
ដោយ ឡេង ម៉ាលី RFA 2016-08-11
កម្មកររោងចក្រតម្បាញនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ជាង ៩០០នាក់ ដែលថៅកែរត់ចោលឡើងមកតវ៉ានៅសាលាខេត្តកណ្ដាល ជាថ្មីទៀត នៅព្រឹកថ្ងៃទី១១ ខែសីហា។ គណៈកម្មការចម្រុះរបស់រដ្ឋាភិបាលចាប់ផ្ដើមអន្តរាគមន៍នៅរសៀលថ្ងៃដដែលនេះ។
គណៈកម្មការចម្រុះរបស់រដ្ឋាភិបាល ចាប់ផ្ដើមចុះកត់បញ្ជីសម្ភារៈសេសសល់ នៅក្នុងរោងចក្រ ហ្គ្រេត អននើរ ថិកស្ថាយ (Great Honour Textile Factory Ltd.) នៅពេលដែលតុលាការចេញដីការក្សាការពារ ក្រោយពេលថៅកែរត់ចោល។
នៅក្នុងកិច្ចប្រជុំដោះស្រាយនៅឯសាលាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ សីហា អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្ម នៃក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហែម ហឿន មានប្រសាសន៍ថា អ្វីដែលអាចធ្វើបាននៅដំណាក់កាលទីមួយនេះ គឺគ្រាន់តែអាចកត់ចំនួនសម្ភារៈសម្រាប់លក់ឡាយឡុងទូទាត់ប្រាក់ឈ្នួលកម្មករដែលកំពុងខ្វះខាតជីវភាព៖ «គណៈកម្មការយើងនឹងរាប់ចំនួនរបស់របរដែលមាននៅក្នុងនេះ ហើយទីពីរ យើងនឹងប្រើនីតិវិធីតុលាការថា ផ្លូវច្បាប់ហ្នឹងធ្វើយ៉ាងម៉េច ចំពោះទ្រព្យសម្បត្តិដែលមានទាំងអស់នេះ។ ទីបី នីតិវិធីបន្ត អាហ្នឹងអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់ខាងតុលាការ។ ទោះបីយ៉ាងណាក៏ដោយ យើងនឹងប្រឹងពន្លឿនកិច្ចការនេះ។ សំណូមពរតុលាការឱ្យពន្លឿនកិច្ចការនេះឱ្យបានឆាប់ ព្រោះដល់អ៊ីចឹងហើយ យើងមានតែនីតិវិធីច្បាប់ដែលយើងធ្វើទៅបាន»។
គណៈកម្មការចម្រុះដែលរដ្ឋាភិបាលបង្កើតឡើងដើម្បីដោះស្រាយបញ្ហារោងចក្រ មានសមាសភាពពីស្ថាប័នតុលាការ អាជ្ញាធរខេត្ត សហជីព មន្ត្រីក្រសួងការងារ និងមេធាវី។
តំណាងកម្មករមួយរូប អ្នកស្រី កេន សុខចាន់ ថ្លែងថា នៅរោងចក្រ ហ្គ្រេត អននើរ ថិកស្ថាយ ចាប់ផ្ដើមមានការងារធ្វើមិនគ្រប់គ្រាន់ ១០ខែមកហើយ ហើយកម្មករទទួលបានប្រាក់ឈ្នួល ៥០%។ ប៉ុន្តែក្នុងរយៈពេល ២ខែចុងក្រោយនេះ ពួកគាត់មិនបានបើកប្រាក់ខែទេ ដោយសារថៅកែរោងចក្ររត់ចោល៖ «ចូលថ្ងៃសៅរ៍ ទី៦ គឺពេលវេលាដែលពួកខ្ញុំបើកលុយ តែក្រុមហ៊ុនបែរជាអត់នៅ។ ក្រុមហ៊ុនអត់នៅហើយ គាត់ប្រមូលចិនទៅអស់ ហើយគាត់បន្តដឹកទំនិញជាបន្តៗ។ អ៊ីចឹង ពួកខ្ញុំមិនដឹងថាម៉េចទេ មានតែពាក្យថា ថៅកែរត់ចោល។ បើសិនជាក្រុមហ៊ុននៅតែអះអាងថា មិនបិទ គឺត្រូវការឱ្យគាត់មានការងារគ្រប់គ្រាន់។ តែបើសិនជាគាត់បិទហើយ គឺខ្ញុំសុំលក្ខខណ្ឌការងារ ៥ចំណុចពេញតែម្ដង»។
កន្លងមក ក្រុមកម្មករធ្លាប់បានស្វែងរកអន្តរាគមន៍ច្រើនកន្លែងមកហើយ រាប់ទាំងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីផង ប៉ុន្តែមិនបានលទ្ធផលទេ។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តកណ្ដាល លោក គីម រិទ្ធី បញ្ជាក់ថា អាជ្ញាធរមិនអាចអន្តរាគមន៍បាន ព្រោះតែមានការធានាអះអាងពីភាគីថៅកែរោងចក្រ៖ «ចំពោះទ្រព្យសម្បត្តិនោះ ទើបតែថ្ងៃនេះទេ យើងសម្រេចរឹបអូសហ្នឹង។ កន្លងមក ឧទាហរណ៍ថា ម៉េចមិនរឹបអូស ៣ខែមុន ចុះ ៥ខែមុនម៉េចមិនអាចរឹបអូស? យើងអត់អាចរឹបអូសបានដោយសារភាគីរោងចក្រគាត់ថា គាត់នឹងបន្ត។ គាត់អត់បានលើកទង់ជ័យសទេ។ គាត់ថា នឹងរក order (ការកុម្ម៉ង់) ឱ្យធ្វើ។ អ៊ីចឹង ឱ្យតែសួរគាត់ថា រោងចក្រហ្នឹងបិទ ឬអត់ គាត់រោងចក្រនៅបើក នៅបន្ត។ អ៊ីចឹងខ្ញុំ ក្នុងនាមជាអាជ្ញាធរមិនអាចចាប់បង្ខំ ហើយឡាយឡុងរោងចក្រនោះ នៅក្នុងកាលៈទេសៈ ដែលពួកគាត់ពុំបានថា គាត់បិទផង។ អ៊ីចឹងស្អែក ឧទាហរណ៍ថា ខ្ញុំឃើញថា រោងចក្រណាមានបញ្ហា ខ្ញុំចង់ទៅឡាយឡុងភ្លាមតែម្ដង ខ្ញុំអត់អាចទៅធ្វើបានទេ»។
ទាំងលោក គីម រិទ្ធី និងមន្ត្រីក្រសួងការងារនៅក្នុងគណៈកម្មការចម្រុះបញ្ជាក់ថា បទពិសោធន៍ដោះស្រាយការលក់ឡាយឡុងសម្ភារៈក្នុងករណីដូចគ្នាអាចស៊ីពេលពី ២ ទៅ ៥ខែយ៉ាងតិច។ ប៉ុន្តែក្នុងករណីនេះ លោកទទួលបានការបញ្ជាក់ពីតុលាការថា អាចនឹងដោះស្រាយចេញនៅក្នុងរយៈពេលតិចជាង ២ខែ ក្នុងដំណាក់កាលទី១។
ក្រុមកម្មករដែលបានធ្វើការតាំងពីឆ្នាំ១៩៩៨ មក ទាមទារសំណង ៥ចំណុចពីថៅកែរោងចក្រ។ ក្នុងនោះក៏មានប្រាក់អតីតភាពការងារដែរ។ កម្មការិនី កេន សុខចាន់ ថ្លែងថា ទោះជាមានអន្តរាគមន៍ពីគណៈកម្មការចម្រុះពេលនេះក្ដី ក៏អ្នកស្រីនៅមិនទាន់ពេញចិត្តប៉ុន្មានទេ ព្រោះមានមន្ទិលពីទំហំសំណងដែលនឹងត្រូវបាន៕