Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ ស្វះស្វែង​រក​អន្តរាគមន៍​ដោះស្រាយ​ជាថ្មី

$
0
0
ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​មក​ពី​ខេត្ត​កោះកុង​ដើរ​ដាក់​ញត្តិ​ក្នុង​រាជធានី​ពី​ម្សិលមិញ​​។ ហុង មិនា

ទូច សុខា ភ្នំពេញ​ប៉ុស្តិ៍​ Fri, 5 August 2016

ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាង ៧០ នាក់​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ​មកពី​​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​បាន​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​​ និង​អន្តរជាតិ​ចំនួន​ ៤ នៅ​ភ្នំពេញ​ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ពួកគាត់​ថា​ជា​របស់​សមាជិក​ព្រឹទ្ធសភា​​គណបក្ស​ប្រជាជន​ម្នាក់​។

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​ស្រែ​អំបិល និង​ស្រុក​បទុមសាគរ​ក្នុង​ខេត្ត​កោះកុង​មាន​គ្នា​ចំនួន ៧៤ នាក់​តំណាង​ប្រជាពលរដ្ឋ ១៤៧ គ្រួសារ​បាន​ដើរ​ដាក់​ញត្តិ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋសភា​សហភាព​អឺរ៉ុប​ក្រសួង​កសិកម្ម និង​ក្រសួង​ដែនដី។

អ្នក​ទាំង​នោះ​អះអាង​ថា​ដី​របស់​ពួកគេ​មាន​ទំហំ ៧៨២,១៦ ហិកតា​ហើយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ និង​ក្រុមហ៊ុន​កោះកុង​ផ្លែនថេសិនអ៊ិនដាស្រ្តី ខមភេនី លីមីតធីត ដែល​ពួក​គាត់​ថា​ជា​របស់​សមាជិក​ព្រឹទ្ធសភា​លោក លី យ៉ុងផាត់ តាំងពី​ឆ្នាំ ២០០៦ មក​។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​គឺ​អ្នកស្រី ផាវ ញ៉ើង ដែល​បាន​ចូលរួម​ដាក់​ញត្តិ​ទៅ​​ស្ថាប័ន​ទាំង​នោះ​បាន​​​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ប្រជាពលរដ្ឋ​របស់​អ្នកស្រី​បាន​បាត់បង់​ដី​ស្រែ​ចម្ការ​ដែល​ធ្លាប់​កាន់កាប់​តាំងពី​ដូនតា​ និង​ខ្លះ​កាន់កាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០។

អ្នកស្រី​ឲ្យ​ដឹង​ដែរ​ថា​ ស្ថាប័ន​ទាំង​នោះ​បាន​ទទួល​យក​ញត្តិ​របស់​ពួក​អ្នកស្រី និង​បាន​សន្យា​ថា​បញ្ជូន​ញត្តិ​នេះ​ទៅ​ឲ្យ​ថ្នាក់​លើ​បន្ត​ទៀត​ដើម្បី​ពិនិត្យ​រក​ដំណោះស្រាយ។

អ្នកស្រី​បន្ថែម​ថា​ តំណាង​របស់​អ្នកស្រី​បី​នាក់​បាន​ជួប​ផ្ទាល់​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក George Edgar និង​ថា​ឯកអគ្គរដ្ឋទូត​រូប​នេះ​សន្យា​សិក្សា​លើ​បញ្ហា​នេះ​ និង​ជួយ​ជំរុញ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​។

