Quantcast
Viewing all articles
Browse latest Browse all 40045

ជនជាតិ​ដើម​ភាគ​តិច​ជាង​៣​ពាន់​នាក់​គ្រោង​រៀបចំ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ពិភពលោក

Image may be NSFW.
Clik here to view.
ជនជាតិ​ដើម​ភាគ​តិច​ចូលរួម​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក នា​សង្កាត់​សុខុដម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។ Photo Adhoc


ដោយ រដ្ឋា វិសាល RFA 2016-08-06

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ក្រុង​ចំនួន​៩ នឹង​រៀបចំ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នៅ​ថ្ងៃ​ទី៩ ខែ​សីហា នៅ​ទីតាំង​ចំនួន​៣៧​កន្លែង​ផ្សេងៗ​គ្នា​ដើម្បី​លើកកម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លើស​ពី​នេះ​ពួកគេ​ក៏​មាន​បំណង​លើកកម្ពស់​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​អំពី​វប្បធម៌​និង​បញ្ហា​ប្រឈម​នានា​របស់​ជនជាតិ​ដើម​ភាគតិច​នៅ​ប្រទេស​កម្ពុជា។

ជនជាតិ​ដើម​ភាគតិច​ព្នង​អះអាង​ថា សហគមន៍​នៅ​ខេត្ត​មណ្ឌលគិរី​ត្រៀម​កម្មវិធី​រួម ហើយ​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២២​នៃ​ទិវា​អន្តរជាតិ​នៃ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​ខែ​សីហា ឆ្នាំ​២០១៥ ជនជាតិ​ដើម​ភាគតិច​ព្នង ជួប​រឿង​ចម្រូង​ចម្រាស់​ជាមួយ​អាជ្ញាធរ​ខេត្ត​ខណៈ​អាជ្ញាធរ​ដាក់​កងកម្លាំង​រារាំង មិន​ឲ្យ​សហគមន៍​ប្រារព្ធ​ទិវា​ដូច​គ្នា​នេះ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រា​ដា ក្រោម​ហេតុផល​ថា សហគមន៍​មិនបាន​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត។ យ៉ាង​នេះ​ក្ដី​សហគមន៍​បាន​ព្យាយាម​រៀបចំ​ពិធី​ខួប​ដ៏​មាន​សារៈសំខាន់​របស់​ពួកគេ​ក្រោម​កម្ដៅ​ថ្ងៃ និង​ចំពោះ​មុខ​កងកម្លាំង​អាជ្ញាធរ​ខេត្ត​ដែល​ព្យាយាម​ហាមឃាត់​មិន​ឲ្យ​សហគមន៍​ប្រារព្ធ​ពិធី​នេះ។

តំណាង​សហគមន៍​ឃុំ​ប៊ូស្រា លោក ក្រើង តុលា រំលឹក​ព្រឹត្តិការណ៍​នេះ​ថា ជា​ការ​រឹត​បន្តឹង​សេរីភាព និង​សិទ្ធិ​ជនជាតិ​ដើម​ដែល​ច្បាប់​ជាតិ​អន្តរជាតិ​បាន​ទទួល​ស្គាល់ ទាក់ទិន​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម ភាគតិច​ពិភពលោក។ បទពិសោធន៍​នេះ​ធ្វើ​ឲ្យ​សហគមន៍ និង​អាជ្ញាធរ​ខេត្ត​ជាពិសេស​អភិបាល ខេត្ត​មណ្ឌលគិរី​ទើប​ឡើង​កាន់​តំណែង​បាន​ជួបពិភាក្សា និង​សហការ​គ្នា​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​ការបំពាន​លើ​សិទ្ធិ​ជនជាតិ​ដើម និង​គោរព​បាន​នូវ​គោលការណ៍​កំណត់​របស់​អាជ្ញាធរ​មូលដ្ឋាន៖ «បាន​ជជែក​គ្នា​ថា​យើង​គួរ​ធ្វើ​ម៉េច។ បាន​ជជែក​រវាង​សហគមន៍​បី​ស្រុក និង​អភិបាលរង​ខេត្ត និង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ថា ពួក​ខ្ញុំ​ធ្វើតាម​តំបន់​ចំណែក​ខាង​មន្ទីរ​គាត់​ធ្វើ​នៅ​ដាក់ដាំ»។

