
សុក្រ, ២៦ មករា ២០១៨ 17:50 ដោយ: ដើមអម្ពិល
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មហិច្ឆតាចង់ចងកម្មចងពៀរនៅបន្ត ដែលន័យនេះ សំដៅទៅដល់ អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ (CNRP) ដែលកំពុងបន្តសកម្មភាព ស្វែងរកការអន្តរាគមន៍ពីសំណាក់បរទេស ក្នុងការទាមទារ ឲ្យដោះលែងអតីតមេបក្សប្រឆាំង លោក កឹម សុខា ។
ថ្លែងក្នុងបណ្តាញផ្ញើសារ តេឡេក្រាម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន បានលើកឡើងថា "ថ្មីៗនេះ ព្ញថាមានសមាជិព្រឹទ្ធសភា អាមេរិក ២-៣ នាក់បានលើកសំណើរ ឲ្យតំណាងអចិន្ត្រៃយ៍ប្រចាំ អសប(អង្គការសហប្រជាជាតិ) ឲ្យបន្តដាក់គំនាប មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទថាផ្តាច់ការ ធ្វើទុកបុកម្នេញ លើគណបក្សប្រឆាំង"។
លោកបន្តថា "ប៉ុន្តែ បញ្ហានេះ មិនមែនជារឿងថ្មីទេ ។ កន្លងទៅ កូនស្រីកឹម សុខា ក៏ធ្លាប់បានទៅជួបប្រជុំ រួមជាមួយប៉ា ងួនទៀង ជាមួយតំណាង សរអា (សហរដ្ឋអាមេរិក) អចិន្ត្រៃយ៍ អសប និង តំណាងអចិន្ត្រៃយ៍សហគមន៍អឺរ៉ុប ប្រចាំ អសប សុំឲ្យព្យួរអសនៈកម្ពុជានៅអសប ។ តែឥតប្រយោជន៍ រឿងនេះ ផ្ទុយទៅនឹងធម្មនុញ្ញអសប ដែលមិនឲ្យជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង បណ្តាប្រទេសជាសមាជិកអសប"។
លោកបានលើកឡើងបន្ថែមថា "ដូច្នេះ ឥឡូវជារឿងដដែល មិនមានឥទ្ធិពលអ្វី ប៉ះពាល់ដល់ឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី កម្ពុជាឡើយ ៕