ដោយ ម៉ែន សុធីរ RFA 2016-08-15
ជនជាតិដើមភាគតិចនៅខេត្តស្ទឹងត្រែង ចោទអាជ្ញាធរថារារាំងពួកគេមិនឲ្យប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចនៅមូលដ្ឋាន។ ការចោទប្រកាន់នេះ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ ៨នាក់ បានរារាំងអ្នកភូមិមិនឲ្យចូលរួមទិវាសិទ្ធិជនជាតិដើមភាគតិច ក្រោមហេតុផលថាមិនសុំច្បាប់អនុញ្ញាត។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកការរារាំងនោះ គឺជាការរឹតត្បិតសេរីភាពសិទ្ធិជនជាតិដើមភាគតិចផ្ទុយពីក្របខ័ណ្ឌច្បាប់។
ជនជាតិដើមភាគតិចរាប់រយនាក់ បានប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចនៅពីរទីតាំងផ្សេងគ្នាក្នុងឃុំក្បាលរមាស ស្រុកសេសាន នៅព្រឹកថ្ងៃទី៩ សីហា។ ការប្រារព្ធទិវានេះ ក្នុងគោលបំណងស្នើឲ្យរដ្ឋាភិបាលបញ្ឈប់រាល់ការគំរាមកំហែង បញ្ឈប់ការកាប់បំផ្លាញធនធានធម្មជាតិ និងបញ្ឈប់ការបណ្ដេញចេញដោយបង្ខំ។
ទន្ទឹមនឹងនេះ ពួកគេបានដើរដង្ហែក្បួនកាន់បដាអមដោយឧបករណ៍បំពងសំឡេង អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បញ្ឈប់ការរើសអើងសិទ្ធិជនជាតិដើមភាគតិច និងដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គមដោយយុត្តិធម៌។ លើសពីនេះ ខ្លឹមសារក្នុងបដានោះសរសេររថា ជនជាតិដើមភាគតិចស្រឡាញ់ទឹកដី ព្រៃឈើ វប្បធម៌ប្រពៃណី និងទន្លេ ដែលជាសរសៃឈាមសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។
យុវជនជនជាតិដើមភាគតិចគ្រឹង លោក វង់ ទ្រី ចោទប្រកាន់ថា អាជ្ញាធរមូលដ្ឋានមានចេតនារារាំងអ្នកភូមិមិនឲ្យចូលរួមទិវានេះ ដោយដាក់កម្លាំងប្រដាប់អាវុធជិត ១០នាក់ហាមឃាត់អ្នកភូមិមិនឲ្យចូលរួមទិវានេះនៅព្រឹកថ្ងៃទី៩ សីហា បើទោះបីជាពួកគេបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានក្តី។ លោកកត់សម្គាល់ថា នៅល្ងាចថ្ងៃទី៨ សីហា នគរបាលឃុំក្បាលរមាស បានជូនដំណឹងឲ្យពលរដ្ឋតាមផ្ទះនីមួយៗផ្អាកការចូលរួមទិវានេះ ដោយអះអាងថា ជាទិវាខុសច្បាប់។ លោកចាត់ទុកការរារាំងនេះ គឺជាការរំលោភបំពានលើសិទ្ធិជនជាតិដើមភាគតិច និងសេរីភាពនៃការជួបប្រជុំរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ៖ «គឺគាត់បានរុញច្រានសហគមន៍ទៅវិញទៅតើ។ គាត់រុញតែម្តង។ ខ្ញុំយល់ថាគាត់មិនមានការទំនួលខុសត្រូវតួនាទីរបស់ខ្លួន។ តែគាត់មិនការពារ បែរជារុញឲ្យទៅវិញ។ ខ្ញុំភ័យសម្រាប់ខ្ញុំ»។
ជនជាតិដើមភាគតិចព្រៅ រស់នៅភូមិច្រប់ លោកស្រី សាន សារឿន ឲ្យដឹងថា គោលបំណងដែលអ្នកភូមិប្រារព្ធទិវានេះ គឺជាសារមួយផ្ញើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជ្រាបពីទុក្ខកង្វល់របស់ជនជាតិដើមភាគតិច ស្ដីពីការបាត់បង់ប្រពៃណីវប្បធម៌ ព្រៃឈើ ឬធនធានធម្មជាតិ និងការជម្លៀសចេញពីលំនៅឋានបង្កការលំបាកផ្នែកជីវភាពពួកគាត់ធ្ងន់ធ្ងរ។ លោកស្រីថា ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំដោយក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បង្កឲ្យពួកគេប្រឈមបញ្ហាលំបាកជីវភាពធ្ងន់ធ្ងរ ការប្រែប្រួលអាកាសធាតុ បាត់បង់ដីចម្ការវិលជុំ ការកាប់បំផ្លាញដើមឈើផលិតជ័រទឹក ឬព្រៃស្រោងដែលជាជម្រកសត្វ និងបាត់បង់ទឹកអូរ និងស្ទឹងដែលជាប្រភពប្រាក់ចំណូលជនជាតិដើមភាគតិចច្រើនទសវត្សរ៍កន្លងមក៖ «សម្រាប់ជនជាតិខ្ញុំ ខ្ញុំក៏ទាមទារប្រពៃណីរបស់ខ្ញុំដែរ។ សម្រាប់ពួកគេ គេចង់ពន្លិច។ គេចង់ពន្លិចជនជាតិដើមពួកខ្ញុំ។ សូម្បីតែម្តាយព្រៅ ម៉ែព្រៅ កូនមិនចេះខ្មែរ ធ្វើអត្តសញ្ញាណប័ណ្ណក៏គេមិនឲ្យដាក់ថាជនជាតិដែរ ឲ្យដាក់ថាខ្មែរ»។