តាម​ការ​គ្រោងទុក​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី នឹង​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ដោយ​សហការ​ជាមួយ​សហគមន៍​ពី​បណ្ដា​ស្រុក​នានា​ប្រមាណ​២​រយ​នាក់។ ពិធី​នេះ​រៀបចំ​ធ្វើ​នៅ​ឃុំ​ដាក់ដាំ ស្រុក​អូរាំង។ ដោយឡែក​ពិធី​សែន​ព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ក៏​នឹង​ត្រូវ​ប្រារព្ធ​អបអរ​ដូច​គ្នា​នេះ នៅ​ឃុំ​ចំនួន​៦​ក្នុងស្រុក​កោះញែក ស្រុក​កែវសីមា ស្រុក​ពេជ្រាដា និង​ក្រុង​សែនមនោរម្យ។

ប្រធាន​សហគមន៍​ឃុំ​ដាក់​ដាំ លោក ពើល ធិ កត់​សំគាល់​ថា អភិបាលខេត្ត​អាណត្តិ​ថ្មី យកចិត្ត​ទុក​ដាក់​លើកស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល។ លោ​កថា​នេះ​ជា​បំណង​ប្រាថ្នា​របស់​សហគមន៍​ចង់​បាន ការ​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ពេញលេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន៖ «អភិបាលខេត្ត​ថ្មី​ឥឡូវ​គាត់​បាន​សហការ​ជាមួយ​សហគមន៍​ហើយ ខាង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​គាត់​អ្នក​រៀបចំ​ផ្ទាល់​អញ្ចឹង​ធូរ​ដែរ ធូរ​អារម្មណ៍​ដើម្បី​លើកទឹកចិត្ត​ជនជាតិ​ដើម​ភាគតិច»។

ប្រធានបទ​ស្ដីពី​ជនជាតិ​ដើម​ភាគតិច​និង​សិទ្ធិ​ទទួល​បាន​ការអប់រំ​ផ្ដោត​ទៅ​លើ​កិច្ចការពារ​សិទ្ធិ និង​ការពារ​ដីធ្លី គឺជា​ខ្លឹមសារ​មាន​សារៈសំខាន់​សម្រាប់​ខួប​លើក​ទី​១២ នៃ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នៅ​ប្រទេស​កម្ពុជា។

តំណាង​សហគមន៍​ឃុំ​ក្បាលរមាស ខេត្តស្ទឹងត្រែង លោក ដាំ សំណាង ថ្លែង​ថា សិទ្ធិ​ទទួល​បានការ​អប់រំ​គឺជា​សារ​ដាស់​ស្មារតី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ ឲ្យ​ភ្ញាក់​រលឹក និង​ខិតខំ​បណ្ដុះ​ប្រាជ្ញា​ស្មារតី អភិវឌ្ឍន៍​ក្រុម​គ្រួសារ​និង​សហគមន៍​ទទួល​បាន​ការយល់​ដឹង ត្រឹមត្រូវ​អភិរក្ស​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​បាន​កាន់តែ​ប្រសើរ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដីធ្លី​បាន​នៅ​គង់វង្ស​ទៅ​ថ្ងៃ​អនាគត។ លើស​ពី​នេះ​ទៀត​ប្រធានបទ​នេះ​ក៏​ជា​សារ​ជំរុញ ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​យ៉ាងសកម្ម​ការ​ពារ​សិទ្ធិ​និង​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​នៅ​មូលដ្ឋាន​ឡើង​វិញ៖ «នៅ​មិន​ទាន់​បាន​ប្រសើរ​ទេ ជាក់ស្ដែង​នៅ​ស្រុក​ខ្ញុំ​មាន​បញ្ហា​ប្រើប្រាស់​ដីធ្លី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន។ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ការ​មិន​គោរព​ច្បាប់ ឬ​ការរើសអើង។ ការ​ការពារ​ក៏​មាន​ការ​ធ្វេស​ប្រហែស​ពី​ខាង​អាជ្ញាធរ​ផង​ដែរ»។

