Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​នៅ​កោះ​ខ្យង​បន្ត​ព្រួយ​បារម្ភ​ខ្លាច​កូន​គ្រែង​ឈាម​ត្រូវ​បាត់បង់​ដោយសារ​បទល្មើស​នេសាទ

Image may be NSFW.
Clik here to view.
សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។ Photo/Provided


ដោយ ដែន អយុធ្យា RFA 2016-08-15

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះ​ខ្យង​ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់​ជុំវិញ​បទល្មើស​កូន​គ្រែង​ឈាម​ដែល​ឈ្មួញ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ចាប់​លក់​ទៅ​ឲ្យ​ឈ្មួញ​ប្រទេស​វៀតណាម ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ជំនាញ​ទប់ស្កាត់​ទេ។

បញ្ហា​នេះ ពលរដ្ឋ​រស់នៅ​តំបន់​កោះ​ខ្យង ចោទ​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​មួយ​ចំនួន ថា​បាន​ឃុបឃិត​បើក​ដៃ​ឲ្យ​ឈ្មួញ​ល្មើស​ប្រើ​ឧបករណ៍​នេសាទ​កូន​គ្រែង​ឈាម ដែល​ច្បាប់​ហាម​ឃាត់ អាច​ធ្វើ​សកម្មភាព​បាន​ដោយ​រលូន ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុក​រលួយ ទើប​បទល្មើស​បន្ត​កើត​មាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ។

មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និយាយ​ប្រាប់​អាស៊ីសេរី ជា​ថ្មី​ទៀត​ថា បទល្មើស​នេសាទ​កូន​គ្រែង​ឈាម​ដែល​ឈ្មួញ​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​បន្ត​កើត​មាន​ក្នុង​ដែន​សមុទ្រ​មូលដ្ឋាន​នេះ។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះ​ខ្យង​ចោទ​ថា បទល្មើស​កូន​គ្រែង​ឈាម​ដុះ​ស្លែ​នៅ​តំបន់​កោះ​ខ្យង សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​មិន​មាន​ប្រសិទ្ធភាព​ទេ។ ពោល គឺ​បង្ក្រាប ឬ​ទប់ស្កាត់​រើស​មុខ ឬ​បង្ក្រាប​រើស​មុខ​បុគ្គល​ល្មើស។
ប្រជា​នេសាទ​តំបន់​កោះ​ខ្យង ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​ជាច្រើន​នាក់ បាន​ចោទ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ថា​ទំនង​ជា​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​នេសាទ​សមុទ្រ​មាន​បទល្មើស​កូន​គ្រែង​ឈាម​ស្រុក​ព្រៃនប់ ជាដើម ទើប​គ្មាន​សកម្មភាព​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។ បទល្មើស​នេះ ទាំង​ប្រជាពលរដ្ឋ អាជ្ញាធរ​ឃុំ​អូរជ្រៅ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត ដោយ​ខ្លាច​បាត់បង់​ធនធាន​ជលផល​សមុទ្រ ពិសេស​គ្រែង​ឈាម ដែល​បន្ត​ពូជ​នៅ​តំបន់​កោះ​ខ្យង ដោយសារ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់។

បញ្ហា​នេះ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ផ្ទាល់​ដល់​តំបន់​កោះ​ខ្យង ឃុំ​អូរជ្រៅ អះអាង​ថា បទល្មើស​នេសាទ​កូន​គ្រែង​ឈាម​ពិត​ជា​បន្ត​កើត​មាន​អនាធិបតេយ្យ និង​ធ្វើ​សកម្មភាព​រាល់​ថ្ងៃ​ពិត​មែន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ទទូច​ដល់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជំនាញ​ថ្នាក់​ជាតិ ចុះ​អង្កេត​ឈាន​ដល់​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​នេសាទ​កូន​គ្រែង​ឈាម នៅ​តំបន់​កោះ​ខ្យង ដែល​ឈ្មួញ​ជួញដូរ​ទៅ​កាន់​ប្រទេស​វៀតណាម៖ «នៅ​ឃុំ​អូរជ្រៅ នេះ កាល​ពី​ដើម​ឡើយ គឺ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ ពួក​គាត់​រាវ​គ្រែង​តែ​នឹង​ដៃ​ទេ ដើម្បី​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ពេល​នេះ របរ​នេសាទ​ដោយ​ដៃ គឺ​មិន​ទទួល​បាន​ផល​ទេ ដោយសារ​តែ​ឈ្មួញ​នេសាទ​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ មក​កៀង​កូន​គ្រែង ហើយ​គ្មាន​អាជ្ញាធរ​បង្ក្រាប ឬ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព នាំ​ឲ្យ​របរ​នេសាទ​គ្រែង​ឈាម​តំណ​ពី​ដូនតា​ត្រូវ​បាត់បង់។ បទល្មើស​នេះ គឺ​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន និង​សហគមន៍ ឬ​អង្គការ​ខ្លះ​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជលផល​សមុទ្រ បាន​ជួយ​ខ្នះខ្នែង​បង្ក្រាប​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​នេះ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា មូលហេតុ​អ្វី​បាន​ជា​បទល្មើស​នេសាទ​កូន​គ្រែង​ឈាម នៅ​តែ​បន្ត​កើត​មាន​នៅ​តំបន់​កោះ​ខ្យង​រហូត​មក​ដល់​ពេល​នេះ»។

