Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​សវនាការ​លើ​រឿង​បោស​សម្អាត​ផ្ទៃ​ក្នុង​នៅ​ខេត្ត​មណ្ឌលគិរី

$
0
0
សាក្សី ជិន សារឿន អតីត​យុទ្ធជន​ការពារ​ព្រំដែន​ក្នុង​កងវរសេនាធំ​លេខ ៥០២ និង ៩២០ នៅ​ក្នុង​​អង្គ​ជំនុំជម្រះ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៦។ Photo courtesy of ECCC

ដោយ ឡេង ម៉ាលី RFA 2016-08-03

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ពុធ ទី​៣ សីហា បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ជិន សារឿន ទាក់ទង​នឹង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​នៅ​ខេត្ត​មណ្ឌលគិរី ភូមិភាគ​ឦសាន។ សាក្សី​រូប​នេះ​អតីត​ជា​កង​ចល័ត និង​ជា​កងទ័ព​ការពារ​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ខេត្ត​មណ្ឌលគិរី នោះ។

សាក្សី ជិន សារឿន អតីត​យុទ្ធជន​ការពារ​ព្រំដែន​ក្នុង​កងវរសេនាធំ​លេខ ៥០២ និង ៩២០ ជម្រាប​អង្គ​ជំនុំជម្រះ​អំពី​ការងារ និង​ហេតុការណ៍​នានា នៅ​ខេត្ត​មណ្ឌលគិរី​នោះ។

លោក​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​សួរ​ដេញដោល​អំពី​ហេតុការណ៍​ចាប់​ខ្លួន​កម្មាភិបាល ដែល​ត្រូវ​បាន​អង្គការ​ខ្មែរក្រហម​ចោទ​ថា ជា​អ្នក​ពាក់ព័ន្ធ​នឹង​វៀតណាម។ ថ្វី​បើ​លោក​បដិសេធ​ថា មិន​បាន​ដឹង​អំពី​ការ​បោស​សម្អាត​ផ្ទៃក្នុង​កម្មាភិបាល​នៅ​ភូមិភាគ​ឦសាន​ក្ដី ក៏​លោក​ថ្លែង​ថា មាន​ករណី​ចោទ​ប្រកាន់ និង​ចាប់​មនុស្ស​នៅ​តំបន់​នោះ។


លោក ជិន សារឿន បញ្ជាក់​ថា ពលរដ្ឋ​នៅ​តំបន់​លោក តែង​តែ​ភ័យខ្លាច​ពេល​ឃើញ​ឡាន​លេខ ៥០២៖ «មិន​ថា​មន្ត្រី មិន​ថា​ប្រជាជន​ទេ សំខាន់​ប្រជាជន តែ​ឃើញ​ឡាន​ហ្នឹង​ទៅ​ហើយ គឺ​ដឹង​ថា​ក្នុង​ភូមិ​ឃុំ​ស្រុក​ហ្នឹង​មាន​បញ្ហា​ហើយ ព្រោះ​ឡាន​ហ្នឹង គឺ​ទៅ​អត់​សូវ​ឮ​ទេ។ បើ​ចង់​រត់ រត់​អត់​ទាន់​ទេ។ គ្រាន់​តែ​ង៉ឺត ទៅ​ដល់​មុខ​ផ្ទះ​តែ​ម្ដង។ អ៊ីចឹង គឺ​គាត់​ភ័យ​ណាស់។ ចង់​និយាយ​ថា បើ​គាត់​មាន​បញ្ហា​អី គឺ​ខ្លាច​ឡាន​ហ្នឹង​តែ​ម្ដង។ ឡាន​ហ្នឹង គឺ​ទទួល​បញ្ជា​ពី​គណៈ​តំបន់ ឱ្យ​តែ​ឡាន​ហ្នឹង​ចេញ​ទៅ គឺ​មាន​បញ្ហា​ត្រូវ​ហៅ​បុគ្គល​ណា​មាន​កំហុស​អី គឺ​គេ​យក​ឡាន​ហ្នឹង​ទៅ​ហៅ​ដល់ៗ ផ្ទះ​តែ​ម្ដង។ អ៊ីចឹង​ហើយ​បាន​ជា​ប្រជាជន​គាត់​ចេះ​តែ​ខ្លាច»។

