
ដោយ សុ ជីវី RFA 2016-08-03
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលកុំព្យូទ័រចំនួន ២.៤០០គ្រឿងពីសហគមន៍អឺរ៉ុប និងពីប្រទេសជប៉ុន នៅរសៀលថ្ងៃទី៣ ខែសីហា។
សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា កុំព្យូទ័រជាង ២ពាន់គ្រឿងនេះជាសម្ភារៈចុងក្រោយហើយដែល គ.ជ.ប ទទួលបានសម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។ លោក ហង្ស ពុទ្ធា បន្តថា អ្នកជំនាញនឹងជួយបញ្ចូលកម្មវិធីសម្រាប់ការចុះឈ្មោះទៅក្នុងកុំព្យូទ័រទាំងនោះ៖ «បន្ទាប់ពីបានទទួលហើយ គ.ជ.ប នឹងបញ្ចូលកម្មវិធីសម្រាប់បម្រើការចុះឈ្មោះហ្នឹងនៅគ្រប់កុំព្យូទ័រទាំងអស់ ហើយបន្ទាប់មក នឹងបញ្ជូនកុំព្យូទ័រហ្នឹងឯងទៅថ្នាក់បណ្ដុះបណ្ដាលមន្ត្រីនៃក្រុមចុះឈ្មោះបោះឆ្នោត ហើយបន្តទៅការចុះឈ្មោះបោះឆ្នោតតែម្ដង»។
មកដល់ពេលនេះ គ.ជ.ប កំពុងបណ្ដុះបណ្ដាលគ្រូបង្គោលនៅថ្នាក់ស្រុក ដែលជាបុគ្គលិកជាប់កិច្ចសន្យា។ ស្របគ្នានេះ គ.ជ.ប ក៏កំពុងប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួនជាង ៦ពាន់នាក់ (៦.១០៣នាក់) ឬស្មើនឹងជាង ១ពាន់ក្រុម (១.៦៣៣ក្រុម) ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់ក្នុងការចុះឈ្មោះរៀបចំបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៦។
ក្រុមគ្រូបង្គោលថ្នាក់ស្រុក នឹងបណ្ដុះបណ្ដាលបន្តទៅអ្នកធ្វើការនៅថ្នាក់ឃុំ-សង្កាត់។ នៅក្រោយពេលការបណ្ដុះបណ្ដាល និងការអនុវត្តបញ្ចប់ សម្ភារៈដែល គ.ជ.ប ទទួលបាននៅពេលនេះ នឹងត្រូវនាំទៅប្រើប្រាស់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត ដែលចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា ហើយបញ្ចប់ទៅវិញនៅចុងខែវិច្ឆិកា៕