Quantcast
Viewing all articles
Browse latest Browse all 40045

ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​យក​ឈ្មោះ ជួប សម្លាប់ មក​សាកសួរ​ជា​ថ្មី​ទៀត

Image may be NSFW.
Clik here to view.
ជន​ត្រូវ​ចោទ ជួប សម្លាប់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពេល​ចៅក្រម​សាកសួរ​រួច កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


ដោយ ម៉ម មុនីរតន៍ RFA 2016-08-12

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា នេះ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​បង្គាប់​បញ្ជា​ឲ្យ​យក​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មក​សាកសួរ​បន្ថែម​ទៀត។ ស្រប​ពេល​តុលាការ​កំពុង​បន្ត​នីតិវិធី​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​នេះ ភរិយា​របស់​លោក​បណ្ឌិត កែម ឡី វិញ​បាន​ដាក់​បណ្ដាសា​ចំពោះ​អ្នក​ដែល​បាញ់​សម្លាប់​ប្ដី​របស់​លោកស្រី​ឲ្យ​ទទួល​រង​ទុក្ខ​វេទនា វិនាសអន្តរាយ។

វា​ជា​លក្ខណៈ​ពិសេស​ហើយ​ដែល​ជនជាប់ចោទ ឈ្មោះ ជួប សម្លាប់ នេះ​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃស ដឹក​តាម​រថយន្ត​ប្រភេទ​ឡង់គ្រឺស័រ (Land Cruiser) ដែល​ជា​ការ​ដឹក​ជញ្ជូន​ដ៏​ពិសេស​មួយ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ជាប់​ចោទ​ដទៃ​ទៀត ត្រឹម​ប្រើ​យាន​ជំនិះ​មក​តុលាការ​ដែល​ត្រឹម​ជា​រថយន្ត​ធម្មតាៗ​ប៉ុណ្ណោះ។

ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ ត្រូវ​គេ​ដឹក​ក្នុង​រថយន្ត​ទំនើប​មួយ​គ្រឿង​ដាច់​ដោយ​ឡែក​ខុស​ពី​អ្នក​ទោស​ដទៃ​ទៀត​នៅ​ពេល​បញ្ជូន​មក​តុលាការ។ ស្ថិត​ក្នុង​សំលៀកបំពាក់​ពណ៌​ស្លាទុំ ជន​ត្រូវ​ចោទ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​កាសែត​បាន​ថត​យក​រូបភាព​ដោយ​ស្រួល​ឡើយ។ ចំណែក​កាមេរ៉ា​ថត​រូប​របស់​អ្នក​កាសែត​ត្រូវ​ឆ្មាំ​ទ្វារ​នៅ​តុលាការ​ដក​ហូត​រក្សា​ទុក​មិន​ឲ្យ​យក​ចូល​ខាង​ក្នុង​នៃ​បរិវេណ​តុលាការ​ដូច​លើក​មុនៗ​ទៀត​ឡើយ។
ក្រោយ​ការ​ចំណាយ​ពេល​សាកសួរ​ជា​ថ្មី​ម្ដង​ទៀត​ដែល​អស់​ពេល​ជា​ច្រើន​ម៉ោង កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក សេង លាង សម្រេច​បញ្ជូន​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ។ បើ​ទោះ​ជា​បែប​ណា ចៅក្រម​ស៊ើបសួរ លោក សេង លាង ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​ជុំវិញ​ការ​សួរ​ដេញដោល​នេះ​ទេ។

ដោយ​ឡែក មន្ត្រី​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ ​លោក លី សុផាណា វិញ ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក ឬ​តេឡេក្រាម ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ សីហា ចៅក្រម​ស៊ើបសួរ​បាន​សួរ​ចម្លើយ​បន្ថែម​ទៅ​លើ​ឈ្មោះ ជួប សម្លាប់។ ក្រៅ​ពី​នេះ តុលាការ​ក៏​បាន​ពិនិត្យ​ទៅ​លើ​ភស្តុតាង​នានា និង​បន្ត​នីតិវិធី​លើ​ចំណាត់​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​នេះ​ទៀត។

ក្រោយ​ចាប់​ខ្លួន​ភ្លាមៗ ដែល​ប្រើ​ពេល​មិន​បាន​ប៉ុន្មាន​នាទី​ស្រួល​បួល​ផង បន្ទាប់​ពី​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ កក្កដា នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ដដែល ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ឈ្មោះ ជួប សម្លាប់ នេះ​ជា​បណ្ដោះអាសន្ន។ ក្នុង​ពេល​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ឈ្មោះ ជួប សម្លាប់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់​ឃើញ​ថា វា​ជា​ការ​ល្អ​ដែល​សមត្ថកិច្ច​មិន​បាន​បិទ​សំណុំរឿង​នេះ។ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​នៅ​ត្រង់​ថា យុត្តិធម៌​ដែល​កើត​ចេញ​ពី​ការ​ជំនុំជម្រះ​នេះ ប្រហែល​ជា​ពិបាក​ទទួល​យក​បន្តិច ព្រោះ​មាន​ភស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ពី​មន្ទិល​សង្ស័យ​រួច​ទៅ​ហើយ៖ «»។

នៅ​ក្នុង​ថ្ងៃ​ដែល​ចៅក្រម​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃស ដឹក​ឈ្មោះ ជួប សម្លាប់ នេះ​មក​សាកសួរ​បន្ថែម​ទៀត ដោយ​ឡែក​ភរិយា​លោក​បណ្ឌិត កែម ឡី វិញ ក៏​ចេញ​សារ​ខ្លី​មួយ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែរ។ ក្នុង​សារ​នោះ លោកស្រី​សរសេរ​រៀបរាប់​ថា ការ​បាញ់​សម្លាប់​ប្តី​លោកស្រី​នេះ គឺ​ជា​ការ​ធ្វើ​ក្រុម​គ្រួសារ​ទទួល​រង​ការ​ឈឺ​ចាប់​ពន់ពេក​ណាស់។ បន្ថែម​ពី​លើ​នេះ លោកស្រី ប៊ូ រចនា ក៏​បាន​ដាក់​បណ្ដាសា​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ទទួល​រង​នូវ​ការ​ឈឺ​ចាប់​វេទនា វិនាសអន្តរាយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles