
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Fri, 12 August 2016
ភ្នំពេញៈ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានហៅរបបបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជា «របបតិរច្ឆាន» ខណៈដែលសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម កំពុងតែត្រូវបានថ្កោលទោសដោយស្ថាប័នកំពូលៗរបស់រដ្ឋាភិបាលបន្ទាប់ពីលោកបានរបបដឹកនាំបច្ចុប្បន្នដូចគ្នានេះ។
អ្នកនាំពាក្សគណបក្សប្រជាជនលោក សួស យ៉ារ៉ា ចាត់ទុកការអត្ថាធិប្បាយរបស់ព្រះអង្គម្ចាស់ ធម្មិកោ នេះថាជាការប្រមាថទៅលើរបបបច្ចុប្បន្នដែលជារបបរាជានិយម និងក៏ជាការប្រមាថមួយទៅលើគ្រួសាររាជវង្សផងដែរដោយលោកថាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលបានប្រសូត្រនៅក្នុងគ្រួសាររាជវង្សគួរជួយការពារគ្រួសាររាជវង្សមិនគួរជេរប្រមាថដូចនេះទេ។
ព្រះអង្គម្ចាស់ ធម្មិកោ បានបង្ហោះនៅលើហ្វេសប៊ុករបស់ព្រះអង្គកាលពីថ្ងៃពុធដោយភ្ជាប់ជាមួយនឹងរូបថតរបស់ព្រះអង្គដែលបង្ហាញការគោរពដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ៍នរោត្តម មុនិនាថសីហនុ រួមជាមួយនឹងរូបថតផ្សេងៗទៀតដែលបង្ហាញពីការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងដីធ្លី។
ព្រះអង្គម្ចាស់បានសរសេរថា៖ «ខ្ញុំសូមនិយាយឲ្យច្បាស់ថាខ្ញុំគោរពស្រឡាញ់ព្រះមហាក្សត្រក៏ប៉ុន្តែខ្ញុំប្រឆាំងរបបតិរច្ឆានដឹកនាំដោយ CPP ជាដាច់ខាត»។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថាប្រសិនបើគេមិនអនុញ្ញាតឲ្យនិយាយពាក្យ "របបតិរច្ឆាន"ទៅកាន់របបនាពេលបច្ចុប្បន្ននេះទេ តើពាក្យអ្វីគួរត្រូវបានប្រើសម្រាប់របបនាពេលបច្ចុប្បន្ននៅពេលដែលមានប្រជាពលរដ្ឋជាច្រើនត្រូវបានបណ្តេញចេញដោយអយុត្តិធម៌ពីលំនៅឋាននឹងដីធ្លីរបស់ពួកគេ។
ព្រះអង្គម្ចាស់ ធម្មិកោ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ទ្រង់នឹងមិនផ្លាស់ប្តូរពាក្យរបស់ទ្រង់ដែលបានហៅរបបនេះថាជា [របបតិរច្ឆាន] ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេទោះបីជាទ្រង់អាចនឹងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ក៏ដោយពីព្រោះអ្វីដែលទ្រង់បាននិយាយគឺវាស្របទៅនឹងការពិតដែលថាប្រជាពលរដ្ឋជាច្រើនត្រូវបានបណ្តេញចេញពីលំនៅឋាន និងដីធ្លីរបស់ពួកគេ។
