Image may be NSFW.
Clik here to view.
ដោយ សូត សុខប្រាថ្នា RFA 2016-08-04
ប្រជាពលរដ្ឋជាច្រើនឃុំនៅ ស្រុកបាធាយ ខេត្តកំពង់ចាម ស្នើអាជ្ញាធរជួយអន្តរាគមន៍បញ្ហារំលោភយកដីបឹងសាធារណៈពីសំណាក់ក្រុមហ៊ុនឧកញ៉ា លីម ប៊ុណ្ណា។ ការស្នើនេះ ក្រោយពេលពលរដ្ឋឃើញសកម្មភាពជីកទំនប់កាត់ផ្ទៃបឹងជាច្រើនពីសំណាក់ក្រុមកម្មករឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នារ កាលពីពេលកន្លងទៅ។ អភិបាលស្រុកបាធាយ បញ្ជាក់ថា បញ្ហានេះពួកគេបានដោះស្រាយជាមួយប្រជាពលរដ្ឋទាំងនោះរួចរាល់ហើយ ដោយធានាថា គម្រោងវិនិយោគនោះមិនបណ្ដាលឱ្យប៉ះពាល់ដល់ពួកគាត់ទេ។
ប្រជាពលរដ្ឋនៅឃុំមួយចំនួនក្នុងស្រុកបាធាយ បារម្ភថា ប្រសិនអាជ្ញាធរមិនដោះស្រាយករណីក្រុមហ៊ុនឧកញ៉ា លីម ប៊ុណ្ណា ហៅ ខ្នារ ចំពោះការធ្វើទំនប់កាត់បឹងមួយចំនួននោះទេ នឹងបណ្ដាលឱ្យប៉ះពាល់ដល់ប្រជាកសិករជាមិនខាន។ ផលប៉ះពាល់ទាំងនោះធ្វើឱ្យពួកគាត់មិនអាចប្រើប្រាស់ទឹកក្នុងបឹងសម្រាប់ស្រោចស្រពដំណាំកសិកម្មនៅរដូវប្រាំង និងមិនអាចនេសាទដូចពេលមុនឡើយ។ ការលើកឡើងនេះ ក្រោយពេលតំណាងពលរដ្ឋជាង ៣០នាក់ នាំមន្ត្រីសមាគមអាដហុក (ADHOC) ទៅពិនិត្យមើលទីតាំងធ្វើទំនប់រំលោភដីបឹងនៅព្រឹកថ្ងៃទី៣ ខែសីហា។
ប្រជាពលរដ្ឋមានវ័យ ៦០ឆ្នាំ នៅឃុំជាលា លោក អ៊ុំ សុផល មានប្រសាសន៍ថា ពលរដ្ឋធ្លាប់តវ៉ា និងបានស្នើឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះកាលពីខែឧសភា។ ក្រោយមកឃើញសកម្មភាពជីកទំនប់ដែលលោកអះអាងថា ប៉ះពាល់បឹងអាករឃុំមួយចំនួនពីសំណាក់កូនចៅឧកញ៉ា ខ្នារ ផ្អាកទៅវិញ ប៉ុន្តែបន្ទាប់មកឃើញសកម្មភាពឈូសឆាយធ្វើទំនប់លើដីបឹងបន្តដដែល។
លោកបារម្ភថា គម្រោងវិនិយោគរបស់មហាសេដ្ឋីរូបនេះ នឹងបណ្ដាលឱ្យប៉ះពាល់ដល់ការអាស្រ័យផលរបស់ពួកគាត់៖ «ប៉ះពាល់ជីវភាពរបស់គាត់ គាត់ត្រូវការរកត្រីសាច់នៅកន្លែងហ្នឹង ហើយនឹងប៉ះពាល់លើផ្លូវដឹកកសិកម្មកន្លែងហ្នឹង»។
មិនខុសគ្នានេះ ពលរដ្ឋនៅឃុំតាំងក្រាំង មួយរូប លោក យួស តូណា សម្ដែងការភ្ញាក់ផ្អើលក្រោយពេលឃើញសកម្មភាពធ្វើជាទំនប់កាត់ដីបឹងមួយចំនួន ដូចជាបឹងផ្សោត បឹងវែង បឹងគល់ និង បឹងថាស ជាដើម។ លោកចោទថា សកម្មភាពនេះជាការរំលោភយកដីបឹងសាធារណៈដើម្បីធ្វើជាប្រយោជន៍ឯកជន ពីព្រោះពលរដ្ឋមិនបានដឹងពីគម្រោងនោះឡើយ៖ «ប្រជាពលរដ្ឋគាត់មិនចង់ទាមទារអីទេ គាត់ចង់ឱ្យក្រុមហ៊ុនហ្នឹងលុបដូចធម្មតាវិញមក ទុកបឹងគេដូចពីមុនទៅ»។