ពាក្យស្លោក​សំខាន់ៗ ជា​សារ​ចូលរួម​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំនេះ​រួមមាន ៖​សាមគ្គីភាព​នាំ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ ដីធ្លី ធនធានធម្មជាតិ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច។ការ​គោរព​សិទ្ធិ​គ្នា​នាំមក​សេចក្ដី​ថ្លៃថ្នូរ​សម្រាប់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ។ បញ្ឈប់​ការរើសអើង​ជនជាតិ​ដើម​ភាគតិច និង​យុត្តិធម៌​គឺជា​ការចាំបាច់​សម្រាប់​ការអភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​ប្រកប​ដោយ​និរន្ត​ភាព។

មន្ត្រី​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា លោក យុន រ៉ូឡង់ កត់​សំគាល់​ដែរ​ថា កន្លងទៅ​រាជរដ្ឋាភិបាល​និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​យក​ចិត្ត​ទុកដាក់​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ក៏​ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​ខ្លះ​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​ទាក់ទិន​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​បញ្ឈប់​ការ​រឹត​បន្តឹង​សេរីភាព​សហគមន៍ និង​សហការ​ល្អជា​មួយ​ជនជាតិ​ដើម​ភាគតិច ជាពិសេស​ចូលរួម​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​នៅ​ឆ្នាំនេះ ដើម្បី​រួមគ្នា​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​បាន​កាន់តែ​ប្រសើរ៖ «គួរ​ផ្ដល់​សេរីភាព​ឲ្យ​គាត់​រៀបចំ​រឿង​ហ្នឹង​ព្រោះ​ជា​ព្រឹត្តិការ​ពិភពលោក ហើយ​គាត់​ធ្វើជា​លក្ខណៈ អបអរសាទរ​បង្ហាញ​ពី​អ្វី​ដែល​គាត់​មាន ដូចជា​ច្បាប់​ផ្សេងៗ​ដែល​បាន​គាំទ្រ​គាត់។ ជា​ឱកាស​ឲ្យ​ពួកគាត់​អភិរក្ស​អត្តសញ្ញាណ​ពួកគាត់»។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​លិខិត​ណែនាំ​ឲ្យ​មន្ទីរ​ជំនាញ​គ្រប់​ខេត្ត​ក្រុង សហការ​ល្អជា​មួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ប្រារព្ធ​ទិវា អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំនេះ។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី លោក យន់ សារោម ថ្លែង​បញ្ជាក់​ថា ជា​គោលការណ៍​រាជរដ្ឋាភិបាល មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​តែង​លើកកម្ពស់​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ជាពិសេស​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ដែល​ត្រូវ​បាន​ប្រារព្ធ​រៀងរាល់​ឆ្នាំ។ លោក​ថា​ជនជាតិ​ដើម​ភាគតិច ក៏​ត្រូវ​បង្កើន​ការ​យល់ដឹង និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទាក់ទិន​សិទ្ធិ​ទាំងឡាយ​ដែល​បាន​កំណត់​ក្នុង​ច្បាប់៖ «ទិវា​នេះ​យើង​ធ្វើតាម​គោល​ការ​ច្បាប់ សហគមន៍ និង​ដៃ​គូរ​អភិវឌ្ឍន៍​ចូលរួម។ ទិវា​នេះ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច និង​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់»។

ខេត្ត​ចំនួន​៩​ដែល​គ្រោង​រៀបចំ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នៅ​ប្រទេស​កម្ពុជា​រួមមាន៖ ខេត្ត​រតនគិរី មណ្ឌលគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ ពោធិ៍សត្វ បាត់ដំបង និង​ខេត្ត​កំពង់ធំ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>