Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ប្រាសាទ​ខេត្ត​សៀមរាប​ទន្ទឹង​រង់ចាំ​ធុង​ចម្រោះ​ទឹក​ស្អាត​ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ

ដោយ ហង្ស សាវយុត RFA 2016-08-03

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប បាន​ទទួល​កំហុស​ជុំវិញ​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​អ្នក​ឃុំ​ប្រាសាទ ស្រុក​វ៉ារិន បាន​ប្រើប្រាស់​មែន។ ការ​ទទួល​កំហុស​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ព្រម​ទាំង​អាជ្ញាធរ​ឃុំ​ប្រាសាទ សម្ដែង​ប្រតិកម្ម​ដោយ​លើក​ឡើង​ថា មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ បាន​ដើរ​ផ្ដិត​មេដៃ​ពួក​គេ​រយៈពេល​ជិត ១​ឆ្នាំ​ហើយ ប៉ុន្តែ​មិន​ទាន់​ឃើញ​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​ទេ។

ពលរដ្ឋ​ក្រីក្រ​ចំនួន ៤០​គ្រួសារ​នៅ​ឃុំ​ប្រាសាទ ស្រុក​វ៉ារិន ចម្ងាយ​ជាង ៩០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ទន្ទឹង​រង់ចាំ​ផ្លូវ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ចុះ​ទៅ​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​ពួក​គេ​ប្រើប្រាស់​ទៅ​តាម​ការ​សន្យា។
ពួក​គេ​រិះគន់​ថា មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប បាន​ដើរ​ឲ្យ​ពួក​គេ​ផ្ដិត​មេដៃ​តាំង​តែ​ពី​អំឡុង​ខែ​តុលា ឆ្នាំ​២០១៥ មក ហើយ​រហូត​មក​ដល់​ពេល​នេះ ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​នៅ​តែ​មិន​ទាន់​ឃើញ​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​នៅ​ឡើយ។ គេ​សង្ស័យ​ថា មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ អាច​ភូត​កុហក។

មេ​ឃុំ​ប្រាសាទ គឺ​លោក ឈឺន កាំង។ លោក​បង្ហាញ​ប្រតិកម្ម​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែ​សីហា ថា តាំង​តែ​ពី​ខែ​តុលា ឆ្នាំ​២០១៥ ម្ល៉េះ រូប​លោក​ខំ​នាំ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ដើរ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​បណ្ដា​ភូមិ​បាន​ចំនួន ៤០​គ្រួសារ ឲ្យ​ទទួល​បាន​ធុង​ចម្រោះ​ទឹក​ស្អាត​មក​ប្រើប្រាស់ ក៏ប៉ុន្តែ​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ពលរដ្ឋ​តែង​តាម​សួរ​រូប​លោក ធ្វើ​ឲ្យ​លោក​អស់​ជំនឿ​ទៅ​លើ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ក្នុង​រឿង​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​នេះ៖ «ខ្ញុំ​តវ៉ា​អត់​ទាន់​ឈប់​ទេ ព្រោះ​មក​ធ្វើ​អ៊ីចេះ​អត់​ស្រួល​ទេ។ កាល​ណោះ​ឈ្មោះ សុខ សារុន បុគ្គលិក​មន្ទីរ​មក​ដើរ​ផ្ដិត​មេដៃ»។

ក៏ប៉ុន្តែ មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប នៅ​តែ​រក្សា​ការ​សន្យា​ថា គេ​ប្រាកដ​ជា​នឹង​នាំ​យក​ធុង​ចម្រោះ​ទឹក​ស្អាត​ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​ប្រាសាទ នៅ​ក្នុង​ខែ​សីហា។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប លោក ស៊ីវ រដ្ឋា បាន​ទទួល​ស្គាល់​កំហុស​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​ទៅ​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​ជូន​អ្នក​ភូមិ​នៅ​ទីនោះ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ភាព​យឺតយ៉ាវ គឺ​ដោយសារ​តែ​បញ្ហា​ខ្វះ​ថវិកា ព្រម​ទាំង​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ជាប់​បំពេញ​ការងារ​ចុះ​ស្រង់​ទិន្នន័យ​អណ្ដូងទឹក​នៅ​តាម​បណ្ដា​តំបន់​ខ្លះ​ទៀត។ លោក ស៊ីវ រដ្ឋា ឲ្យ​ដឹង​ថា បច្ចុប្បន្ន ធុង​ចម្រោះ​ទឹក​ស្អាត​ទាំង​នោះ គឺ​មាន​គ្រប់គ្រាន់ ហើយ​ប្រហែល​ជា​សប្ដាហ៍​ក្រោយ លោក​នឹង​ចាត់​មន្ត្រី​ឲ្យ​ចុះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ៖ «វា​ពាក់ព័ន្ធ​ថវិកា។ ទី​២ មន្ត្រី​យើង​ក៏​រវល់ ហើយ​ក៏​រាង​ពន្យារ​ពេល​ខ្លះ​ទៅ។ អាទិត្យ​មុន​នេះ ខ្ញុំ​ឲ្យ​មន្ត្រី​យក​ទៅ​ចែក​ដែរ ប៉ុន្តែ​ជាប់​រវល់​រឿង​ការងារ​អណ្ដូងទឹក»។

ទោះ​បី​ជា​យ៉ាង​ណា នាយក​សាលា​បឋម​សិក្សា​ឃុំ​ស្វាយស លោក ផែម ភឹម អះអាង​ថា កាល​ណោះ មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ក៏​ធ្លាប់​សន្យា​ជាមួយ​រូប​លោក ថា​នឹង​ធ្វើ​អាង​ចម្រោះ​ទឹក​ស្អាត​នៅ​ក្នុង​សាលា​របស់​លោក សម្រាប់​ឲ្យ​សិស្ស​ប្រើប្រាស់​ដែរ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ឃើញ​មាន​អ្វី​ឡើយ។

អាស៊ីសេរី ទទួល​បាន​លិខិត​មួយ​ច្បាប់​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រាសាទ ស្រុក​វ៉ារិន ដែល​រិះគន់​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​សៀមរាប ថា​មិន​ត្រឹម​តែ​ឲ្យ​អ្នក​ភូមិ​ផ្ដិត​មេដៃ ហើយ​មិន​ចែក​ធុង​ចម្រោះ​ទឹក​ស្អាត​នោះ​ទេ គឺ​នៅ​ឯ​ឃុំ​ក្លាំងហាយ ស្រុក​ស្រីស្នំ ឯណោះ​វិញ ក៏​មាន​អ្នក​ភូមិ​រិះគន់​ថា មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ បាន​សន្យា​ថា​នឹង​ទៅ​សង់​បង្គន់​អនាម័យ​ជូន​ពួក​គេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​បាន​ឲ្យ​តែ​លូ ៣​កង់ ចាន​បង្គន់​១ និង​ថាស​ទ្រ​ចាន​បង្គន់​១ ក្នុង​មួយ​គ្រួសារ​ប៉ុណ្ណោះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles