Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-08-04
ពលរដ្ឋដឹកជន្លង់ម្រេចនៅខេត្តក្រចេះ អះអាងថា នឹងផ្លាស់ប្ដូររបរនេះបន្ទាប់ពីពួកគេបានរំដោះរថយន្តពីរគ្រឿងចេញពីទីស្នាក់ការកងរាជអាវុធហត្ថក្រុងក្រចេះ កាលពីថ្ងៃទី៣ សីហា។ បុរសម្នាក់ក្នុងចំណោមអ្នករងរបួសក្នុងពេលប៉ះទង្គិចជាមួយកងរាជអាវុធហត្ថក្រុងក្រចេះ បានស្លាប់នៅរសៀលថ្ងៃទី៤ សីហា។
ពលរដ្ឋដឹកជន្លង់ម្រេចរស់នៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃទី៤ សីហា ថា ពួកគេបង្ខំចិត្តរំដោះរថយន្តពីរគ្រឿងពីទីស្នាក់ការកងរាជអាវុធហត្ថក្រុងក្រចេះ ដោយសារពួកគាត់ពុំមានលទ្ធភាពបង់ថ្លៃផាកពិន័យឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ និងស្ថាប័នពាក់ព័ន្ធ ដោយរថយន្តមួយគ្រឿងត្រូវបង់ចាប់ពី ១ពាន់ដុល្លារដល់ ៣ពាន់ដុល្លារ។
ពលរដ្ឋរស់នៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ លោកស្រី អាង សុខា ឲ្យដឹងថា ពួកគាត់បង្ខំចិត្តរំដោះរថយន្តពីទីស្នាក់ការកងរាជអាវុធហត្ថ ដោយសារជីវភាពខ្វះខាត ជំពាក់បំណុលធនាគារ ម្យ៉ាងប្ដីលោកស្រីគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ដោយសារដឹកជន្លង់ម្រេចកាលដើមសប្ដាហ៍នេះ។ លោកស្រីអំពាវនាវឲ្យស្ថាប័នអយ្យការខេត្តក្រចេះ ទម្លាក់បទចោទករណីនេះ ហើយលោកស្រីសន្យាថានឹងផ្លាស់ប្ដូរមុខរបរនេះ៖ «ខ្ចីអង្គការទិញឡានតិចតួចដើម្បីចិញ្ចឹមគ្រួសារហ្នឹង។ ក្រ! យើងខ្ចីលុយអង្គការចឹង ជំពាក់បងប្អូនទៅ គ្រាន់រកលុយគ្រាន់កូនរៀនទៀត»។
កាលពីថ្ងៃទី៣ សីហា ពលរដ្ឋប្រមាណ ៥០នាក់ បានលើកគ្នាទៅសាលាខេត្តក្រចេះ សុំឲ្យអភិបាលខេត្ត អន្តរាគមន៍ករណីមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចឃាត់រថយន្តពួកគាត់ ហើយនៅរសៀលថ្ងៃដដែល ពួកគាត់បានសម្រុកចូលទីស្នាក់ការកងរាជអាវុធហត្ថក្រុងក្រចេះ រំដោះរថយន្តប្រភេទសាំងយ៉ុង ២គ្រឿង។ ការសម្រុកចូលរំដោះរថយន្តនេះ បង្កឲ្យពលរដ្ឋ ៥នាក់របួស និងពលរដ្ឋម្នាក់រងរបួសធ្ងន់ដោយប៉ះទង្គិចជាមួយមន្ត្រីអាវុធហត្ថ។ ចំណែករថយន្តអាវុធហត្ថមួយគ្រឿងបានខូចខាត ហើយក្រុមបាតុករបានរុញរថយន្តនោះចេញក្រៅទីស្នាក់ការ។
