Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ស្នើ​ក្រសួង​ពន្លឿន​ការ​ចេញ​ប្លង់​កម្មសិទ្ធិ

$
0
0
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ស្ថិត​នៅ​ភូមិ​សំរោង ខណ្ឌ​ពោធិ៍សែនជ័យ ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Sorn chanratha
ដោយ សន ចាន់រដ្ឋា RFA 2016-08-08

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ស្ថិត​នៅ​ភូមិ​សំរោង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៨ សីហា ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ស្នើសុំ​ការ​អន្តរាគមន៍​ពី​លោក ជា សុផារ៉ា ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​ស្រប​ច្បាប់។

ការ​លើក​គ្នា​មក​តវ៉ា​នេះ បន្ទាប់​ពី​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​បដា​ដែល​បង្ហាញ​ពី​បរិវេណ​ដី​ក្នុង​គម្រោង​សាងសង់​ផ្លូវ​ដែក​បោះ​នៅ​លើ​ដី​ស្រែ​របស់​ពួក​គាត់។

ការ​លើក​គ្នា​មក​តវ៉ា​ជា​ថ្មី​នេះ ដោយសារ​ពលរដ្ឋ​ព្រួយ​បារម្ភ​ខ្លាច​ដី​លំនៅឋាន​របស់​ពួក​គាត់​នឹង​ត្រូវ​អ្នក​មាន​អំណាច​រំលោភ​យក។ ការ​ព្រួយ​បារម្ភ​នេះ ដោយសារ​ពលរដ្ឋ​បាន​ឃើញ​គេ​យក​បដា​ស្ដីពី​គម្រោង​អភិវឌ្ឍន៍ យក​ទៅ​បោះ​លើ​ដី​ស្រែ​របស់​ពួក​គាត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ សីហា។
ពលរដ្ឋ​ម្នាក់​ដែល​មក​ចូលរួម​តវ៉ា គឺ​កញ្ញា ចា គង្គា មាន​ប្រសាសន៍​ថា គ្រួសារ​កញ្ញា​រស់នៅ​ទីនោះ​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​ឆ្នាំ​២០០៥ ទើប​អាជ្ញាធរ​មក​ប្រាប់​គាត់​ថា ដី​នោះ​គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់ ឬ​លក់​ដូរ​អ្វី​ទាំងអស់។ កញ្ញា​បន្ថែម​ទៀត​ថា ពី​មុន​ពិត​ជា​មាន​ផ្លូវ​រថភ្លើង​ពិត​មែន តែ​មាន​ទំហំ​ត្រឹម ៥ ទៅ ៦​ហិកតារ​ប៉ុណ្ណោះ។ ទើប​តែ​ពេល​បច្ចុប្បន្ន​នេះ អាជ្ញាធរ​បាន​បោះ​បង្គោល​ព័ទ្ធ​យក​ដី​របស់​គាត់​ទំហំ​សរុប​ប្រមាណ​ជាង ៩៨​ហិកតារ​ទៅ​វិញ៖ «ពួក​ខ្ញុំ​ធ្វើ​ទៅ​តាម​ស្រប​ច្បាប់​ទាំងអស់ ដោយសារ​ពួក​ខ្ញុំ​គិត​ថា ពួក​ខ្ញុំ​រស់នៅ​ដោយ​ស្រប​ច្បាប់​តាំង​ពី​ជំនាន់ អ៊ុក សេងកន ចេញ​បង្កាន់ដៃ​ឆ្នាំ​៨០​ជាង ហើយ​សម្ដេច​ក៏​បាន​និយាយ​ដែរ​ថា រស់នៅ ៥​ឆ្នាំ​កម្មសិទ្ធិ​ហើយ យើង​រស់នៅ​តាំង​ពី ៨០​ជាង ដល់​ពេល​បែក​ពី​ជំនាន់​អា​ពត ដល់​ពេល​ត្រឡប់​មក​វិញ ធម្មតា​ស្រុក​ទេស​យើង​នៅ​ណា មិន​វិល​មក​រក​ស្រុក​ភូមិ​យើង​វិញ រហូត​មក​ទល់​សព្វថ្ងៃ​នេះ»។

កញ្ញា ចា គង្គា បន្ថែម​ទៀត​ថា អ្វី​ដែល​ពួក​គាត់​ចង់​បាន​នៅ​ពេល​នេះ គឺ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី ដើម្បី​បន្ត​រស់នៅ​ទីកន្លែង​ចាស់​នេះ​ជា​បន្ត​ទៀត។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មក​ចូលរួម​ការ​តវ៉ា គឺ​លោកស្រី សៀង ហ៊ុន អះអាង​ថា ដី​ផ្ទះ​របស់​លោកស្រី​ជាប់​នឹង​ផ្លូវ​ទំនប់​កប់​ស្រូវ ហើយ​ត្រូវ​បាត់បង់​ទាំង​ស្រុង។ លោកស្រី​ថា គ្រួសារ​លោកស្រី​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ ខណៈ​លោកស្រី​ជា​ស្ត្រី​មេម៉ាយ និង​មាន​កូន​ជា​ជន​ពិការ​ដល់​ទៅ ២​នាក់​ក្នុង​បន្ទុក៖ «នាង​ខ្ញុំ​បាន​នៅ​ជួរ​ដី​ខាង​មុខ​ថ្នល់ ហើយ​រដ្ឋ​បាន​កាត់​យក​អស់ ៣០​ម៉ែត្រ​ហើយ នៅ​គូទ​ក្រោយ​បន្តិចបន្តួច​ហ្នឹង គាត់​កាត់​យក​ទៀត។ ខ្ញុំ​អាយុ ៧៥ ហើយ កូន​ខ្ញុំ​ខ្វិន​ដល់​ទៅ​ពីរ​នាក់ ហើយ​ខ្ញុំ​មេម៉ាយ​អាយុ ៧៥ បាន​អី​ចិញ្ចឹម​កូន​ខ្វិន​ហ្នឹង​ត​ទៅ​ទៀត បើ​អស់​ដី​ហ្នឹង!»។

ទាក់ទង​នឹង​បញ្ហា​នេះ សមាជិក​ក្រុម​ការងារ​ទទួល​ពាក្យ​បណ្ដឹង​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម គឺ​លោក ឡាយ ផល្លឹម បញ្ជាក់​ថា ភាគី​ក្រសួង​មិន​ទាន់​អាច​សម្រេច​ថា​នឹង​ដោះស្រាយ​យ៉ាង​ណា​ទេ គឺ​ត្រូវ​រង់ចាំ​ខាង​មន្ទីរ​បញ្ជូន​របាយការណ៍​មក​ដល់​ក្រសួង​ជា​មុន​សិន។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​ការ​តវ៉ា​ត្រឹម​ម៉ោង​ប្រមាណ ១១​ព្រឹក ដើម្បី​រង់ចាំ​ការ​ផ្តល់​ដំណោះស្រាយ​សមរម្យ​មួយ​ពី​ខាង​ក្រសួង។

ពលរដ្ឋ​អះអាង​ថា​នឹង​លើក​គ្នា​តវ៉ា​ជា​ថ្មី​ម្តង​ទៀត ប្រសិន​បើ​ភាគី​ក្រសួង​មិន​មាន​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ទៅ​តាម​ពេលវេលា​ដែល​បាន​សន្យា​នោះ​ទេ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>