ដោយ ហ៊ុំ ចំរើន RFA 2016-08-15
ក្រុមយុវជននៅរាជធានីភ្នំពេញប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី១៤ សីហា ធ្វើបុណ្យរំឭកគុណគ្រូនៅសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង ខណ្ឌចំការមន ដែលមានសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចូលរួមប្រមាណ ៥០០នាក់។ ពិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជាការដឹងគុណ និងលើកទឹកចិត្តដល់គ្រូបង្រៀនដែលបានបង្ហាត់បង្រៀនដល់ពួកគេកាលពីនៅកុមារភាព។
នៅក្នុងពិធីរំឭកគុណគ្រូនេះ មានការប្រគំតន្ត្រីសម័យ និងការសម្ដែងអាយ៉ៃចាប៉ីដងវែងដោយលោក ឌួង សុខគា ជាដើម សម្ដែងចែកជូនសិស្សានុសិស្ស អាណាព្យាបាល និងលោកគ្រូអ្នកគ្រូទស្សនាកម្សាន្តនៅខាងក្នុងបរិវេណសាលារៀន នៅព្រឹកថ្ងៃទី១៤ សីហា។
អ្នកទស្សនាបានទះដៃក្នុងទឹកមុខសប្បាយរីករាយ ដោយមានសំឡេងហ៊ោកញ្ជ្រៀវជាបន្តបន្ទាប់។
«សំឡេងហ៊ោ»
អ្នករៀបចំកម្មវិធីអតីតសិស្សសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង លោក កែវ សាស្ត្រា ប្រាប់អាស៊ីសេរី ពីទីកន្លែងរៀបចំពិធីថា មូលហេតុដែលពួកគេធ្វើបុណ្យរំឭកគុណគ្រូបង្រៀននៅក្នុងសាលានេះ ដោយសារជាទីកន្លែងដែលពួកគេធ្លាប់សិក្សាដំបូងកាលពីនៅកុមារភាព។ លោកបញ្ជាក់ទៀតថា ការធ្វើពិធីនេះ ដើម្បីជាការដឹងគុណដល់លោកគ្រូអ្នកគ្រូផង និងជាការលើកទឹកចិត្តដល់ក្មេងជំនាន់ក្រោយ ឲ្យចេះស្រឡាញ់គ្រូបង្រៀនផង៖ «សម័យខ្ញុំរៀន គ្រូខ្លះស៊ីឈ្នួលច្រូតត្រកួនគេ ខ្លះទូលនំលក់ និងខ្លះទៀតរត់ម៉ូតូឌុបយកប្រាក់ចិញ្ចឹមជីវិត ហើយក្រៅពីនោះបានយកពេលវេលាមកបង្រៀនសិស្ស។ អ៊ីចឹងហើយបានជាគុណបំណាច់ដែលយើងខ្ញុំមិនអាចបំភ្លេចបានឡើយ»។
ទាក់ទងនឹងបញ្ហានេះ នាយិកាសាលបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង អ្នកស្រី ឆាយ ណារិន មានប្រសាសន៍ថា អ្នកស្រីស្ទើរស្រក់ទឹកភ្នែកនៅពេលដែលឃើញសិស្សរបស់ខ្លួនធ្វើបុណ្យដឹងគុណដល់លោកគ្រូអ្នកគ្រូ។ អ្នកស្រីបញ្ជាក់ថា បើទោះជាសិស្សពុំបានផ្ដល់ជាថវិកាជូនលោកគ្រូអ្នកគ្រូក៏ដោយ គឺពួកគាត់មានកម្លាំងចិត្តជាខ្លាំងក្នុងការបន្តអាជីពរបស់ខ្លួនទៅមុខទៀត ដោយសារតែឃើញក្រុមយុវជនធ្វើអំពើល្អបែបនេះ៖ «ភាសាខ្មែរនិយាយថាកុំភ្លេចដើមកំណើតនោះ អ៊ីចឹងអ្វីដែលកូនបានរៀនចេះដឹងពីដំបូង គឺចេញពីសាលាបឋមនេះហើយ ដែលលោកគ្រូអ្នកគ្រូខិតខំបង្រៀនពីមុនមក»។
ទោះបីជាយ៉ាងនេះក្ដី ប្រធានស្ដីទីសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា នេះជានិមិត្តសញ្ញាល្អមួយរបស់យុវជន ដែលចេះដឹងគុណដល់គ្រូបង្រៀន ក៏ប៉ុន្តែអ្នកស្រីពន្យល់ថា ការធ្វើបែបនេះគ្រាន់តែជាផ្នែកតូចមួយក្នុងការលើកទឹកចិត្តដល់គ្រូបង្រៀន ពីព្រោះយុវជនត្រូវធ្វើអំពើល្អឲ្យបានច្រើនថែមទៀតនៅក្នុងសង្គម ដូចជាការនិយាយល្អ និងចេះគួរសមដល់លោកគ្រូអ្នកគ្រូជាដើម៖ «ប៉ុន្តែបើសិនជាសិស្សានុសិស្សចេះបែបនេះហើយ យើងបង្រៀនដល់ថ្នាក់ដឹកនាំប្រទេសវិញឲ្យចេះគោរព កុំឲ្យនិយាយអសុរោះ ដោយប្រើពាក្យ អា មឹង ទៅលើអ្នកដទៃ ជាដើម»។
ក្រុមយុវជនបញ្ជាក់ថា ពួកគេនឹងរៀបចំបុណ្យរំឭកគុណគ្រូនៅអនុវិទ្យាល័យ និងវិទ្យាល័យដែលបានផ្ដល់ចំណេះដឹងដល់ពួកគេនៅឆ្នាំក្រោយបន្តបន្ទាប់ទៀត៕