ដោយ វិទ្យុអាស៊ីសេរី RFA 2016-08-14
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ប្រកាសជាសាធារណៈថា ការសម្រេចដកហូតមុខតំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញដែលចាប់រថយន្តវិទ្យុ អេ.ប៊ី.ស៊ី (ABC) ដោយសារមន្ត្រីរូបនេះប្រព្រឹត្តខុសនីតិវិធី។ លោក ហ៊ុន សែន ថ្លែងបែបនេះក្រោយពេលមានមតិជាច្រើនរិះគន់ថា លោកធ្វើឲ្យមន្ត្រីថ្នាក់ក្រោមលែងហ៊ានអនុវត្តច្បាប់។ មន្ត្រីសង្គមស៊ីវិលចាត់ទុកចំណាត់ការនេះ ថាជាការប្រើប្រាស់អំណាចនយោបាយគ្របដណ្ដប់លើស្ថាប័នជំនាញ ដែលប៉ះពាល់ដល់កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយលើទំព័រហ្វេសប៊ុក (facebook) របស់លោក នៅថ្ងៃទី១៤ សីហា ថា ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះការអនុវត្តក្នុងតួនាទីចំពោះបទល្មើសដែលលោកចាប់រថយន្តវិទ្យុ ABC នោះ ត្រូវរាយការណ៍សុំការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញា។
លោកថាប្រធានមន្ទីរសុខាភិបាលប្រតិបត្តិការដោយប្រើប្រាស់កម្លាំងមន្ទីរសុខាភិបាល ដោយគ្មានការចូលរួមពីនគរបាល កងរាជអាវុធហត្ថ ឬស្ថាប័នអយ្យការ ហើយក៏មិនបានរាយការណ៍មកថ្នាក់លើនោះដែរ ទាក់ទងនឹងការឃាត់រថយន្តនោះ។ លោក ហ៊ុន សែន ថានេះជាការប្រព្រឹត្តខុសនីតិវិធី។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ បានទេនៅថ្ងៃទី១៤ សីហា ដើម្បីសុំការបំភ្លឺថា ការចាប់រថយន្តវិទ្យុ ABC ខុសនីតិវិធីមែន ឬយ៉ាងណា?
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក សុខ សុគន្ធ ត្រូវបានប្រមុខរដ្ឋាភិបាលប្រកាសបញ្ឈប់មុខតំណែង បន្ទាប់ពីមន្ត្រីរូបនេះចាប់រថយន្តមួយគ្រឿងរបស់វិទ្យុ ABC ដែលពាក់ស្លាកសង្គ្រោះបន្ទាន់ ប៉ុន្តែមានដឹកទឹកផ្លែឈើ ហើយទឹកផ្លែឈើដែលមាននៅក្នុងរថយន្តនេះ ត្រូវគេរកឃើញថាពុំបានចុះបញ្ជិកាត្រឹមត្រូវថែមទៀតផង។
ទោះបីជាត្រូវបានដកចេញពីតំណែងប្រធានមន្ទីរសុខាភិបាលក៏ដោយ លោក សុខ សុគន្ធ ប្រហែលជានឹងនៅជាមន្ត្រីនៅស្ថាប័នសុខាភិបាលដដែល ដ្បិតលោក ហ៊ុន សែន បានសរសេរថា ការដកតួនាទីនេះមិនមានន័យថា រដ្ឋាភិបាលបោះបង់មន្ត្រីរូបនោះទេ គឺរដ្ឋាភិបាលអាចតែងតាំងលោក សុខ សុគន្ធ ក្នុងតំណែងសមស្របណាមួយនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិនៅពេលខាងមុខវិញ។
ទន្ទឹមនឹងការស្តីបន្ទោសមន្ត្រីរបស់ខ្លួន ថាធ្វើខុសនីតិវិធី និងឈានដល់ការបញ្ចប់តួនាទីនោះ លោក ហ៊ុន សែន មិនបានចាត់វិធានការអ្វីចំពោះឡានដឹកទឹកផ្លែឈើបិទស្លាកសង្គ្រោះបន្ទាន់របស់វិទ្យុ ABC នោះទេ។ ផ្ទុយទៅវិញ លោកបានបញ្ជាឲ្យលោក ឃួង ស្រេង ដែលជាអភិបាលរងរាជធានីភ្នំពេញ រៀបចំស្លាកលេខសម្រាប់ឡាននោះវិញ ព្រមទាំងផ្តល់រថយន្តសង្គ្រោះ ២គ្រឿងបន្ថែមដល់វិទ្យុ ABC ទៀតផង។ លោកបញ្ជាក់ថា នេះជាការដោះស្រាយជូនវិទ្យុ ABC ទាំងផ្លូវច្បាប់ និងមធ្យោបាយបន្ថែម ដើម្បីបន្តជួយដល់អ្នកក្រីក្រដោយមិនយកកម្រៃ។