ពលរដ្ឋដឹកជន្លង់ម្រេចនៅខេត្តត្បូងឃ្មុំ លោក សំ អឿន និយាយទាំងកំហឹងថា ក្រុមពលរដ្ឋដឹកជន្លង់ម្រេចមានការឈឺចាប់ចំពោះការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចដែលឃាត់រថយន្តពលរដ្ឋដឹកជន្លង់ម្រេចរបស់ពួកគាត់ ហើយតម្រូវឲ្យបង់ប្រាក់ ១ពាន់ដុល្លារឡើងទៅក្នុងមួយរថយន្ត។ លោកអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល កំណត់ឈើប្រភេទណាអាចរកស៊ីបាន និងឈើប្រភេទណាដែលពលរដ្ឋមិនអាចរកស៊ីបាន៖ «៥០ ទៅ ៦០ដើមមួយជន្លង់បីម៉ឺនទៀត ហើយនៅពិន័យឡានពី ១ពាន់ទៅ ២ពាន់ដុល្លារទៀតក្នុងមួយគ្រឿង។ ចឹងអស់ ១០គ្រឿងមិនក្រោមពីរម៉ឺនដុល្លារទេ។ ពលរដ្ឋសម្រេចចិត្តទោះបីជាបាញ់ក៏ដោយ ត្រូវសែងឡានប៉េអិមហ្នឹងចេញ ហើយរំដោះឡានមកវិញ នៅសល់ឡានពីរគ្រឿងទៀត»។
កាលពីដើមខែកក្កដា ឆ្នាំ២០១៦ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចខេត្តក្រចេះ បានឃាត់រថយន្តដឹកក្ដារ ឈើធ្វើផ្ទះ និងជន្លង់ម្រេចជាង ១០គ្រឿង ហើយបានប្រគល់ជូនម្ចាស់រថយន្តវិញដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យ ១ពាន់ដុល្លារឡើងទៅ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បញ្ជាក់យ៉ាងខ្លីថា អាវុធហត្ថពុំមានវិធានការករណីនេះទេ ដោយរង់ចាំតំណាងអយ្យការសម្រេច៖ «ចំណាត់ការឋិតនៅលើអយ្យការ គឺអយ្យការជាអ្នកដឹកនាំ»។
តំណាងអយ្យការខេត្តក្រចេះ លោក ហាក់ ហ៊ាន់ បញ្ជាក់ថា តំណាងអយ្យការមិនទាន់សម្រេចថានឹងចាត់វិធានការយ៉ាងណាដែរ ដោយរង់ចាំរបាយការណ៍ពីអាវុធហត្ថ៖ «បទល្មើសហ្នឹងវាផ្ដើមពីបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើជន្លង់ម្រេចដែលគ្មានការអនុញ្ញាត។ យើងនឹងពិនិត្យមើល ប្រហែលចោទប្រកាន់ពលរដ្ឋ ឬមិនគួរចោទប្រកាន់»។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា ការអនុវត្តច្បាប់របស់អាជ្ញាធររដ្ឋាភិបាលច្រើនតែមានការប្រតិកម្មពីប្រជាពលរដ្ឋ។ លោកថា ករណីនេះក៏ជាកំហុសរបស់រដ្ឋបាលខេត្តក្រចេះ ដែរ ដែលបណ្តោយឲ្យអ្នកមានអំណាច និងឧកញ៉ាមួយចំនួនពាក់ព័ន្ធកាប់ទន្ទ្រានព្រៃឈើរាប់ពាន់ហិកតារ និងដឹកជញ្ជូនឈើប្រណិតឆ្លងដែនពុំឃើញអនុវត្តច្បាប់។
បុរសម្នាក់ក្នុងចំណោមមនុស្ស ៥នាក់ដែលរងរបួសធ្ងន់ នៅគ្រាដែលបានប៉ះទង្គិចជាមួយមន្ត្រីអាវុធហត្ថខេត្តក្រចេះ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី៤ សីហា។ បុរសនោះ គឺជាអ្នកដឹកជន្លង់ម្រេចរស់នៅខេត្តក្រចេះ បានចូលរួមជាមួយពលរដ្ឋរាប់រយនាក់រំដោះរថយន្តចេញពីទីស្នាក់ការអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី៣ កក្កដា៕