ដោយ សូត សុខប្រាថ្នា RFA 2016-08-14
ក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន ឲ្យដឹងថា រូបសំណាក និងទីតាំងតម្កល់ធាតុកវីម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ព្រមទាំងមានជាបណ្ណាល័យផងនោះ នឹងត្រូវកសាងឡើងនៅក្នុងបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។
ការសម្រេចនេះ ក្រោយពេលក្រុមគ្រួសារលោក គង្គ ប៊ុនឈឿន ទទួលបានដីពីព្រះចៅអធិការវត្តពោធិ៍វាល មួយចំណែកសម្រាប់កសាងទីកន្លែងគោរពវិញ្ញាណក្ខន្ធនេះកាលពីថ្ងៃទី១៣ សីហា។
ប្រពន្ធរបស់កវីម្ចាស់ស្ទឹងសង្កែ អ្នកស្រី តាត គឹមលន មានប្រសាសន៍ថា ដោយសារតែទីតាំងវត្តពោធិ៍វាល គឺជាកន្លែងអនុស្សាវរីយ៍ និងជាកន្លែងលោក គង្គ ប៊ុនឈឿន ធ្លាប់រស់នៅ និងសិក្សារៀនសូត្រ ទើបអ្នកស្រីបានដាក់លិខិតស្នើសុំដីទៅព្រះចៅអធិការវត្តពោធិ៍វាល កាលពីថ្ងៃទី៣ មិថុនា ហើយរហូតដល់ថ្ងៃទី១៣ សីហា ព្រះអង្គក៏បានយល់ព្រមផ្តល់ទីកន្លែងសម្រាប់តម្កល់ធាតុលោក គង្គ ប៊ុនឈឿន តាមការស្នើសុំលើទំហំដីទទឹង ៥ម៉ែត្រ និងបណ្តោយ ៧ម៉ែត្រ។
អ្នកស្រីបញ្ជាក់ថា ពេលវេលាកសាងនៅមិនទាន់កំណត់ច្បាស់លាស់ទេ ពីព្រោះអ្នកស្រីចង់កសាងចេតិយតម្កល់ធាតុមួយកន្លែងដាក់រូបថត ឯកសារ និងសម្ភារៈ ឬហៅថាបណ្ណាល័យ ព្រមទាំងកសាងរូបសំណាករបស់លោកផង។ ប្លង់កសាងនៅមិនទាន់បានរៀបចំរួចរាល់ ម្យ៉ាងគ្រួសារអ្នកស្រីមិនទាន់មានថវិកាសម្រាប់កសាងនៅឡើយ ព្រោះគម្រោងបែបនេះអាចចំណាយប្រាក់ជាង ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក៖ «ខ្ញុំមិនសូវចេះខាងហ្នឹងដែរ។ ខ្ញុំមិនទាន់បានគិតថាត្រូវធ្វើយ៉ាងហ្នឹងផងរឿងប្លង់។ ខ្ញុំគិតតែខ្លួនឯង ប៉ុន្តែមិនទាន់បានពិនិត្យចា៎! បើសិនរឿងថវិកា ខ្ញុំក៏មិនទាន់អាចនិយាយបានដែរហ្នឹង។ មានតែសំណូមពរ មានតែបងប្អូនជួយទេ បើថាខ្លួនឯងទាល់តែយូរៗទៅមុខណាស់ ហើយខ្ញុំអាណិតគាត់»។
អ្នកស្រីបន្ថែមទៀតថា បើតាមលទ្ធភាព គឺមិនមានឡើយ ប៉ុន្តែដោយសារវាជាបំណងប្រាថ្នារបស់លោក គង្គ ប៊ុនឈឿន ចង់បានរូបសំណាករបស់ខ្លួននៅលើទឹកដីខេត្តបាត់ដំបង ទើបអ្នកស្រី និងក្រុមគ្រួសារចេះតែតស៊ូព្យាយាមបំពេញតាមក្តីបំណងរបស់លោកកាលពីលោកនៅមានជីវិត៕