ភ្លាមៗក្រោយការប្រកាស អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករាប់ពាន់នាក់ បានចូលទៅបញ្ចេញយោបល់នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។ មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនគាំទ្រវិធានការនេះ ប៉ុន្តែខ្លះទៀតបង្ហាញការមិនពេញចិត្ត ដោយលើកឡើងថា ជាការលើកទឹកចិត្តការប្រព្រឹត្តល្មើសច្បាប់។
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបហៅចំណាត់ការនេះ ថាជាការយល់ញាតិឃ្លាតច្បាប់៖ «ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ គាត់អនុវត្តច្បាប់បែបនេះ គឺវាពិតជាត្រឹមត្រូវហើយ តែវាគ្រាន់តែខុសនីតិវិធីនៃការអនុវត្តច្បាប់ប៉ុណ្ណោះ។ ចំណែកខាងវិទ្យុ ABC វិញ គឺធ្វើខុសច្បាប់ទាំងស្រុង ហើយថែមទាំងចោទមន្ត្រីរដ្ឋាភិបាល (សំដៅដល់លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ) ថាចាប់ឃាត់រថយន្តសង្គ្រោះបន្ទាន់របស់ខ្លួន ព្រោះខឹងក្រុមខ្លួនទៅបំបែកឆ្នាំងបាយរបស់លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញថែមទៀតផង។ ABC អាងសំឡេងប្រជាជនដែលចូលចិត្តស្តាប់វិទ្យុខ្លួន មកកាងការពារទង្វើល្មើសច្បាប់របស់ខ្លួន ហើយបានការអន្តរាគមន៍ពីសម្ដេចថែមទៀត ABC កាន់តែឡើងចាងលើសដើម។ វាគួរតែ ABC ទទួលស្គាល់កំហុសរបស់ខ្លួន ហើយចេញមុខសុំទោសសាធារណជនថា ខ្លួននឹងមិនប្រព្រឹត្តអំពើល្មើសច្បាប់បែបនេះនៅថ្ងៃអនាគតទៀតឡើយ ទើបបានវាជាការប៉ះប៉ូវដ៏សមរម្យមួយ»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ យល់ឃើញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរលូកដៃជ្រៀតជ្រែកកិច្ចការស្ថាប័នសាធារណៈបែបនេះឡើយ។ លោកថា វានឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការអនុវត្តការងាររបស់ស្ថាប័នជំនាញ និងកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រដ្ឋាភិបាល ហើយកាន់តែធ្ងន់ធ្ងរជាងនេះ នឹងធ្វើឲ្យស្ថាប័នសាធារណៈលែងហ៊ានបំពេញមុខងាររបស់ខ្លួនដោយត្រឹមត្រូវ៖ «»។
កាលពីដើមខែមករា កន្លងទៅ ក្រសួងសុខាភិបាល បានដាក់លិខិតមួយច្បាប់ទៅអគ្គស្នងការនគរបាលជាតិ និងបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបង្កើនកិច្ចសហការទប់ស្កាត់រថយន្តសង្គ្រោះបន្ទាន់ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល ដោយសារតែក្រសួងសង្កេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមួយចំនួន បានក្លែងបន្លំ និងគ្មានស្លាកលេខរថយន្តត្រឹមត្រូវកំពុងធ្វើសកម្មភាពដឹកជនរងគ្រោះទៅព្យាបាលនៅគ្លីនិករបស់ខ្លួនដោយបង្ខំឲ្យបង់ថ្លៃខ្ពស់ ឬខ្លះទៀតកំពុងរកស៊ីជួញដូរខុសច្បាប់៕