​បែប​នេះ គឺ​មិន​ដែល​កើត​ឡើង​នៅ​ស្រុក​ពញាក្រែក ឡើយ​ពី​មុន​មក។

ជំទប់​ទី​ពីរ​ឃុំ​ក្រែក គណបក្ស​សង្គ្រោះ​ជាតិ លោក ឆុង លួត ទទួល​ស្គាល់​ថា នៅ​ពេល​ពួក​គាត់​ទៅ​លើក​ស្លាក​សញ្ញា​គណបក្ស គឺ​មិន​បាន​ជម្រាប​ម្ចាស់​ដី​ប្រាកដ​មែន ដោយ​សំអាង​ថា ដី​នោះ​ជា​ដី​ចំណី​ផ្លូវ ឬ​ជា​ដី​សាធារណៈ ម្យ៉ាង​លោក​បាន​ជម្រាប​ប្រាប់​មេ​ភូមិ​រួច​រាល់​ហើយ។ លោក​ថា មូលហេតុ​មិន​បាន​ចូលរួម​តាម​ការ​អញ្ជើញ​របស់​សមត្ថកិច្ច ដោយ​ពួក​គាត់​យល់​ថា ជា​ពេលវេលា​ផុត​ម៉ោង​រដ្ឋបាល៖ «ខ្ញុំ​ក៏​ទទួល​ស្គាល់​ដែរ​ថា ខ្ញុំ​មិន​បាន​ជម្រាប​ជូន​ម្ចាស់​ដី អាជ្ញាធរ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​ចុះ​ស្លាក​បក្ស​ម្ខាង​ទៀត គេ​ដាក់​បាន រឿង​អី​ខាង​សង្គ្រោះ​ជាតិ ដាក់​មិន​បាន»។

យ៉ាង​នេះ​ក្តី ជំទប់​ឃុំ​ដដែល​បញ្ជាក់​ថា ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ផ្ទាំង​នោះ គឺ​ពួក​គាត់​សម្រេច​ថា​មិន​លើក​នៅ​ទីតាំង​មាន​ជម្លោះ​បន្ត​ទៀត​ឡើយ គឺ​បង្វែរ​ទៅ​លើក​នៅ​កន្លែង​ផ្សេង​វិញ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ករណី​នេះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​រវាង​ពលរដ្ឋ​ម្ចាស់​ដី និង​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​មុន ជៀសវាង​មាន​បញ្ហា​ដោយ​ប្រការ​ណា​មួយ។ ជាមួយ​គ្នា​នេះ ម្ចាស់​ដី​ត្រូវ​មាន​ហេតុផល​ត្រឹមត្រូវ​ក្នុង​ករណី​មិន​ឲ្យ​គណបក្ស​ប្រឆាំង​លើក​ស្លាក​សញ្ញា​បាន ជៀសវាង​បង្ហាញ​ការ​រើសអើង​បក្ស​នយោបាយ ពីព្រោះ​ដី​នោះ​មិន​មែន​ជា​ដី​ឯកជន​ផ្តាច់​មុខ​ទេ។ លោក​ថា អាជ្ញាធរ គឺ​ជា​អ្នក​សម្របសម្រួល​លើ​ការងារ​នេះ ពីព្រោះ​ជា​គោលការណ៍ គ្រប់​គណបក្ស​នយោបាយ​ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត គឺ​មាន​សិទ្ធិ​ប្រើប្រាស់​ទីធ្លា​សាធារណៈ​ឲ្យ​បាន​ស្មើៗ​គ្នា៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>