Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​បុរីកីឡា​ខ្វែង​គំនិត​គ្នា​រឿង​ទទួល​សំណង

$
0
0
តំណាង​ពលរដ្ឋ​បុរីកីឡា លោកស្រី ស ស៊ន ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។ Photo: RFA

ដោយ សន ចាន់រដ្ឋា RFA 2018-01-26

ជនរងគ្រោះ​ដីធ្លី​នៅ​បុរីកីឡា មាន​ការ​មិន​យល់​ស្រប​គ្នា​ក្នុង​ការ​ទទួល​យក​សំណង។ ពលរដ្ឋ​ខ្លះ​មិន​យល់​ព្រម​ទទួល​សំណង​ដែល​ផ្ដល់​ដោយ​សាលាក្រុង​ភ្នំពេញ នៅ​ឡើយ​ទេ និង​មាន​អ្នកខ្លះ​យល់​ព្រម។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​តាមដាន​ដំណើរ​រឿង​នេះ ស្នើ​ឲ្យ​សាលាក្រុង​បន្ត​សម្របសម្រួល​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ដោយ​តម្លាភាព ទើប​វិបត្តិ​ដីធ្លី​នៅ​តំបន់​នោះ​អាច​បញ្ចប់​បាន។

ក្រុម​ពលរដ្ឋ​បុរីកីឡា​ដែល​មិន​ទាន់​ព្រម​ទទួល​យក​សំណង​និយាយ​ថា ថវិកា​ដែល​សាលាក្រុង​ផ្តល់​ឲ្យ​ពេល​នេះ​មិន​អាច​គ្រប់គ្រាន់​ឲ្យ​ពួកគេ​ទិញ​ផ្ទះ​រស់​នៅ​បាន​សមរម្យ​ទេ។ ប៉ុន្តែ​ពលរដ្ឋ​ដែល​ទទួល​យក​លុយ​របស់​សាលាក្រុង​យល់​ថា បើ​យក​លុយ​ទិញ​ផ្ទះ ឬ​ទិញ​បន្ទប់​នៅ​ពេល​នេះ​ជា​រឿង​ល្អ ព្រោះ​មុន​បោះ​ឆ្នោត ដី ផ្ទះ និង​បន្ទប់​ស្នាក់​នៅ​មិន​សូវ​ឡើង​ថ្លៃ​ខ្ពស់​ដូច​បោះឆ្នោត​ហើយ​ឡើយ។

​គិត​មក​ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ក្នុង​ចំណោម​ពលរដ្ឋ ១១​គ្រួសារ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​គឺ​មាន​ពលរដ្ឋ​ពីរ​គ្រួសារ​ប៉ុណ្ណោះ​ដែល​ព្រម​ទទួល​យក​សំណង។

​ពលរដ្ឋ​ទាំង​ពីរ​គ្រួសារ​ដែល​យល់ព្រម​ទទួល​សំណង​នោះ​មួយ​គ្រួសារ​យល់​ព្រម​ទទួល​លុយ​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ (១៦.០០០​ដុល្លារ) រួច​ហើយ​ដើរ​ចេញ​ពី​ទី​នេះ។ មួយ​គ្រួសារ​ទៀត​ត្រូវ​សាលាក្រុង​ហៅ​ទទួល​សំណង​ស្ងាត់ៗ ដោយ​គ្មាន​អ្នក​ណា​ដឹង​ថា សាលាក្រុង​ផ្ដល់​ថវិកា​ប៉ុន្មាន ឬ​បាន​ផ្ទះ​នៅ​តំបន់​ណា​នោះ​ទេ។

​ពលរដ្ឋ​បុរីកីឡា​ដែល​យល់​ព្រម​យក​លុយ​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ​ដើម្បី​បញ្ចប់​ជម្លោះ គឺ​លោកស្រី ង៉ូវ ណារី ឲ្យ​អាស៊ីសេរី ដឹង​ថា មូលហេតុ​ដែល​លោកស្រី​យល់​ព្រម​យក​លុយ ព្រោះ​ការ​ទាមទារ​រយៈពេល ៦​ឆ្នាំ​កន្លង​ទៅ​នេះ​ធ្វើ​ឲ្យ​លោកស្រី​ជំពាក់​លុយ​គេ​ច្រើន​ណាស់ ដូច្នេះ​លោកស្រី​យក​ចង់​លុយ​បាន​ពី​សំណង​នេះ​ទៅ​សង​គេ​ខ្លះ ហើយ​លុយ​នៅ​សល់​ពី​សង​គេ លោកស្រី​គ្រោង​យក​ទៅ​ទិញ​បន្ទប់​សម្រាប់​រស់​នៅ។ លោកស្រី​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោកស្រី​ចង់​ទិញ​បន្ទប់​នៅ​តំបន់​បុរីកីឡា ឲ្យ​បាន​មុន​បោះឆ្នោត ព្រោះ​លោកស្រី​យល់​ថា តម្លៃ​បន្ទប់​នៅ​ពេល​នេះ​មិន​សូវ​ថ្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​បោះ​ឆ្នោត​ហើយ​អាច​ថ្លៃ​ជាង​នេះ៖ «»។

