Quantcast
Viewing all articles
Browse latest Browse all 40045

សហគមន៍​ជនជាតិ​ព្នង​មួយ​ក្រុម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​លក់​ដូរ​ដី​ព្រៃ​ត្រៀម​បម្រុង


ដោយ រដ្ឋា វិសាល RFA 2016-08-07

ចាស់​ទុំ និង​សមាជិក​សហគមន៍​ភូមិ​ពូលេះ ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ភាគ​ច្រើន​យល់​ព្រម​ចុះ​ហត្ថលេខា​លក់​ដី​ត្រៀម​បម្រុង​សុំ​ចុះ​បញ្ជី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។ ចំណែក​សមាជិក​សហគមន៍​ភាគតិច ចាត់​ទុក​ការ​លក់​ដូរ​ដី​នេះ​ជា​អំពើ​ខុស​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​កប់​សព​ព្រៃ​គោរព​បូជា និង​ព្រៃ​អាស្រ័យ​ផល​សហគមន៍។

ជនជាតិ​ដើម​ភាគតិច​ព្នង ភូមិ​ពូលេះ ឃុំ​ដាក់ដាំ មួយ​ក្រុម​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ជា​បន្ទាន់​គម្រោង​ទិញ​លក់​ដី​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​អភិរក្ស​សម្រាប់​ស្នើសុំ​ចុះ​បញ្ជី​ដី​ជា​កម្មសិទ្ធិ​សមូហភាព។

ការ​អំពាវនាវ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ចាស់​ទុំ និង​សមាជិក​សហគមន៍​ប្រមាណ ៨០​ភាគរយ​ក្នុង​ភូមិ បាន​ឯកភាព​គ្នា​លក់​ដូរ​ដី​ក្នុង​តំបន់​សហគមន៍​អភិរក្ស​ដោយ​សំអាង​ថា ដី​នោះ​ជា​អតីត​ដី​ភូមិ​ចាស់​របស់​ពួក​គេ។

នៅ​ថ្ងៃ​ទី​៦ ខែ​សីហា សមាជិក​សហគមន៍​ដែល​ជំទាស់​គម្រោង​លក់​ដី បាន​ជូន​ដំណើរ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​ដែល​សហគមន៍​គ្រោង​លក់ ដើម្បី​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​បញ្ឈប់​គម្រោង​លក់​ដូរ​ដី​នោះ។

សមាជិក​សហគមន៍​ដែល​ជំទាស់​ការ​លក់​ដី លោក បូរេត កាំពី បញ្ជាក់​ថា ដី​ដែល​អ្នក​ភូមិ​គ្រោង​លក់​រួម​មាន ដី​កប់​សព ដី​ព្រៃ​សក្ការៈ និង​ដី​ព្រៃ​អាស្រ័យ​ផល​របស់​អ្នក​ភូមិ។ ហេតុ​នេះ ការ​លក់​ដូរ​ដី​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គម្រោង​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។ លោក​បន្ត​ថា សមាជិក​សហគមន៍​មួយ​ចំនួន​បាន​ចុះ​ហត្ថលេខា​ផ្ទេរ​សិទ្ធិ​លើ​ឯកសារ​លក់​ដី​នោះ​ហើយ៖ «ជា​ជនជាតិ​ដើម​ភាគតិច គាត់​ធ្វើ​អ៊ីចឹង​វា​ផ្ទុយ​ពី​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១។ ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​ពន្យល់​ដល់​ប្រជាជន​ហ្នឹង»។

របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី រក​ឃើញ​ថា លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​រវាង​អ្នក​ទិញ​ឈ្មោះ ធី ទ្រី និង​សហគមន៍ ធ្វើ​ឡើង​ជា​លក្ខណៈ​លក់​ដី​ក្នុង​មួយ​គ្រួសារ​ក្បាល​ដី ១០០​ម៉ែត្រ និង​ជម្រៅ​ដី​តាម​ភាព​ជាក់ស្តែង។