យុវជនជនជាតិដើមភាគតិចនៅភូមិក្បាលរមាស លោក ប្រ៉ច រិទ្ធី កត់សម្គាល់ថា ពលរដ្ឋនៅភូមិក្បាលរមាស ជាង ២០០នាក់បានប្រារព្ធទិវាសិទ្ធិជនជាតិដើមភាគតិចនេះដែរ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ពលរដ្ឋអំពីវប្បធម៌ និងបញ្ហាប្រឈមផ្សេងៗ។ លើសពីនេះ ក៏ជំរុញឲ្យជនជាតិដើមភាគតិចចេះសាមគ្គីគ្នាការពារដីធ្លី ទាមទារសិទ្ធិសេរីភាព ការពារធនធានធម្មជាតិ និងអត្តសញ្ញាណជនជាតិដើមភាគតិចដែលកំពុងរងការរំលោភបំពាន។ លោកមើលឃើញថា បច្ចុប្បន្ននេះរដ្ឋាភិបាលមិនទាន់ផ្តល់សិទ្ធិដល់ជនជាតិដើមភាគតិចពេញលេញនោះទេ៖ «គោលដៅសំខាន់ៗស្រឡាញ់ព្រៃឈើទឹកដីខ្លួនឯង។ សំខាន់បំផុត អ្វីដែលគាត់មិនអាចបាត់បង់បាន គឺទឹកដីព្រៃឈើហ្នឹងឯង»។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំក្បាលរមាស លោក វឿន សម្បត្តិ ឲ្យដឹងថា អាជ្ញាធរមិនបានហាមឃាត់ពលរដ្ឋមិនឲ្យចូលរួមប្រារព្ធទិវានេះទេ តែពលរដ្ឋត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុនសិន ដើម្បីឲ្យអាជ្ញាធរចាត់ឲ្យសមត្ថកិច្ចការពារសន្តិសុខ។ លោកបញ្ជាក់ថា អាជ្ញាធរតម្រូវឲ្យពលរដ្ឋសុំច្បាប់អនុញ្ញាតពីមន្ទីរអភិវឌ្ឍន៍ជនបទ និងសាលាខេត្តស្ទឹងត្រែង ជាមុនសិន ទើបអាចប្រមូលផ្តុំ និងការជួបប្រជុំបាន៖ «យើងមិនដឹងថាម៉េច? បើគាត់ធ្វើហើយ! បើយើងចាត់កម្លាំងឃាត់ក្រុមពួកគាត់ហាក់បីដូចជាអយុត្តិធម៌ ចេះតែសម្ងំស្ងៀមទៅ។ ចឹងឲ្យអាជ្ញាធរខុសទៀត ឬយ៉ាងម៉េច?»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកការរារាំង និងការបញ្ជូនកម្លាំងប្រដាប់អាវុធហាមឃាត់មិនឲ្យសហគមន៍ធ្វើវេទិកា និងជួបប្រជុំនោះ គឺជាការបំបិទសិទ្ធិសេរីភាពការជួបប្រជុំ ថែមទាំងសេរីភាពបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ៖ «ការដែលគាត់បានធ្វើហ្នឹង គាត់បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានដែរ ដូចជាមិនមានអីផ្ទុយពីច្បាប់ទេ»។
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏ធ្លាប់សម្ដែងក្ដីបារម្ភអំពីការរំលោភសិទ្ធិជនជាតិដើមភាគតិចនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដែរ បន្ទាប់ពីអ្នកស្រីបានបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅខេត្តស្ទឹងត្រែង កាលពីចុងខែមីនា ឆ្នាំ២០១៦។
ចំណែកអាជ្ញាធរខេត្តស្ទឹងត្រែង ធ្លាប់ប្ដេជ្ញាថានឹងយកចិត្តទុកដាក់ធានាសិទ្ធិជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងជនជាតិដើមភាគតិចផ្សេងទៀតរស់នៅក្នុងខេត្តនេះ។ យ៉ាងណា ជនជាតិដើមភាគតិច និងមន្ត្រីសង្គមស៊ីវិលមើលឃើញថា ការគោរពសិទ្ធិជនជាតិដើមភាគតិចរបស់អាជ្ញាធរខេត្តស្ទឹងត្រែង កំពុងឋិតនៅភាពផុយស្រួយនៅឡើយ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា ទិវាសិទ្ធិជនជាតិដើមភាគតិចអន្តរជាតិ ត្រូវបានគេប្រារព្ធស្ទើរគ្រប់ទីកន្លែងជុំវិញពិភពលោក។ លោកថា ទិវានេះពុំមែនជាទិវាប្រឆាំងរដ្ឋាភិបាល ហើយក៏ពុំមែនជាទិវាខុសច្បាប់ឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរមានកាតព្វកិច្ចត្រូវជួយសម្រួល និងលើកទឹកចិត្តដល់ជនជាតិដើមភាគតិចឲ្យប្រារព្ធទិវានេះបានជោគជ័យ៖ «យើងប្រើពាក្យថាសុំច្បាប់ បើគាត់មិនអនុញ្ញាត គាត់បានអីប្រារព្ធ ហើយក្នុងច្បាប់គេនិយាយពីការជូនដំណឹង គេមិននិយាយពីការសុំច្បាប់ទេ»។
ការរារាំងពីអាជ្ញាធរមូលដ្ឋាន គឺផ្ទុយពីក្រសួងអភិវឌ្ឍន៍ជនបទ ដែលកាលពីពេលថ្មីៗនេះ បានចេញលិខិតណែនាំឲ្យមន្ទីរជំនាញគ្រប់ខេត្ត-ក្រុង សហការល្អជាមួយសហគមន៍ជនជាតិដើមភាគតិច ប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២២ ឆ្នាំនេះ៕