សាក្សី​រូប​នេះ ក៏​​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​សួរ​ដេញដោល​ករណី​កម្មាភិបាល​ឈ្មោះ ស្វាយ ដែល​អង្គការ​ចោទ​ថា ជា​អ្នក​លាក់​កងទ័ព​វៀតណាម ១២​នាក់ ក្បត់​បដិវត្តន៍។ ប៉ុន្តែ​បដិសេធ​ថា លោក​មិន​បាន​ឃើញ​បញ្ហា​នោះ​ផ្ទាល់​ទេ លោក​ទទួល​បាន​ព័ត៌មាន​នេះ ពេល​មេបញ្ជាការ​របស់​លោក​ប្រជុំ​ប្រាប់។

សាក្សី ជិន សារឿន ថ្លែង​ថា ពេល​លោក​នៅ​ក្នុង​កងចល័ត លោក និង​មនុស្ស​ក្នុង​កង​ជា​មួយ​លោក​ត្រូវ​បាន​អង្គការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ហួស​កម្លាំង​ដោយ​ផ្ដល់​អាហារ​​តិចតួច។ ទី​បំផុត លោក និង​យុវជន​យុវនារី ១៥​គូ​ផ្សេង​ទៀត ត្រូវ​អង្គការ​បង្ខំ​ឱ្យ​រៀបការ​រួម​គ្នា ដើម្បី​បង្កើន​ចំនួន​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។

លោក​ជម្រាប​អង្គ​ជំនុំជម្រះ​ថា ទាំង​ពលរដ្ឋ​ធម្មតា និង​កម្មាភិបាល​ដែល​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​សុទ្ធតែ​ភ័យ​ខ្លាច​ដូច​គ្នា៖ «ខ្ញុំ​សុំ​ឧទាហរណ៍​ថា ខ្ញុំ​កងទ័ព​អ៊ីចឹង បើ​ខ្ញុំ​ផ្ដាច់​ខ្លួន​មក​ខាង​រដ្ឋ​កម្ពុជា អ៊ីចឹង ប្រពន្ធ​កូន​ខាង​ក្រោយ គឺ​គេ​ចាប់​ដាក់​ឃុំឃាំង​ទាំង​អស់។ អា​ហ្នឹង​គឺ​ជា​ចំណុច​មួយ​គួរ​ឱ្យ​យើង​ចាប់​អារម្មណ៍ ពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ចាប់​អារម្មណ៍​បញ្ហា​នេះ​ដែរ។ បើ​ថា​ប្ដី​ខុស​ហើយ ប្រពន្ធ​អត់​មាន​បញ្ហា​អី​ទៅ គឺ​អត់​អី​ទេ។ តែ​នេះ​គឺ​ប្ដី​ខុស ប្រពន្ធ​កូន​មាន​បញ្ហា​ហើយ»។

សាក្សី​ឱ្យ​ដឹង​ដែរ​ថា ទោះ​លោក​រស់​នៅ​ជាង ១០០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​មណ្ឌលគិរី ក៏​លោក​ធ្លាប់​បាន​ដឹង និង​ឮ​អំពី​មន្ទីរ​សន្តិសុខ​ឈ្មោះ ភ្នំ​ក្រោល។ ប៉ុន្តែ​លោក​មិន​បាន​ឃើញ​ទេ។ ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ជា​អង្គហេតុ​មួយ​ដែល​អង្គ​ជំនុំជម្រះ​លើក​មក​ជំនុំជម្រះ​ដែរ ទាក់ទង​នឹង​ការ​សម្លាប់​រង្គាល​ជនជាតិ​ភាគតិច ដោយ​អង្គការ​ចោទ​ថា ជា​អ្នក​ជាប់​ខ្សែ​និន្នាការ​ជាមួយ​វៀតណាម។

បន្ទាប់​ពី​ការ​ស្ដាប់​សាក្សី ជិន សារឿន អង្គ​ជំនុំជម្រះ​សាលា​ដំបូង​សម្រេច​ផ្អាក​សវនាការ​សម្រាប់​សប្ដាហ៍​នេះ ដោយសារ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ សីហា អង្គ​ជំនុំជម្រះ​ត្រូវ​ប្រជុំ​រៀបចំ​កិច្ច​ដំណើរ​ការ​សវនាការ​បន្តបន្ទាប់​ទៅ​មុខ​ទៀត។ ប្រធាន​អង្គ​ជំនុំជម្រះ ចៅក្រម យ៉ា សុខន ប្រកាស​ថា សវនាការ​នឹង​ត្រូវ​លើក​ទៅ​បន្ត​នៅ​ចន្ទ ទី​៨ សីហា សប្ដាហ៍​ក្រោយ ហើយ​សវនាការ​នោះ នឹង​ពិនិត្យ​លើ​ឯកសារ​នានា ដែល​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿងក្ដី​ដាក់​ជូន​អង្គ​ជំនុំជម្រះ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>