ប្រធាន​ភូមិ​ពូលេះ លោក ភ្លើយ គីម ទទួល​ស្គាល់​ថា ចាស់​ទុំ និង​សមាជិក​ភាគច្រើន​ក្នុង​ភូមិ ពិត​ជា​ព្រមព្រៀង​លក់​ដី បើ​ទោះ​បី​មាន​ការ​ជំទាស់​ពី​សមាជិក​សហគមន៍​ខ្លះ​ក៏ដោយ។ លោក​ថា នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី ពីព្រោះ​សមាជិក​សហគមន៍​ភាគច្រើន​ស្នើសុំ​ឲ្យ​លោក​ចុះ​ហត្ថលេខា៖ «ចាស់​ទុំៗ​គេ​លក់​ហ្នឹង​តាម​ដំណើរ​គេ​ទៅ បើ​បង​ឯង​ឃាត់​ក៏​មិន​រួច​ដែរ ព្រម​អស់​ហើយ​ជាង ១០០​នាក់»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក សុក រដ្ឋា បញ្ជាក់​ដែរ​ថា សមាគម​លោក​បាន​ចុះ​អង្កេត និង​ទទួល​ពាក្យ​ប្ដឹង​ពី​សមាជិក​សហគមន៍​ដែល​ជំទាស់​មិន​ឲ្យ​លក់​ដី​នោះ។ លោក​ថា នឹង​រៀបចំ​ឯកសារ​អន្តរាគមន៍​ជូន​អាជ្ញាធរ​ខេត្ត​ជួយ​ទប់ស្កាត់​ករណី​នេះ៖ «មិន​ទាន់​មាន​សកម្មភាព​ឈូស​ឆាយ​នៅ​ឡើយ​ទេ។ ក្រុម​ឈ្មួញ​កំពុង​បញ្ចុះបញ្ចូល​ជនជាតិ​ដើម ឲ្យ​ពួក​គាត់​ព្រម​ទទួល​លុយ ហើយ​ព្រម​ផ្ដិត​មេដៃ»។

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​ភូមិ​ខ្ញុំ លោក គង់ អាំ ដែល​គាំទ្រ​គម្រោង​ចុះ​បញ្ជី​ដី​សហគមន៍​ភូមិ​ពូលេះ បញ្ជាក់​ថា ផែនទី​បណ្ដោះអាសន្ន​ទាក់ទិន​ដី​ស្នើសុំ​ចុះ​បញ្ជី​ដី​នៅ​ភូមិ​ពូលេះ ធ្វើ​រួច​រាល់​ហើយ ប្រសិន​សហគមន៍​លក់​ដូរ​ដី​នោះ គឺ​ជា​អំពើ​ខុស​ច្បាប់។ លើស​ពី​នោះ​ទៀត ការ​លក់​ដូរ​ដី​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ និង​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង៖ «ដី​ព្រៃ​បម្រុង​ដី​ព្រៃ​ខ្មោច សុទ្ធសឹង​ជា​ប្រភេទ​ដី​ព្រៃ​របស់​រដ្ឋ ប្រសិន​គាត់​លក់ ទាំង​អ្នក​លក់ និង​អ្នក​ទិញ​គឺ​ខុស​ច្បាប់​រដ្ឋ»។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​អូររាំង លោក ឆេង ទុនណារី មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​នឹង​ចាត់​វិធានការ​អប់រំ​សហគមន៍ និង​មន្ត្រី​ភូមិ​ឲ្យ​យល់​ដឹង​ទាក់ទិន​ការ​លក់​ដី​ត្រៀម​ចុះ​បញ្ជី​នេះ។ លោក​ថា សហគមន៍ និង​អាជ្ញាធរ​ភូមិ​មិន​អាច​លក់​ដូរ​ដី​នេះ​បាន​ទេ៕

Viewing all articles
Browse latest Browse all 40045

Trending Articles