![]() |
ញោមប្រុសព្រះអង្គ ហន សុផាន្នី ក្រោយត្រឡប់ពីសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនារាជធានីភ្នំពេញ កាលពីចុងខែធ្នូ ឆ្នាំ២០១៧។ Photo provided |
ដោយ អាស៊ីសេរី RFA 2018-01-27
លោក អេង រ៉ាន់ ញោមប្រុសរបស់ព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ មុននឹងស្លាប់បានប្រាប់ភរិយាថា លោកចង់ជួបមុខកូនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តបាត់ដំបង នៅដង្ហើមចុងក្រោយ ដើម្បីស្លាប់ទៅលោកបិទភ្នែកជិត ប៉ុន្តែលោកមិនបានសម្រេចបំណងមុនស្លាប់ឡើយ។ លោក អេង រ៉ាន់ បានស្លាប់ កាលពីយប់ថ្ងៃទី២២ មករា ក្នុងជន្មាអាយុ ៥៥ឆ្នាំដោយសារជំងឺ។
លោកស្រី ឈាន ម៉ាប់ ញោមស្រីព្រះអង្គ ហន សុផាន្នី ថ្លែងថា លោកស្រីបានថវិកាពីសប្បុរសជនក្នុង និងក្រៅប្រទេសប្រមាណ ១ពាន់ដុល្លារអាមេរិក ដើម្បីធ្វើបុណ្យគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធស្វាមីទៅកាន់សុគតិភព ដោយចាប់ផ្ដើមនៅរសៀលថ្ងៃទី២៧ ខែមករា។
លោកស្រី ឈាន ម៉ាប់ អាយុ ៤៤ឆ្នាំ បន្តថា ប្រសិនបើគ្មានជំនួយពីសប្បុរសជនទេ គឺលោកស្រីច្បាស់ជាទៅខ្ចីប្រាក់គេជំពាក់ប្រាក់គេវ័ណ្ឌកហើយ ព្រោះជីវភាពក្រីក្រគ្មានថវិកាសម្រាប់ធ្វើគម្រប់៧ថ្ងៃទេ។ លោកស្រីថា ទ្រព្យសម្បត្តិដែលមានក្នុងផ្ទះ ដូចជាគោយន្តនិងម៉ូតូជាដើម ត្រូវបានលក់មើលជំងឺប្ដីអស់ទៅហើយ៖ «ធ្វើបុណ្យល្ងាចនេះហើយ ដោយជំពាក់គេខ្លះទៅ ធ្វើមិចបើវាអត់ហើយ ព្រោះបើតាមប្រពៃណីត្រូវតែធ្វើបុណ្យទៅហើយ ទោះបីគ្មានប្រាក់ក៏ចេះតែរត់រកប្រាក់គេបន្តិចបន្តួចធ្វើបុណ្យទៅ»។
លោកស្រីបន្តទៀតថា លោកស្រីនៅនឹកឃើញសម្ដីរបស់ស្វាមីមិនទាន់ភ្លេចនៅឡើយ ជាពិសេសពាក្យដែលស្វាមីបានផ្ដាំចុងក្រោយមុននឹងស្លាប់ គឺប្ដីនិយាយថាចង់ជួបមុខកូន គឺព្រះអង្គ ហន សុផាន្នី ណាស់។
លោកស្រីថា បានត្រឹមសម្រក់ទឹកភ្នែកនៅមុខប្ដីមុនដាច់ខ្យល់ ដោយអារម្មណ៍ក្ដុកក្ដួល ដោយសារកូននៅក្នុងពន្ធនាគារ៖ «គាត់នឹងតែកូន គាត់ថា គាត់មិនចង់ស្លាប់ទេ គាត់នឹងតែកូន ព្រោះតាំងពីកូនជាប់ពន្ធនាគារមកអត់បានជួបមុខកូនសោះ គាត់ដេកសម្រែងថាមិនបានជួបកូនហ្នឹង។ គាត់ថាមិនគួរណាឡើយគេមិនឲ្យកូនគាត់មកជួបមុខគាត់មួយភ្លេចជីវិតគាត់ចុងក្រោយហើយ គាត់ថាអីក៏គេដាច់មេត្តាម្ល៉េះ មិនឲ្យកូនមកជួបគាត់។ ខ្ញុំក៏ថាឯងអើយ ធ្វើមិចយើងរស់នៅក្រោមសង្គមក្រោមគេ ស្រេចតែគេ ឯងកុំតូចចិត្តធ្វើមិចវាសនាយើងមិនបានជួប ហើយសូមឯងទៅឲ្យបានសុខចុះ»។
បណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ប្រចាំខេត្តបាត់ដំបង ព្រះតេជព្រះគុណ ហន សុផាន្នី ត្រូវបានតុលាការខេត្តបាត់ដំបង សម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ក្រោមបទចោទថា បានញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ ព្រះអង្គគង់នៅវត្តដំរីស ក្រុងបាត់ដំបង ត្រូវបានសមត្ថកិច្ចឃាត់ព្រះកាយ កាលពីថ្ងៃទី២១ មិថុនា និងត្រូវបានមន្ត្រីតុលាការខេត្តមួយនេះបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង កាលពីថ្ងៃទី២២ មិថុនា ក្រោមបទចោទពីរករណី គឺពីបទដឹកជញ្ជូន និងកាន់កាប់អាវុធដោយខុសច្បាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
ប៉ុន្តែកន្លងមកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា តុលាការចាប់ព្រះសង្ឃដោយពុំបានស៊ើបអង្កេតច្បាស់លាស់ ពីព្រោះកាំភ្លើងដែលព្រះអង្គ ហន សុផាន្នី បង្ហោះនៅលើបណ្ដាញហ្វេសប៊ុក (Facebook) កាលពីខែមេសា ឆ្នាំ២០១៧នោះ គឺជាកាំភ្លើងជ័រសម្រាប់ក្មេងលង ពុំមែនជាអាវុធដែលបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