ដោយ ហង្ស សាវយុត RFA 2016-08-14
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានគម្រោងរៀបចំចុះឈ្មោះប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅក្នុងបញ្ជីអ្នកបោះឆ្នោតជាថ្មី ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខ។
ស្របនឹងគម្រោងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនឹងធ្វើការចុះឈ្មោះអ្នកបោះឆ្នោតជាថ្មីនេះ គឺអង្គការក្រៅរដ្ឋាភិបាលនៅខេត្តព្រះវិហារ បារម្ភខ្លាចក្រែងប្រជាពលរដ្ឋខ្លះរស់នៅតំបន់ដាច់ស្រយាល មិនបានទទួលព័ត៌មានច្បាស់លាស់ ហើយមិនបានទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
អង្គការក្រៅរដ្ឋាភិបាលខ្លះដែលកំពុងធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ព្រមទាំងបណ្ដាញសហគមន៍ក្នុងខេត្តព្រះវិហារ មានគម្រោងនឹងចុះបើកវគ្គអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ព្រមទាំងជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយាល ឲ្យដឹងពីកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះមានដូចជា សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការពន្លកខ្មែរ ជាដើម។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៤ ខែសីហា ថា អង្គការរបស់លោកមានគម្រោងនឹងចុះធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ព្រមទាំងជនជាតិដើមភាគតិចកួយ ខ្លះទៀត ឲ្យយល់ដឹង និងទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នា។ ការចុះផ្សព្វផ្សាយអប់រំឲ្យដឹងពីកាលបរិច្ឆេទនៃការទៅចុះឈ្មោះបោះឆ្នោតនេះ គឺនឹងចាប់ផ្ដើមឡើងនៅដើមខែសីហា ខាងមុខ ហើយគម្រោងដែលឧបត្ថម្ភដោយអង្គការ អិន.ឌី.អាយ (NDI) នឹងធ្វើឡើងក្នុងឃុំចំនួន១៨ ក្នុងចំណោមឃុំទាំងអស់ចំនួន ៥១ឃុំរបស់ខេត្តព្រះវិហារ។
លោក ឡោ ចាន់ បញ្ជាក់ថា មូលហេតុដែលអង្គការរបស់លោកត្រូវចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលបានដឹងអំពីកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតនេះ គឺដោយសារតែនៅខេត្តព្រះវិហារ គឺមិនសូវសម្បូរប្រព័ន្ធផ្សព្វផ្សាយ ហើយប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលជាច្រើនមិនសូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយទេ៖ «ខ្ញុំជ្រើសរើស ១៨ឃុំនេះ ដោយសារតែជាតំបន់ដាច់ស្រយាល ដូចជានៅកំពង់ស្រឡៅ ស្រុកឆែប នៅធ្មា និងតំបន់មួយចំនួនទៀត។ នៅតំបន់នោះ ភាគច្រើនគឺប្រព័ន្ធផ្សព្វផ្សាយមិនទាន់ទូលំទូលាយមិនទាន់ទៅដល់»។
អង្គការក្រៅរដ្ឋាភិបាលខ្លះទៀតនៅក្នុងខេត្តព្រះវិហារ ក៏មានគម្រោងប្រហាក់ប្រហែលគ្នានឹងសមាគមការពារសិទ្ធិមនុស្សអាដហុក ដែរ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ឲ្យដឹងថា អង្គការរបស់លោកថ្វីត្បិតតែមិនបានចុះផ្សព្វផ្សាយអំពីការចុះឈ្មោះបោះឆ្នោតនៅតាមសហគមន៍ដោយផ្ទាល់ ក៏ប៉ុន្តែកំពុងជ្រោមជ្រែងដល់អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) ដើម្បីជ្រើសរើសបណ្ដាញយុវជនស្ម័គ្រចិត្តនៅតាមសហគមន៍មួយចំនួន ឲ្យផ្សព្វផ្សាយអំពីចំណុចសំខាន់នានាពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត៖ «អ្នកដែលស្ម័គ្រចិត្តហ្នឹង យើងបានស្វែងរកឲ្យអង្គការខុមហ្វ្រែល គឺទើបរកបានតែ ២ឃុំទេ ហើយនៅឃុំមួយចំនួនទៀត គឺរកអត់ទាន់បាន»។
ទាំងសមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការពន្លកខ្មែរ នៅខេត្តព្រះវិហារ ព្រួយបារម្ភថា ដោយសារតែរដូវនេះប្រជាពលរដ្ឋជាច្រើនកំពុងជាប់រវល់ធ្វើស្រែ ហើយចេញពីផ្ទះទៅស្នាក់នៅតាមទីវាលផងនោះ គឺគេខ្លាចក្រែងប្រជាពលរដ្ឋខ្លះ រួមទាំងជនជាតិដើមភាគតិចកួយផង មិនបានទទួលព័ត៌មានគ្រប់គ្រាន់ ហើយទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ខាងមុខឲ្យបានទាន់ពេលវេលាកំណត់។
នៅខេត្តព្រះវិហារ កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ កន្លងទៅ គឺមានអ្នកចុះឈ្មោះបោះឆ្នោតប្រមាណជាង ១២ម៉ឺន ២ពាន់នាក់ ក៏ប៉ុន្តែនៅពេលបោះឆ្នោតគឺមានមនុស្សតែជាង ៨ម៉ឺននាក់ប៉ុណ្ណោះដែលបានទៅបោះឆ្នោត៕