អ្នកស្រី​បន្ថែម​ថា៖ «​គាត់​ (ខាង​សហភាព​អឺរ៉ុប) នឹង​ព្យាយាម​ចុះ​ទៅ (​ទីតាំង​ជម្លោះ) ​​ប៉ុន្តែ​​គាត់​អត់​ប្រាប់​ថា​ទៅ​ពេល​ណា​ទេ​គាត់​នឹង​ចុះ​ទៅ​ស៊ើប​អង្កេត​ខ្លួន​គាត់​ហើយ​ទៅ​មើល​ឲ្យ​ដឹង និង​ពិនិត្យ​ផ្ទាល់​ប៉ុន្តែ​ការ​ដោះស្រាយ​នោះ​គាត់​អត់​សន្យា​ទេ​គាត់​អត់​មាន​ឥទ្ធិពល​ទេ​មាន​តែ​រដ្ឋាភិបាល​ទេ​មាន​សិទ្ធិ​ដោះស្រាយ​បើ​រដ្ឋាភិបាល​ដោះ (ស្រាយ) ​បាន​ដោះ​បើ​អត់​គឺ​អត់​ហើយ»។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត​គឺ​អ្នកស្រី ណុំ វណ្ណារី បាន​ថ្លែង​​ថា​សព្វថ្ងៃ​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​ជីវភាព​ដោយ​ថា​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ និង​កំពុង​រង​ការ​គំរាមកំហែង​បណ្តេញ​ចេញ​ពី​ដី​ផ្ទះ​ដែល​កំពុង​រស់នៅ​សព្វ​ថ្ងៃ​ទៀត​ផង។​

អ្នកស្រី​បន្ថែម​ថា៖ «ពួកយើង​​ដេក​នៅ​​ភ្នំពេញ​ស៊ី​អត់​ស៊ី​ឃ្លាន​ដេក​ឲ្យ​មូសខាំ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​​យក​ដី​នេះ​មក​ចិញ្ចឹម​កូនចៅ​ជំនាន់​ក្រោយ​ទៀត​ចង់​​ដឹង​ថា​ប្រទេស​ជាតិ​យើង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​កុំ​ឲ្យ​បណ្តេញ​ពួកយើង​ខ្ញុំ​ចេញ​ដោយ​​គ្មាន​មូលហេតុ​អ្វី​ទាំងអស់​ថា​អភិវឌ្ឍ​​សេដ្ឋកិច្ច​ឲ្យ​រីកចម្រើន​ប៉ុន្តែ​មក​អារក​ពួក​ខ្ញុំ​ទាំង​រស់​អយុត្តិធម៌​ណាស់»។

អ្នក​តំណាង​លោក លី យ៉ុងផាត់ គឺ​លោក ស៊ិន សត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​កាលពី​ម្សិលមិញ​ថា​លោក លី យ៉ុងផាត់​ មិន​ជាប់​ពាក់ព័ន្ធ​​នឹង​ដី​ទំនាស់​ក្នុង​ខេត្ត​កោះកុង​នោះ​ទេ​ដោយ​លោក​ថា​លោក​ លី យ៉ុងផាត់ មិន​មាន​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ទី​នោះ​ឡើយ​។

លោក​បន្ត​ថា​លោក លី យ៉ុងផាត់ ​មាន​តែ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គ័រ និង​កំពង់ស្ពឺស៊ូហ្គ័រ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «និយាយ​ឲ្យ​ចំ​ទៅ​ប្រជាពលរដ្ឋ​អត់​ដឹង​​រឿង​ការងារ​របស់​គាត់​ទេ​អ៊ីចឹង​រឿង​ស្ករ​អំពៅ​នៅ​កោះកុង​ហ្នឹង​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា​ (លី យ៉ុងផាត់) សោះ​ហ្មង​បើ​ប្រជាជន​នៅ​ប្រើ​ (ឈ្មោះ) ​ក៏​ប្រើ​ចុះ​ព្រោះ​គាត់​អត់​ដឹង​ខ្ញុំ​អត់​ដឹង​សោះហ្មង​រឿង​ពាក់ព័ន្ធ​នឹង​កោះកុង​អ្វី​ក៏​ខ្ញុំ​អត់​ដឹង​ដែរ​គ្រាន់តែ​ចង់​ (បញ្ជាក់​) ថា​ឈ្មោះ​របស់​គាត់​អត់​មាន​ពាក់ព័ន្ធ​ទេ»​។

