
ដោយ ហង្ស សាវយុត RFA 2016-08-15
អតីតអ្នកភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ជាច្រើនគ្រួសារ នៅតែស្ថិតក្នុងស្ថានភាពគ្មានដីសង់ទីលំនៅ និងធ្វើកសិកម្មចិញ្ចឹមជីវិតឲ្យបានសមស្របទេ ចាប់តាំងពីអាជ្ញាធរបានប្រើកម្លាំងបណ្ដេញពួកគេឲ្យចាកចេញ រួចហើយយកដីភូមិ និងស្រែចម្ការ ប្រគល់ទៅឲ្យក្រុមហ៊ុន អង្គរ ស៊ូហ្គើ (Angkor Sugar) ដាំអំពៅ។
ចាប់តាំងតែពីអាជ្ញាធរបណ្ដេញអ្នកភូមិទាំងនោះឲ្យចាកចេញ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង ៧ឆ្នាំហើយ។
អតីតអ្នកភូមិអូរបាត់មាន់ សង្កាត់កូនក្រៀល ជាង ២០០គ្រួសារ បានជំរុញជាថ្មីឲ្យអាជ្ញាធរក្រុងសំរោង និងអភិបាលខេត្តឧត្តរមានជ័យ ត្រូវពន្លឿនការដោះស្រាយដោយយកដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អង្គរ ស៊ូហ្គើ មកចែកឲ្យពួកគេធ្វើស្រែចម្ការវិញ។
ការជំរុញនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរបស់ខេត្តឧត្តរមានជ័យ ធ្លាប់ប្រើកម្លាំងបណ្ដេញពួកគេដើម្បីយកដីទាំងនោះទៅឲ្យក្រុមហ៊ុនដាំអំពៅ ក៏ប៉ុន្តែក្រោយមក ក្រុមហ៊ុន អង្គរ ស៊ូហ្គើ បានប្រកាសក្ស័យធន។
តំណាងអ្នកភូមិអូរបាត់មាន់ គឺលោក គន់ សំរិទ្ធិ។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៥ ខែសីហា ថា រយៈពេលជាង ៧ឆ្នាំបន្ទាប់ពីអាជ្ញាធរបណ្ដេញអ្នកភូមិអូរបាត់មាន់ មក រូបលោកក៏ដូចជាអ្នកភូមិជាង ២០០គ្រួសារផ្សេងទៀត រស់នៅយ៉ាងលំបាកដោយដើរសុំដីគេសង់ជម្រកបណ្ដោះអាសន្ន ព្រមទាំងគ្មានដីស្រែចម្ការ។ អ្នកខ្លះទៀតដោយសារតែគ្មានដីរស់នៅ និងដីធ្វើកសិកម្ម ក៏នាំគ្នាចំណាកស្រុកទៅរកការងារធ្វើឯប្រទេសថៃ។ លោក គន់ សំរិទ្ធិ ទាមទារឲ្យអាជ្ញាធរខេត្តឧត្តរមានជ័យ ពន្លឿនការដោះស្រាយដីធ្លីដោយបង្វិលដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អង្គរ ស៊ូហ្គើ ខ្លះមកឲ្យពួកគាត់ធ្វើស្រែចម្ការវិញ៖ «ខ្ញុំសូមសំណូមពរឲ្យរដ្ឋាភិបាល ជាពិសេសគឺអភិបាលខេត្តឧត្តរមានជ័យ សូមលោកមេត្តាពន្លឿនការដោះស្រាយ»។
នេះជាលើកទីពីរហើយដែលអតីតអ្នកភូមិអូរបាត់មាន់ បានទាមទារឲ្យអាជ្ញាធរប្រគល់អតីតដីរបស់គេត្រឡប់មកវិញ។ កាលពីខែកុម្ភៈ កន្លងទៅ អតីតអ្នកភូមិអូរបាត់មាន់ ចំនួន ២១០គ្រួសារធ្លាប់ទាមទារឲ្យអាជ្ញាធរប្រគល់ដីដែលគ្រប់គ្រងដោយក្រុមហ៊ុន អង្គរ ស៊ូហ្គើ នោះ ត្រឡប់មកឲ្យពួកគេវិញម្ដងមកហើយ។
ការទាមទារបែបនេះ បន្ទាប់ពីគេដឹងថា ក្រុមហ៊ុនចំនួន៣ គឺក្រុមហ៊ុន អង្គរ ស៊ូហ្គើ (Angkor Sugar) ក្រុមហ៊ុន ទន្លេ ស៊ូហ្គើ (Tunle Sugar) និងក្រុមហ៊ុន ខេន អែន ស៊ូហ្គើ (Can And Sugar) ដែលជាអ្នកទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំអំពៅទីនោះ បានប្រកាសក្ស័យធនមក។
អភិបាលក្រុងសំរោង លោក អ៊ុន សុភក្តិ ឆ្លើយតបនឹងការទាមទាររបស់ប្រជាពលរដ្ឋនោះថា អាជ្ញាធរបានទទួលយកឯកសារនានារបស់អ្នកភូមិទាំងនោះហើយ ក៏ប៉ុន្តែកំពុងប្រឹងប្រែងដោះស្រាយ៖ «តែឥឡូវក៏មិនអីដែរ ពីព្រោះឯកឧត្តមអភិបាលខេត្ត បានជួបគាត់ម្ដងហើយ ប៉ុន្តែសន្យាថានឹងជួបម្ដងទៀត»។
កាលពីឆ្នាំ២០០៩ កន្លងទៅ ក្រោយពីការបណ្ដេញអ្នកភូមិអូរបាត់មាន់ ជាង ២០០គ្រួសារឲ្យចាកចេញ គឺអាជ្ញាធរធ្លាប់ដោះស្រាយដីធ្លីថ្មីជូនប្រជាពលរដ្ឋវិញបានតែ ២២គ្រួសារប៉ុណ្ណោះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់ថា បន្ទាប់ពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចបានប្រកាសក្ស័យធនទៅហើយ គឺអាជ្ញាធរគួរតែបង្វិលដីនោះទៅឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដើមវិញ ពីព្រោះកាលណាពួកគាត់មានដីធ្លី គឺអាចមានជីវភាពធូរធារ។ បញ្ហាម្យ៉ាងទៀត គឺដើម្បីជួយទប់ស្កាត់បញ្ហាចាកចោលស្រុកទៅរកការងារធ្វើនៅឯប្រទេសក្រៅផង៕