ដោយ អ៊ុំ រង្សី RFA 2016-08-14
សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើសុំជាថ្មីទៅក្រសួងពាណិជ្ជកម្ម ឲ្យចេញវិញ្ញាបនបត្របញ្ជាក់ពីគុណភាពប្រភពដើមអង្ករគ្រប់ប្រភេទមុននាំចេញ ដើម្បីប្រយុទ្ធប្រឆាំងរាល់ការបន្លំយកអង្ករប្រភេទក្រអូបលាយជាមួយប្រភេទអង្ករផ្សេងទៀត រួចនាំចេញទៅទីផ្សារអន្តរជាតិ។ ការស្នើសុំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា ការមិនព្រមចេញវិញ្ញាបនបត្របញ្ជាក់ពីគុណភាពប្រភពដើមអង្ករឲ្យបានល្អិតល្អន់មុននាំចេញ គឺជាមូលហេតុសំខាន់មួយដែលនាំឲ្យមានការបន្លំយកអង្ករប្រភេទក្រអូបលាយជាមួយប្រភេទអង្ករផ្សេងទៀត រួចនាំចេញទៅទីផ្សារអន្តរជាតិ។
សំណើនេះបង្ហាញតាមរយៈសេចក្តីជូនដំណឹងស្ដីពីលទ្ធផលកិច្ចប្រជុំពិសេសរវាងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook)។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ ឲ្យដឹងថា មូលហេតុដែលសហព័ន្ធស្រូវអង្ករកម្ពុជា ស្នើទៅកាន់ក្រសួងពាណិជ្ជកម្ម ឲ្យចេញវិញ្ញាបនបត្របញ្ជាក់ពីគុណភាពប្រភពដើមអង្ករក្នុងបំណងឲ្យក្រសួងជួយគាំទ្រ និងសម្រេចឲ្យក្រុមហ៊ុននាំចេញទាំងអស់ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុន ត្រួតពិនិត្យគុណភាពអង្ករប្រកបដោយអព្យាក្រឹត្យខ្ពស់។
ទន្ទឹមគ្នានេះ លោក សុខ ពុទ្ធីវុធ អះអាងថា នៅពេលដែលមានការត្រួតពិនិត្យប្រកបដោយគុណភាពអព្យាក្រឹត្យដែលបានទទួលស្គាល់ដោយសហព័ន្ធ នឹងអាចជួយពង្រឹងពីសមត្ថភាពបណ្ដាក្រុមហ៊ុននាំចេញអង្ករនៅកម្ពុជា ឲ្យយល់ច្បាស់ពីការបញ្ជាក់ទាំងគុណភាព និងប្រភពដើមអង្ករកាន់តែមានប្រសិទ្ធភាពខ្ពស់។
ករណីនេះ តំណាងសហគមន៍កសិករ និងជាតំណាងកសិករឆ្នើម លោក ស៊ឹម រ៉ុម បានប្រាប់អាស៊ីសេរី ថា លោកគាំទ្រការស្នើសុំរបស់សហព័ន្ធស្រូវអង្ករ ព្រោះកន្លងមកមានព័ត៌មានថា ពិតជាមានការបន្លំយកអង្ករផ្សេងៗលាយជាមួយអង្ករក្រអូបកម្ពុជា រួចនាំចេញទៅទីផ្សារអន្តរជាតិ។ តំណាងសហគមន៍រោងម៉ាស៊ីនកិនស្រូវរូបនេះយល់ថា ការចេញវិញ្ញាបនបត្រត្រួតពិនិត្យបញ្ជាក់ពីគុណភាពប្រភពដើមអង្ករគ្រប់ប្រភេទមុននាំចេញ មានសារសំខាន់ណាស់ ព្រោះអាចឲ្យដឹងពីប្រភពអង្ករពិតប្រាកដថាសុទ្ធឬមិនសុទ្ធ ជួយកសាងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ជួយរក្សាតម្លៃស្រូវកសិករឲ្យមានស្ថិរភាព ពិសេសរក្សាតំណែងអង្ករក្រអូបកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ ៣ឆ្នាំជាប់គ្នា។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា ដើម្បីឆ្លើយតបនឹងការស្នើឲ្យមានការបញ្ជាក់ពីគុណភាពប្រភពដើមអង្ករមុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឡើយនៅថ្ងៃទី១៣ ខែសីហា។
សេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្កកម្ពុជា ក្រៅពីពន្លឿនក្រសួងពាណិជ្ជកម្ម ឲ្យចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមអង្ករ សហព័ន្ធក៏ស្នើចំនួន ៥ចំណុចទៀតទៅក្រសួងពាណិជ្ជកម្ម ក្នុងនោះមាន ស្នើសុំក្រសួងជួយពន្លឿនការចុះបញ្ជីម៉ាក បញ្ជាក់ពីចរិតលក្ខណៈទំនិញ និងសេវាឈ្មោះអង្គរម្លិះ (Angkor Malis) ដើម្បីពង្រីកទីផ្សារអង្ករកម្ពុជា ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ស្នើសុំក្រសួងពិនិត្យលទ្ធភាពក្នុងការចេញនូវបទប្បញ្ញត្តិណាមួយដែលចែងថា "រាល់ការអនុញ្ញាតឲ្យនាំចូលអង្ករ និងការដាក់លក់លើទីផ្សារ ត្រូវមានព័ត៌មានអំពីអាសយដ្ឋាន ម៉ាកយីហោ និងប្រភពច្បាស់លាស់ ដើម្បីពង្រឹងការនាំចូលអង្ករ និងគុណភាពអង្ករ ដែលបានចរាចរនៅលើទីផ្សារជាដើម"។
ទាក់ទិននឹងការឲ្យចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមអង្ករនេះដែរ កាលពីដើមខែឧសភា កន្លងទៅ សហភាពអឺរ៉ុប ធ្លាប់បានព្រមានថា ប្រសិនបើអ្នកនាំចេញអង្ករកម្ពុជា ទៅទីផ្សារអឺរ៉ុប យកអង្ករប្រភេទក្រអូបដែលអឺរ៉ុប ត្រូវការ លាយជាមួយប្រភេទអង្ករផ្សេងទៀតនោះ អឺរ៉ុប នឹងពិចារណាឈប់ទិញ។ សហភាពអឺរ៉ុប ក៏ជំរុញរដ្ឋាភិបាល ពិសេសក្រសួងពាណិជ្ជកម្ម ត្រូវចាត់វិធានការ និងត្រួតពិនិត្យឲ្យច្បាស់ដើម្បីបញ្ចៀសបញ្ហានេះជាបន្ទាន់៕