Quantcast
Viewing all articles
Browse latest Browse all 40045

ទាហាន​វៀតណាម​សាងសង់​ប៉ុស្តិ៍​ថ្មី​ពីរ​នៅ​​តំបន់​ស​នៃ​ព្រំដែន​ខេត្ត​រតនគិរី

Image may be NSFW.
Clik here to view.
សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។ រូបថត​សហគមន៍


ដោយ រដ្ឋា វិសាល RFA 2016-08-09

ទាហាន​វៀតណាម កំពុង​សង់​ប៉ុស្តិ៍​ថ្មី​ចំនួន​ពីរ​នៅ​ក្នុង​តំបន់​ស​នៃ​ព្រំដែន​ខេត្ត​រតនគិរី ជាប់​នឹង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ ការ​សង់​ប៉ុស្តិ៍​ថ្មី​នេះ ធ្វើ​ឡើង​ជា​ឯកតោភាគី ខណៈ​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​នោះ​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ការ​វាស់វែង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ។

មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា ទាហាន​វៀតណាម បាន​រំលោភ​ជា​ថ្មី​ទៀត​នៅ​លើ​តំបន់​ស​ហាមឃាត់​រវាង​ភាគី​ទាំង​ពីរ​មិន​ឲ្យ​សាងសង់ ឬ​ដាំដុះ​អ្វី​នៅ​លើ​បន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​វាស់វែង។

អ្នកនាំពាក្យ និង​ជា​អភិបាល​រង​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន មាន​ប្រសាសន៍​ថា តម្រួត​ព្រំដែន​ខ្មែរ​​នៅ​តំបន់​ព្រំដែន​ស្រុក​អូរយ៉ាដាវ បាន​ឃើញ​ទាហាន​វៀតណាម កំពុង​ចាក់គ្រឹះ និង​សសរ​សាងសង់​​ប៉ុស្តិ៍​នៅ​តំបន់​ព្រំដែន​ហាមឃាត់​មួយ​កន្លែង ហេតុ​នេះ​តម្រួត​ខ្មែរ​បាន​ហាមឃាត់​ភ្លាមៗ និង​បាន​ជួប​​ពិភាក្សា​ជាមួយ​អាជ្ញាធរ​វៀតណាម ពី​បញ្ហា​នេះ។


លោក​ថា បាន​ធ្វើ​របាយការណ៍​ជូន​ក្រសួង​​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​កិច្ចការ​ព្រំដែន​រួច​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​តាម​មន្ត្រី​ការទូត​ប្រសិន​ភាគី​វៀតណាម នៅ​តែ​បំពាន​សាងសង់​ប៉ុស្តិ៍​បន្ត​ទៀត៖ «យើង​បាន​ប្រាប់​ហើយ​ឲ្យ​បញ្ឈប់។ មាន​ការ​ណែនាំ​ពី​ថ្នាក់​ខេត្ត​ទៅ ហើយ​កម្លាំង​បាន​ជួប​គ្នា​ជជែក​គ្នា​ពាក់ព័ន្ធ​ទ័ព​មិន​មាន​ថ្នាក់​ខេត្ត និង​ខេត្ត​ទេ។ ខាង​គេ​ណា​ទ័ព​មជ្ឈិម​ទ័ព​ជាតិ​របស់​គេ»។

មន្ត្រី​តម្រួត​ព្រំដែន​កម្ពុជា នៅ​តំបន់​កើត​ហេតុ​ឲ្យ​ដឹង​ថា កន្លែង​ដែល​ទាហាន​វៀតណាម កំពុង​សង់​ប៉ុស្តិ៍​ឋិត​នៅ​ចំណុច​អូរកុមារ ជិត​បង្គោល​ព្រំដែន​លេខ​៣០ ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ។ ប៉ុស្តិ៍​នោះ​មាន​ទំហំ​ជាង ៣០០​ម៉ែត្រក្រឡា បាន​ជាក់​គ្រឹះ​និង​សសរ​រួច​ហើយ។

មន្ត្រី​ព្រំដែន​សុំ​មិន​ឲ្យ​​បញ្ចេញ​ឈ្មោះ​នោះ​បន្ត​ថា វៀតណាម​សង់​អគារ​ថ្មី​នេះ​ប្រមាណ​បី​សប្ដាហ៍​កន្លង​ទៅ​នេះ បើ​ទោះ​​បី​តម្រួត​ព្រំដែន​ជួប​ពិភាក្សា និង​ហាមឃាត់​ការ​សាងសង់​នេះ​ក៏ដោយ ក៏​ទាហាន​វៀតណាម នៅ​តែ​ធ្វើ​​មិន​ដឹង​ឮ។ មន្ត្រី​ព្រំដែន​នោះ​បដិសេធ​មិន​បាន​ដឹង​ពី​ការ​សង់​ប៉ុស្តិ៍​នៅ​ទីតាំង​ផ្សេង​ទៀត​ឡើយ។

ចំណែក​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​រស់​នៅ​ភូមិ​ឡំ ដែល​ឆ្លង​ចេញ​ចូល​ភូមិ​វៀតណាម ជាប់​ព្រំដែន​គ្នា​នោះ​ឲ្យ​ដឹង​ថា ទាហាន​វៀតណាម បាន​សង់​ប៉ុស្តិ៍​ថ្មី​មួយ​ផ្សេង​ទៀត​ក្នុង​តំបន់​ស ជាប់​អតីត​កន្លែង​វៀតណាម ជីក​ស្រះ​ចំនួន ៨ នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ជាប់​នឹង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ។

ប្រជាពលរដ្ឋ​ភូមិ​ឡំ លោក រចំ ខាំ បញ្ជាក់​ដែរ​ថា ប៉ុស្តិ៍​ថ្មី​នោះ​មាន​ទំហំ​ប្រមាណ ១០០​ម៉ែត្រក្រឡា។ បច្ចុប្បន្ន​ភាគី​វៀតណាម បាន​ចាក់​គ្រឹះ និង​ចាក់​សសរ​កម្ពស់ ៤​ម៉ែត្រ​កន្លះ។ លោក​កត់សំគាល់​ដែរ​ថា ស្រះ​ដែល​វៀតណាម ជីក​ក្នុង​តំបន់​ស​កាល​ពី​ឆ្នាំ​២០១៥ មួយ​ចំនួន​ត្រូវ​បាន​វៀតណាម ថែទាំ​និង​កំពុង​ប្រើប្រាស់​ដោយ​មិន​បាន​លុប​វិញ​តាម​ការ​សន្យា​របស់​ភាគី​វៀតណាម ទេ៖ «គាត់​ចេញ​ចូល​ទៅ​វៀតណាម គេ​ធ្វើ​មែន។ គេ​កំពុង​ចាក់គ្រឹះ​បេតុង​ផ្ទះ​ថ្ម មិន​យូរប៉ុន្មាន​ទេ​ប្រហែល​កន្លះ​ខែ​ទើប​ចាក់​សសរ មិន​ទាន់​ធ្វើ​ដំបូល​ទេ។ ប្រហែល​គេ​ធ្វើ​ផ្ទះ​យាម​ធ្វើ​មន្ទីរ​ប៉ូលិស មន្ទីរ​ទាហាន»។

ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ទទួល​ស្គាល់​ថា ភាគី​វៀតណាម ពិត​ជា​បាន​សង់​ប៉ុស្តិ៍​ខុស​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ក៏ប៉ុន្តែ​លោក​ទទួល​ព័ត៌មាន​តែមួយ​ទីតាំង​ទេ។ លោក​ថា រាជរដ្ឋាភិបាល​បាន​ផ្ញើ​កំណត់​ជូន​ភាគី​វៀតណាម តាំង​ពី​២​សប្ដាហ៍​មុន ប៉ុន្តែ​មិន​ទាន់​ឃើញ​ការ​ឆ្លើយ​តប​ទៅ​ឡើយ៖ «ខ្ញុំ​ដឹង​តែមួយ​កន្លែង​ទេ អគារ​ដែល​គម្រោង​ធ្វើ​ធំ​ហ្នឹង​យើង​ផ្ញើ​កំណត់​ទូត​ជិត​ពីរ​អាទិត្យ​ហើយ ធ្វើ​ភ្លាម​យើង​ផ្ញើ​ភ្លាម​សុំ​ឲ្យ​បញ្ឈប់​ការ​ខុស​ឆ្គង ការ​រំលោភ​កិច្ច​ព្រមព្រៀង​គ្នា​ថ្ងៃ​១៧ មករា ឆ្នាំ​១៩៩៥»។

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ខេត្ត​រតនគិរី លោក ឆាយ ធី អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចុះ​ពិនិត្យ​បញ្ហា​រំលោភ​តំបន់​ស​នេះ​ឡើង​វិញ ដើម្បី​ប្រមូល​ទិន្នន័យ​ជាក់លាក់​ស្ដីពី​ការ​រំលោភ​បន្ថែម​របស់​ភាគី​វៀតណាម៕

Viewing all articles
Browse latest Browse all 40045

Trending Articles