ទាក់ទងបញ្ហានេះ អភិបាលស្រុកបាធាយ លោក ឡោ ចាន់លី មានប្រសាសន៍ថា អាជ្ញាធរបានដោះស្រាយបញ្ហានេះរួចរាល់ហើយ ដោយមានទាំងកិច្ចសន្យារវាងប្រជាពលរដ្ឋ និងភាគីលោកឧកញ៉ា ព្រមទាំងអាជ្ញាធរមូលដ្ឋានកាលពីពេលកន្លងទៅ។ លោកបន្តថា ឧកញ៉ា លីម ប៊ុណ្ណា បានវិនិយោគដីស្រែប្រាំងតំបន់នោះសម្រាប់ធ្វើកសិកម្ម និងចិញ្ចឹមត្រីលើផ្ទៃដីប្រមាណ ២០០ហិកតារ ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ ប៉ុន្តែបច្ចុប្បន្នទំហំផ្ទៃដីជាក់ស្ដែងនៅមិនទាន់គ្រប់ចំនួនទេ។ ក្នុងនោះភាគីមហាសេដ្ឋីរូបនេះ បានសម្រេចកែសម្រួលមេទឹក និងរៀបចំប្រព័ន្ធប្រឡាយដែលប៉ះពាល់លើចំណែកដីបឹងខ្លះ ប៉ុន្តែពលរដ្ឋបានដាក់លក្ខខណ្ឌមួយចំនួនដើម្បីអាចឱ្យពួកគាត់ប្រើប្រាស់បឹងនោះបានដដែល ម្យ៉ាងធានាមិនមានបញ្ហាចោទឡើងនៅពេលក្រោយ។
លោកឱ្យដឹងទៀតថា ពលរដ្ឋអាស្រ័យផលនៅតំបន់នោះតែម្តង គឺមិនបានជំទាស់ទេ ប៉ុន្តែការតវ៉ានេះជាពលរដ្ឋមកពីតំបន់ផ្សេងច្រើនជាង។ លោកមើលឃើញថា ការអភិវឌ្ឍនេះ គឺធ្វើឱ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ជាច្រើន ដូចជាមានផ្លូវធ្វើដំណើរទៅកាន់ស្រែប្រាំងពួកគាត់។ បន្ថែមពីនេះ បញ្ហាខ្វះខាតទឹកនឹងលែងកើតមាន ម្យ៉ាងពលរដ្ឋនឹងទទួលបានបច្ចេកទេសថ្មីៗ សម្រាប់ធ្វើកសិកម្មទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ចាម លោក មាន ព្រហ្មមុនី ដែលបានចុះពិនិត្យបញ្ហានេះមានប្រសាសន៍ថា តំណាងប្រជាពលរដ្ឋ រួមនឹងអ្នកភូមិផ្សេងទៀត គឺមិនបានដឹងអំពីគម្រោងស្ដារមេទឹក ឬធ្វើប្រឡាយទេ។ លោកបន្តថា បញ្ហានេះត្រូវពិភាក្សាគ្នារវាងអាជ្ញាធរ និងអ្នកវិនិយោគ ព្រមទាំងប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ពីព្រោះដីបឹងសាធារណៈជាទ្រព្យសម្បត្តិរួម៖ «យល់ឃើញថា ត្រូវឱ្យប្រជាពលរដ្ឋចូលរួម ហើយត្រូវបញ្ជាក់ឱ្យច្បាស់ថា អាហ្នឹងធ្វើទៅសម្រាប់មានប្រយោជន៍ដល់ពួកគាត់ទាំងអស់ដើម្បីទទួលផលពីការអភិវឌ្ឍហ្នឹង»។
មន្ត្រីសិទ្ធិមនុស្សដដែលបញ្ជាក់ថា បឹងសាធារណៈជាទ្រព្យសម្បត្តិសមូហភាព គឺមិនអាចបុគ្គលណាម្នាក់រំលោភយកលក់ ឬដោះដូរបានទេ លើកលែងតែទ្រព្យសម្បត្តិនោះលែងបម្រើប្រយោជន៍សាធារណៈតទៅទៀត។ លោកថា ប្រសិនបើការវិនិយោគរបស់ឧកញ៉ាដែលល្បីល្បាញខាងរកស៊ីឈើនៅស្រុកខ្មែររូបនេះទៅជាការបម្រើឱ្យប្រយោជន៍របស់ខ្លួន ហើយបណ្ដាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ វាគឺជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភច្បាប់ជលផលទៀតផង៕