![]() |
ពលរដ្ឋឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រមូលផ្ដុំនៅខាងមុខសាលាខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។ Photo Provided |
ដោយ តាំង សារ៉ាដា RFA 2018-01-25
ប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ប្រមាណជាង ១០០នាក់ លើកគ្នាតវ៉ានៅខាងមុខសាលាខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមករា ដើម្បីស្នើសុំឲ្យជួយពន្លឿនដំណោះស្រាយបញ្ហាដីធ្លី។ រីឯមន្ត្រីសម្ព័ន្ធសហគមន៍កសិករកម្ពុជា ថា អាជ្ញាធរគ្មានចេតនាដោះស្រាយជម្លោះដីធ្លីនេះទេ ដែលបណ្ដាលឲ្យជីវភាពពលរដ្ឋកាន់តែធ្លាក់ដុនដាប។
ការលើកគ្នាតវ៉ានៅខាងមុខសាលាខេត្តស្វាយរៀងនេះ បន្ទាប់ពីពលរដ្ឋមិនឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដោះស្រាយតាមការសន្យានោះទេ ខណៈដែលវិវាទដីធ្លីនេះត្រូវបានអូសបន្លាយរយៈពេលជិត ១០ឆ្នាំទៅហើយនោះ។
តំណាងប្រជាពលរដ្ឋម្នាក់ អ្នកស្រី យស សុភ័ណ្ឌ រៀបរាប់ថា ប្រជាកសិករប្រមាណ ១០០នាក់ មកពីឃុំចំនួនពីរ គឺឃុំឈើទាល និងឃុំស្វាយធំ ក្នុងស្រុកស្វាយជ្រំ បានប្រមូលផ្តុំគ្នាស្រែកទាមទារនៅខាងមុខសាលាខេត្តស្វាយរៀង ដើម្បីឲ្យអាជ្ញាធរបញ្ជាក់ឲ្យបានច្បាស់អំពីដំណោះស្រាយជូនពួកគាត់។ អ្នកស្រីបន្ថែមថា កន្លងមកអាជ្ញាធរបានត្រឹមតែសន្យា តែពុំឃើញមានដំណោះស្រាយនោះឡើយ ដែលបណ្ដាលឲ្យពួកគាត់រង់ចាំទាំងអស់សង្ឃឹម និងជួបការលំបាក គ្មានដីបង្កបង្កើនផល និងមានជីវភាពខ្វះខាតជាដើម៖ «ពួកខ្ញុំតវ៉ាច្រើនឆ្នាំហើយ ចំណែកពួកគាត់សន្យាថា នឹងអោយសំណងម្ដងហើយម្ដងទៀត តែចេះតែបាត់ទៅៗ ទើបពួកខ្ញុំនាំគ្នាមកសួរនាំអំពីកិច្ចសន្យារបស់ពួកគាត់ជាអាជ្ញាធរ»។
អ្នកស្រីបញ្ជាក់ថា វិវាទដីធ្លីនេះ គឺកើតឡើងតាំងពីឆ្នាំ២០០៩ បន្ទាប់ពីអាជ្ញាធរខេត្ត និងក្រសួងធនធានទឹក បានអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដោយជីកអាងស្តុកទឹកដែលធ្វើអោយប៉ះពាល់ដីធ្លីពលរដ្ឋជិត ១៥០គ្រួសារ លើផ្ទៃដីទំហំជាង ៨០ហិកតារ ស្ថិតនៅក្នុងឃុំឈើទាល និងឃុំស្វាយធំ ក្នុងស្រុកស្វាយជ្រំ។
អាជ្ញាធរមូលដ្ឋាន និងខេត្ត បានសន្យាជាមួយប្រជាពលរដ្ឋថា នឹងជួយដោះស្រាយដោយ ផ្តល់ជាសំណង ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះ ពលរដ្ឋនៅមិនទាន់បានទទួលសំណងនៅឡើយ។ ពលរដ្ឋទាមទារសំណងក្នុងមួយការ៉េចំនួន ៥ដុល្លារ។
ក្នុងពេលតវ៉ានោះ អាជ្ញាធរខេត្តបានហៅតំណាងពលរដ្ឋចូលជួបពិភាក្សា។ ក្នុងជំនួបនោះ អ្នកស្រី យស សុភ័ណ្ឌ បញ្ជាក់ថា អភិបាលរងខេត្តស្វាយរៀង លោក ពេជ្រ សុវណ្ណ ប្រាប់ពលរដ្ឋថា អាជ្ញាធរខេត្តកំពុងរង់ចាំដំណោះស្រាយពីខាងក្រសួងធនធានទឹកនៅឡើយ។ លោកស្នើឲ្យពលរដ្ឋរំសាយវិញ ដោយសន្យាថា នឹងផ្តល់ព័ត៌មានជូនពលរដ្ឋភ្លាម បន្ទាប់ពីមានដំណោះស្រាយពីខាងលើ។
មន្ត្រីសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក មៃ វុទ្ធី មានប្រសាសន៍ថា អាជ្ញាធរហាក់ដូចជាគ្មានចេតនាដោះស្រាយវិវាទដីធ្លីជាមួយប្រជាពលរដ្ឋឲ្យបានឆាប់ឡើយ ព្រោះពេលចុះជួបពលរដ្ឋបានប្រកាសនឹងជួយដោះស្រាយ តែពេលពលរដ្ឋរំសាយ ការតវ៉ាបែរជាគ្មានដំណឹងពីការដោះស្រាយឡើយជិត ១០ឆ្នាំមកនេះ។
លោកជំរុញឲ្យអាជ្ញាធរពន្លឿនដំណោះស្រាយ ខណៈជីវភាពរបស់ពលរដ្ឋកំពុងធ្លាក់ដុនដាប់ បន្ទាប់ពីបាត់បង់ដីបង្កបង្កើនផលរបស់ពួកគាត់៖ «ជីវភាពរបស់ពួកគាត់គឺប៉ះពាល់ច្រើន ព្រោះពួកគាត់ទីពឹងទៅលើដីស្រែ តែនៅពេលប៉ះពាល់ដីធ្លីតាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន គឺពួកគាត់ពិបាកធ្វើស្រែ នៅពេលពួកគាត់ធ្វើ មានផលប៉ះពាល់ មានការរារាំងពីអាជ្ញាធរ ដូច្នេះបណ្ដាលឲ្យជីវភាពរបស់ពួកគាត់ធ្លាក់ចុះ»។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើអាជ្ញាធរខេត្តស្វាយរៀង នៅតែមិនឆាប់ដោះស្រាយជូនពួកគាត់ទេនោះ ពួកគាត់នឹងលើកគ្នាលើកទៅតវ៉ានៅខាងមុខក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋមួយចំនួនទៀត នៅទីក្រុងភ្នំពេញ រហូតទាល់តែមានដំណោះស្រាយដែលអាចទទួលយកបាន៕