ព្រះអង្គម្ចាស់មានបន្ទូលថា៖ «ខ្ញុំហាក់ដូចជាមិនមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ទេ។ ប្រសិនបើពួកគេចង់ចាត់វិធានការអ្វីនោះសូមធ្វើចុះ តើខ្ញុំអាចនិយាយអ្វីបាន? របបនេះជារបបអយុត្តិធម៌ របបតិរច្ឆានធ្វើបាបប្រជាជនរបស់ខ្លួនឯង ។ ដូច្នេះខ្ញុំហាក់ដូចជាគ្មានអ្វីដែលត្រូវដកពាក្យសម្តីរបស់ខ្ញុំដែលខ្ញុំបាននិយាយរួចហើយនោះទេ»។
ព្រះអង្គម្ចាស់ ធម្មិកោ ក៏បានឲ្យដឹងផងដែរថាកាលពីប៉ុន្មានខែមុនទ្រង់ក៏បានសរសេរនៅលើហ្វេសប៊ុករបស់ទ្រង់ផងដែរដោយបាននិយាយថា៖ «ផ្លាស់ប្តូររបបអយុត្តិធម៌ និងអសមត្ថភាពចេញ» ហើយនៅពេលដែលសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម ប្រើពាក្យ "របប តិរច្ឆាន"ទ្រង់ក៏បានប្រើពាក្យនេះដូចគ្នាដែរ។
ព្រះអង្គម្ចាស់ធម្មិកោបានថ្លែងថា៖«មិនមានពាក្យអ្វីផ្សេងដែលគួរត្រូវបានយកមកប្រើនៅក្នុងរបបមួយដែលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋត្រូវបានដុតបំផ្លាញចោល។ បើមិនអនុញ្ញាតឱ្យ [ខ្ញុំ] ហៅរបបនេះថាជារបបតិរច្ឆាន តើគួរឲ្យខ្ញុំហៅរបបនេះថាជារបបអ្វីវិញ?»។
អ្នកនាំពាក្សគណបក្សប្រជាជនម្នាក់ទៀតលោក ឈឹម ផលវរុណ បានបដិសេធផ្តល់ការអត្ថាធិប្បាយដល់ការសែតភ្នំពេញប៉ុស្តិ៍ដោយលោកបានចោទសួរត្រឡប់មកវិញថាប្រសិនបើលោកផ្តល់អត្ថាធិប្បាយតើសម្តីរបស់លោកនឹងត្រូវយកទៅចុះផ្សាយឬអត់? ហើយបើយកទៅចុះផ្សាយ តើចុះផ្សាយប៉ុន្មានឃ្លា?
ប៉ុន្តែលោក សួស យ៉ារ៉ា បានថ្លែងថាព្រះអង្គម្ចាស់ ធម្មិកោ គួរតែការពាររបបបច្ចុប្បន្នដែលជារបបរាជានិយមមិនគួរធ្វើការប្រមាថយ៉ាងដូច្នេះទេ។
លោក សួស យ៉ារ៉ា បាននិយាយថា៖ «ព្រះអង្គម្ចាស់ ធម្មិកោ ដែលមានឈាមជ័រជាគ្រួសាររាជវង្សហើយបានជេរប្រមាថឈាមជ័ររាជវង្សខ្លួនឯងថា តិរច្ឆាន។ តើទ្រង់គឺជាអ្វី?»។ លោកបដិសេធផ្ដល់អត្ថាធិប្បាយបន្ថែមនៅពេលដែលសួរថា តើព្រះអង្គម្ចាស់ ធម្មិកោ អាចប្រឈមនឹងវិធានការតាមផ្លូវច្បាប់ដែរឬយ៉ាងណា។
នៅក្នុងការផ្តល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី ៣ ខែសីហាកន្លងមកនេះតំណាងរាស្ត្រអូស្រ្តាលីដើមកំណើតខ្មែរលោក ហុង លីម បានហៅរបបបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនថាជារបប «តិរច្ឆាន»។
ជាការឆ្លើយតបក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសលោក ហុង លីម ដោយបានថ្លែងថាបុគ្គល ហុង លីម បានបង្ខូចកិត្តិយសរបស់កម្ពុជាដែលវាផ្ទុយទៅនឹងការពិតដែលមាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហើយថាការប្រមាថរបស់លោក ហុង លីម ចំពោះជនជាតិកម្ពុជានេះបានជំរុញឲ្យក្រសួងការបរទេសកម្ពុជាសម្រេចមិនអនុញ្ញតឲ្យបុគ្គលឈ្មោះ ហុង លីម នេះចូលក្នុងប្រទេសកម្ពុជាទេ៕ NS