Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ចាប់​ពី​ថ្ងៃ​ទី​១​កញ្ញា

$
0
0
ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​ឃុំ​កាចាញ ក្រុង​បានលុង ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ Photo courtesy of COMFREL

ដោយ ដែន អយុធ្យា RFA 2016-08-14

មន្ត្រី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ឬ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ឲ្យ​បាន​ទាំងអស់​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប បាន​បង្ហាញ​ថា ស្ថាប័ន​នេះ​នឹង​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា។ បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨។

ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ព្រះសីហនុ លោក ហួត ផុន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​យក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ​ជាដើម និង​ត្រូវ​ទៅ​ចុះ​ឈ្មោះ​ផ្ទាល់​ដោយ​ខ្លួន​ឯង​នៅ​តាម​ឃុំ-សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ។ លោក​បន្ត​ថា ច្បាប់​បោះឆ្នោត​បាន​កំណត់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​មាន​រយៈពេល ៩០​ថ្ងៃ ដោយ​តម្រូវ​ឲ្យ​អ្នក​គ្រប់​អាយុ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ត្រូវ​ទៅ​ចុះ​ឈ្មោះ​ជា​ថ្មី​ឡើង​វិញ​ទាំងអស់​គ្នា​នៅ​តាម​ឃុំ-សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ៖ «ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ នេះ សូម​អំពាវនាវ​ដល់​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំងអស់​គ្នា ទាំង​មន្ត្រី​រាជការ​នៅ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​តា​សាលា​ឃុំ-សង្កាត់​ទាំង​២៧ នា​ខេត្ត​ព្រះសីហនុ។ ហើយ​ពលរដ្ឋ​ត្រូវ​នាំ​យក​ប័ណ្ណ​សម្គាល់​ខ្លួន អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ ដែល​នគរបាល​នៅ​តាម​ឃុំ-សង្កាត់​បាន​ប្រគល់​ជូន»។

ប្រតិទិន​ការ​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​បង្ហាញ​ថា កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ការ​បោះឆ្នោត និង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​នេះ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល ក៏​បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា ព្រោះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៦ នេះ គឺ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ឆ្នាំ​២០១៧ និង​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨។

មន្ត្រី​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា មាន​ប្រសាសន៍​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ មាន​ភាព​ប្រសើរ​ជាង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​កន្លង​ទៅ។ លោក​បន្ត​ថា ការ​ចុះ​បញ្ជី​ឈ្មោះ​ថ្មី​នេះ តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ត្រូវ​យក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ អាយុ សញ្ជាតិ​ខ្មែរ និង​ទីលំនៅ ឬ​ទី​សំណាក់​របស់​ពលរដ្ឋ​នីមួយៗ ដើម្បី​បង្ហាញ​ផ្ទាល់​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ។ លោក​បន្ថែម​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ខូច ឬ​បាត់ ត្រូវ​ស្នើសុំ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​ទៅ​ជួប​ជាមួយ​អាជ្ញាធរ​ឃុំ-សង្កាត់ ដើម្បី​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​យក​មក​ប្រើប្រាស់​ក្នុង​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត។

គ.ជ.ប បាន​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ កាល​នោះ គេ​បាន​ធ្វើ​នៅ​តាម​ឃុំ-សង្កាត់​ចំនួន​២៥ ដោយ​ក្នុង​នោះ​ឃុំ-សង្កាត់​ខ្លះ​ជ្រើសរើស​យក ១​ភូមិ នៅ​ឃុំ-សង្កាត់​ខ្លះ​ជ្រើសរើស​យក ២​ភូមិ និង​ឃុំ-សង្កាត់​ខ្លះ​ទៀត​ជ្រើសរើស​យក ៣​ភូមិ ដែល​ជា​កន្លែង​ចុះ​ឈ្មោះ​បោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ។

នៅ​ក្រោយ​លទ្ធផល​នៃ​ការ​ចុះ​ឈ្មោះ​សាកល្បង គ.ជ.ប បាន​បង្កើត​បទបញ្ជា និង​នីតិវិធី​មួយ​បម្រើ​ដល់​ការ​ចុះ​ឈ្មោះ​ផ្លូវ​ការ​ដោយ​ផ្អែក​លើ​បទដ្ឋាន​ច្បាប់ និង​បទពិសោធន៍​ដែល​ទទួល​បាន។ គ.ជ.ប បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ឆ្នាំ​២០១៦ នេះ អាច​មាន​ចំនួន​សរុប​ជាង ១០​លាន​នាក់៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>