Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

អ្នក​ស្រុក​រមាសហែក​លើក​គ្នាមក​​គាំទ្រ​តំណាង​សហគមន៍​ដីធ្លី​ចូល​បំភ្លឺ​នៅ​តុលាការ

$
0
0
ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រង់ចាំ​តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៨។ Photo provided

ដោយ ម៉ៅ សុធានី RFA 2018-01-25

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ​សម្រេច​​លើក​ពេល​ការ​សាកសួរ​​តំណាង​សហគមន៍​ដីធ្លី​ចំនួន ៤​នាក់ ​នៅ​ស្រុក​រមាសហែក ​ទៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ វិញ។ ការ​ពន្យារ​ពេល​នេះ​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​រមាសហែក និង​ស្រុក​ស្វាយជ្រំ ​ប្រមាណ​ជាង ១០០​នាក់​ ​បាន​លើក​គ្នា​ទៅ​គាំទ្រ​តំណាង​សហគមន៍​ដីធ្លី​ ខណៈ​ពួក​គេ​ចូល​ទៅ​​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​មករា។

តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក លើក​ឡើង​ថា ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ដីកា​កោះ​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​ព្រួយ​បារម្ភ​ខ្លាច​រង​សម្ពាធ​ពី​តុលាការ​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ទើប​សម្រេច​ចូល​បំភ្លឺ​តុលាការ។

តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក អ្នកស្រី​ ខៀវ សាវុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ មករា ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បង្គាប់​ឲ្យ​ពួកគាត់​ទាំង​អយុត្តិធម៌ គឺ​ដោយសារ​ពួក​គាត់​តវ៉ា​ទាមទារ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន អិន.ខេ.វិនឈ័រ (N.K Ventures) ដែល​បាន​រំលោភ​លើ​ដី​ជាង ៨០០​ហិកតារ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤៤០​គ្រួសារ នៅ​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ អ្នកស្រី​បន្ថែម​ថា​ ពួកគាត់​បាន​ដាំដុះ​នៅ​លើ​ដី​ទំនាស់​នេះ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ចេញ​ពួកគាត់​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​នោះ​បន្ត​ទៀត​ ហើយ​ពួកគាត់​ក៏​បាន​តវ៉ា​ជា​បន្តបន្ទាប់​មក៖ «ពីរ​សហគមន៍​ផ្សេង​មក​ជួយ​គាំទ្រ​ពួក​ខ្ញុំ​ចូល​បំភ្លឺ​តុលាការ​ ដោយសារ​ពួក​គាត់​ឃើញ​ថា ពួក​ខ្ញុំ​គ្មាន​កំហុស។ ដី​ហ្នឹង​ពី​មុន​ពួក​ខ្ញុំ ហើយ​ក្រោយ​មក​រដ្ឋ​គេ​យក​ទៅ​វិនិយោគ​ទុន​ឲ្យ​ក្រុមហ៊ុន​ឯកជន ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ពួក​ខ្ញុំ​ទេ»។

​​អាស៊ីសេរី ពុំ​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា។ ប៉ុន្តែ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង គឺ​លោក ហេង ផល្លា ចុះ​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០១៧ បង្គាប់​តំណាង​សហគមន៍​ដីធ្លី​នៅ​ស្រុក​រមាសហែក ចំនួន ៤​នាក់ គឺ​អ្នកស្រី ម៉ម ស៊ីណា អាយុ ៥១​ឆ្នាំ លោក​ ធឿន វ៉ែង អាយុ ៥៣​ឆ្នាំ លោក សំ វឿន អាយុ ៤៣​ឆ្នាំ​ និង​អ្នកស្រី ខៀវ សាវុន អាយុ ៣៨​ឆ្នាំ ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​មករា ដើម្បី​ផ្ដល់​ចម្លើយ​អំពី​រឿង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​រំលោភ​កាន់​កាប់​ដី​ឯកជន​របស់​រដ្ឋ នៅ​ភូមិ​ស្រែឫស្សី ឃុំ​អំពិល​ ស្រុក​រមាសហែក។

ចំណែក​ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក អ្នកស្រី ឥន សូត្រ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ពួកគាត់​មក​គាំទ្រ​នៅ​មុខ​​សាលាដំបូង​ខេត្ត​ស្វាយរៀង គឺ​ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​តុលាការ​ចាប់​តំណាង​របស់​ពួកគាត់​ដាក់​ពន្ធនាគារ​ ដោយ​​ពុំ​បាន​រក​យុត្តិធម៌​ជូន​ពួកគាត់៖ «ហ្នឹង​ហើយ​ខ្លាច​ពួកគាត់​មក​គ្នា​តិច​ទៅ​គេ​ចាប់​ពួកគាត់​ដាក់​គុក​ មាន​អ្នក​ណា​ជួយ​ពួកគាត់​បាន ព្រោះ​អី​ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​ ព្រោះ​ដី​ជា​ដី​របស់​សហគមន៍​មែន។ ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ពួកគាត់»។

ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន​ លើក​ឡើង​​ថា ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បង្គាប់​ឲ្យ​សហគមន៍​ដីធ្លី​ចូល​បំភ្លឺ​ក្នុង​រឿង​នេះ​ គឺ​ជា​ការ​គំរាមកំហែង​មួយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ការពារ​មិន​ឲ្យ​ពួកគាត់​តវ៉ា​ជា​មួយ​ក្រុមហ៊ុន​បន្ត​ទៀត៖ «ហើយ​ខ្ញុំ​គិត​ថា​យុទ្ធសាស្ត្រ​ការ​គំរាមកំហែង​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​គួរ​តែ​មិន​ត្រូវ​ធ្វើ​ទៅ​លើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ទំនាស់​ដីធ្លី​ទេ​ អាជ្ញាធរ​គួរ​តែ​ងាក​មក​ធ្វើ​ការ​ដោះស្រាយ​ ដោយ​រក​វិធី​សាស្ត្រ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដំណោះស្រាយ​សមស្រប​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ទទួល​បាន​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ជា​ជាង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ»។

លោក​ ថេង សាវឿន បន្ថែម​ទៀត​ថា កន្លង​មក​តុលាការ​បាន​កោះហៅ​តំណាង​សហគមន៍​ដីធ្លី​ស្រុក​រមាសហែក ចូល​បំភ្លឺ​ចំនួន ៩​នាក់​រួច​មក​ហើយ ក៏​ប៉ុន្តែ​តុលាការ​ហាក់​មិន​បាន​ដោះស្រាយ​អ្វី​ជូន​ពួកគាត់​នោះ​ឡើយ។ ក្រុម​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង ៤​រសៀល ថ្ងៃ​ទី​២៥ ខែ​មករា ដដែល​​ បន្ទាប់​ពី​អ្នក​ភូមិ​​រង់ចាំ​តំណាង​របស់​ពួកគេ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ប្រមាណ ២​ម៉ោង ដោយ​​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បាន​ប្រាប់​ពួកគាត់​ថា​ បាន​ពន្យារ​ពេល​នៃ​ការ​សាកសួរ​ទៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ វិញ ក្រោម​ហេតុផល​មាន​សំណុំរឿង​ច្រើន​មិន​អាច​សាកសួរ​ទាន់។ ទោះ​ជា​យ៉ាង​ណា​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួកគេ​នឹង​លើក​គ្នា​មក​គាំទ្រ​តំណាង​របស់​ខ្លួន​​សា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>