អភិបាល​ខេត្ត​កោះកុង​លោក ប៊ុន លើត បាន​ថ្លែង​ថា​បញ្ហា​ទំនាស់​ដីធ្លី​នេះ​​បាន​ផុត​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ហើយ ហើយ​អាជ្ញាធរ​ខេត្ត​ក៏​កំពុង​រង់ចាំ​ការ​សម្រេច​ ឬ​នីតិវិធី​បន្ទាប់ពី​គណៈកម្មការ​អន្តរ​ក្រសួង​ដែល​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​នេះ​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ដែនដី​លោក ជៀម សុផលមករា បាន​ឲ្យ​ដឹង​​កាលពី​ម្សិលមិញ​ថា​ក្រោយ​ពី​បាន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​ក្រសួង​នឹង​ពិនិត្យ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់ និង​ថា​ក្រសួង​នឹង​ផ្តល់​ដំណឹង​ទៅ​ពលរដ្ឋ​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ក្រោយ​ថ្ងៃ​ទទួល​ញត្តិ។​

លោក​បន្ត​ថា៖ «រាល់​ទំនាស់​ពាក់ព័ន្ធ​វិស័យ​ដីធ្លី​​ទាំងអស់​ត្រូវ​តែ​មាន​ការ​ដោះស្រាយ​តាមរយៈ​យន្តការ​ដែល​បង្កើត​នៅ​ពេល​ថ្មីៗ​នេះ​តាម​ក្រុម​ការងារ​ដោះស្រាយ​ទំានាស់​ដីធ្លី​ចុះ​ដល់​គោលដៅ​តែ​ម្តង​...ពេល​ទទួល​ញត្តិ​ភ្លាម​យើង​មិនមែន​ចុះ​ទៅ​គោលដៅ​តែ​ម្តង​ទេ​យើង​សិក្សា​ពី​ដើម​ចម​នៃ​​ទំនាស់ និង​វិភាគ​លើក​អង្គហេតុ​អង្គ​ច្បាប់​ជា​មុន​សិន»។

ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ និង​ក្រុមហ៊ុន​កោះកុង​ផ្លែនថេសិន អ៊ីនដាស្រ្តី ខមភេនី លីមីតធីត មិន​អាច​ទាក់ទង​សុំ​ការ​ឆ្លើយតប​បាន​ទេ​កាលពី​ម្សិលមិញ។

ទោះ​យ៉ាង​ណា​បើ​តាម​ព័ត៌មាន​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​​ចូល​ហ៊ុន​ជាមួយ​ក្រុមហ៊ុន Khon Kaen Sugar Industry Public Company Limited របស់​ថៃ​ដែល​មាន​ភាគហ៊ុន​ ៨០ ភាគរយ និង​ ២០ ភាគរយ​ជា​ហ៊ុន​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​​តៃវ៉ាន់​ឈ្មោះ Ve Vong Corporation។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា ដែល​បាន​តាម​ដាន​ពី​ការ​ដាក់​ញត្តិ​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ទំនាស់​នេះ​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ឲ្យ​បាន​ឆាប់​ដោយ​ថា​ដើម្បី​ចៀសវាង​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ប្រឈម​បញ្ហា​ជីវភាព​កាន់​​តែ​ខ្លាំង​ជាង​នេះ​ទៀត​។

ប្រជាពលរដ្ឋ​ដែល​ឡើង​មក​រក​អន្តរាគមន៍​នេះ​បាន​ដេក​ស្នាក់​​នៅ​ក្នុង​វត្ត​សាមគ្គី​រង្ស៊ី​ចាប់​តាំង​​ពី​ថ្ងៃ​ពុធ និង​បាន​និយាយ​ថា​ពួកគេ​នឹង​សុំ​ព្រះសង្ឃ​ស្នាក់​នៅ​ក្នុង​​វត្ត​នោះ​បន្ត​ទៀត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​រឿង​ទំនាស់​ដីធ្លី​របស់​ពួកគាត់​ឲ្យ​ទាល់​តែ​បាន៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>