​ទម្រាំ​មាន​ពលរដ្ឋ​ពីរ​គ្រួសារ​ក្នុង​ចំណោម ១១​គ្រួសារ ដែល​មាន​ឯកសារ​គ្រប់គ្រាន់​យល់​ព្រម​ទទួល​យក​សំណង​នៅ​ពេល​នេះ សាលា​ខណ្ឌ​៧មករា តែង​កោះហៅ​ពលរដ្ឋ​ទៅ​ប្រជុំ​ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​យល់​ព្រម​ទទួល​យក​សំណង។ លោកស្រី ង៉ូវ ណារី ប្រាប់​ទៀត​ថា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា តែងតែ​ប្រើ​ពាក្យ​អសុរោះ គំរាមកំហែង​ឲ្យ​ពលរដ្ឋ​យល់​ព្រម​ទទួល​សំណង​ដ៏​តិចតួច​របស់​សាលាក្រុង។

​ចំណែក​ពលរដ្ឋ​បុរីកីឡា ម្នាក់ទៀត​ដែល​មិន​ទាន់​យល់ព្រម​ទទួល​សំណង​របស់​សាលាក្រុង​ភ្នំពេញ គឺ​លោកស្រី ស ស៊ន នៅ​តែ​រក្សា​ជំហរ​ទាមទារ​ប្រាក់​ពីរ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ (២៥.០០០) ឬ​ផ្ទះ​នៅ​បុរីកីឡា។ លោកស្រី ស ស៊ន យល់​ថា ការ​សម្រេច​ចិត្ត​របស់​ពល​បុរីកីឡា ផ្សេង​ទៀត​ដែល​យល់​ព្រម​ទទួល​យក​សំណង​ជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​ចំពោះ​លោកស្រី​បើ​មិន​បាន​ដូច​ការ​ទាមទារ​លោកស្រី​មិន​ព្រម​ចាក​ចេញ​ទៅ​ណា​ទេ៖ «»។

​មនុស្ស​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ដ មិន​ពេញ​ចិត្ត​ចំពោះ​ដំណោះស្រាយ​របស់​ក្រុង​ភ្នំពេញ ពេល​នេះ​នៅ​ឡើយ​ទេ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​យល់​ថា សាលាក្រុង​គួរ​ជ្រើសរើស​យន្តការ​មួយ​ឲ្យ​ស្មើភាព​គ្នា​ក្នុង​ការ​ដោះស្រាយ មិន​មែន​ហៅ​ពលរដ្ឋ​ម្តង​មួយ​គ្រួសារៗ​ទៅ​យក​សំណង​ស្ងាត់ៗ​នោះ​ទេ។

​ចំណែក​អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់​ថា ការ​ដោះស្រាយ​ម្ដង​មួយ​គ្រួសារៗ​របស់​សាលាក្រុង​ភ្នំពេញ នៅ​ពេល​នេះ គឺ​ជា​យុទ្ធសាស្ត្រ​បំបែក​ពលរដ្ឋ។ លោក​យល់​ថា ដំណោះស្រាយ​បែបនេះ​នឹង​ធ្វើ​ឲ្យ​បញ្ហា​ដីធ្លី​មាន​ភាព​ស្មុគស្មាញ​ទៅ​ថ្ងៃ​មុខ៖ «»។

ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​តំបន់​បុរីកីឡា នៅ​ពេល​នេះ អភិបាល​ក្រុង​ភ្នំពេញ បាន​ប្រគល់​ការងារ​នេះ​ឲ្យ​អភិបាល​ខណ្ឌ​៧​មករា លោក លឹម សុភា។

​ពលរដ្ឋ​បុរីកីឡា ពីរ​ក្រុម​ដែល​អាជ្ញាធរ​កំពុង​ផ្តល់​សំណង​គឺ​ក្រុម​ពលរដ្ឋ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន ៣២​គ្រួសារ និង​ក្រុម​ពលរដ្ឋ​មាន​ឯកសារ​គ្រប់គ្រាន់​ចំនួន ១១​គ្រួសារ។

​ពលរដ្ឋ​ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់​ជិត ២០​គ្រួសារ ក្នុង​ចំណោម ៣២​គ្រួសារ  ទទួល​បាន​សំណង​ជា​ផ្ទះ​នៅ​ជាយ​ក្រុង​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អណ្ដូង សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ក្រុង​ភ្នំពេញ។

​ចំណែក​ពលរដ្ឋ​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​មាន​តែ​ពីរ​គ្រួសារ​ប៉ុណ្ណោះ ក្នុង​ចំណោម ១១​គ្រួសារ​ដែល​ព្រម​ទទួល​យក​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>