អ្នកស្រី ជៀប សុធារី មន្ត្រី​សមាគម​អាដហុក ស្ថិត​ក្នុង​ចំណោម​មេ​ដឹកនាំ​អង្គការ​ជាច្រើន​ស្ថាប័ន​ទៀត ព្រួយ​បារម្ភ​ថា ប្រសិន​បើ​បទល្មើស​គ្រែង​ឈាម និង​បទល្មើស​ជលផល​សមុទ្រ​ផ្សេង​ទៀត​អាច​បន្ត​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​គ្មាន​ការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ទំនង​ជា​នឹង​អាច​ផុត​ពូជ​ពី​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ណា​មួយ៖ «ខ្ញុំ​គ្រាន់​តែ​ចង់​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​នៃ​រាជ​រដ្ឋាភិបាល សូម​ឲ្យ​លោក​ជួយ​មាន​វិធានការ​ក្តៅ​ក្នុង​ការ​លុប​បាត់​បទល្មើស​នេសាទ​សមុទ្រ បទល្មើស​កូន​គ្រែង​ឈាម នៅ​តំបន់​កោះ​ខ្យង ឲ្យ​បាន​ជា​ស្ថាពរ ព្រោះ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​នេះ ហាក់​មិន​មាន​ឆន្ទៈ​បង្ក្រាប ឬ​ទប់ស្កាត់​ទេ»។

បញ្ហា​នេះ​ដែរ លោក យន់ ឆេង មេ​ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​នេសាទ​កូន​គ្រែង​ឈាម​បន្ត​ធ្វើ​សកម្មភាព​ល្មើស​នៅ​តំបន់​កោះ​ខ្យង ដូច​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ពិត​មែន។ លោក​ថា បទល្មើស​នេះ​គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ចាប់​បាន​ម្តងម្កាល​ដែរ ប៉ុន្តែ​ចាប់​បាន​តែ​កូន​គ្រែង​ទេ រីឯ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ចាប់​មិន​បាន​ឡើយ។ លោក យន់ ឆេង បញ្ជាក់​ថា បទល្មើស​កូន​គ្រែង​ឈាម​នៅ​ឃុំ​អូរជ្រៅ តំបន់​កោះ​ខ្យង​នេះ រូប​លោក​ផ្ទាល់​ក៏​បារម្ភ​ខ្លាច​បាត់បង់​ធនធាន​ជលផល​សមុទ្រ ពិសេស​គ្រែង​ឈាម​ត្រូវ​ផុត​ពូជ ដោយសារ​ឈ្មួញ​បាន​ប្រើ​ឧបករណ៍​ចាប់​យក​ទាំង​តូច​ទាំង​ធំ។

លោក យន់ ឆេង មេ​ឃុំ​អូរជ្រៅ អះអាង​ថា បទល្មើស​កូន​គ្រែង​ឈាម​បាន​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ​នៅ​តំបន់​កោះ​ខ្យង ហើយ​រូប​លោក​ក៏​ធ្លាប់​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជលផល និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​ដែរ ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​បន្ត​កើត​មាន​មក​ដល់​ពេល​នេះ។

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ខណ្ឌ​ជលផល​កំពង់សោម លោក នេន ចំរើន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី ថា ចាប់​ពី​ខែ​កក្កដា រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​សីហា មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លួន សហការ​ជាមួយ​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ជាដើម បាន​ចុះ​បង្ក្រាប និង​ចាប់​បាន​កូន​គ្រែង​ឈាម​ដែល​ឈ្មួញ​ត្រៀម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម សរុប​មាន​ចំនួន​ជាង ២​តោន ប៉ុន្តែ​ជន​ប្រព្រឹត្តិ​ល្មើស​បាន​គេច​ខ្លួន​រួច។

ទាក់ទិន​បទល្មើស​នេះ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាប់​បាន​កូន​គ្រែង​ឈាម​ជាង ៣០០​គីឡូក្រាម​ពី​ឈ្មួញ​ល្មើស​បម្រុង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។ កូន​គ្រែង​ឈាម​ទាំង​នោះ បើ​គិត​ពី​ចំនួន​គ្រាប់ ឬ​កូន​គ្រែង​វិញ គឺ​ក្នុង​មួយ​គីឡូក្រាម​មាន​កូន​គ្រែង​ប្រមាណ ៥​ពាន់​គ្រាប់ ឬ ៥​ពាន់​កូន​គ្រែង។

ត្រង់​ចំណុច​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កូន​គ្រែង​ឈាម​ដែល​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​បាន​កាល​ពី​ដើម​ខែ​សីហា នេះ បាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត និង​ស្ថាប័ន​ជលផល ហើយ​ពេល​នេះ​បាន​នាំ​យក​ទៅ​លែង​ក្នុង​សមុទ្រ​វិញ​ហើយ។ យ៉ាង​ណា​ក៏ដោយ លោក យន្ត មីន បាន​ចោទ​សួរ​ទៅ​កាន់​ផ្នែក​ពាក់ព័ន្ធ ពិសេស​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ថា ត្រូវ​បញ្ឈប់​ការ​ជួញដូរ​កូន​គ្រែង​តូចៗ​មាន​ទំហំ​ស្ទើរ​ប៉ុន​សរសៃ​ធូប និង​បទល្មើស​ចាប់​កូន​ក្តាម​កូន​ខ្យង​តូចៗ ដើម្បី​ធ្វើ​ជំនួញ​ទៅ​លក់​ឲ្យ​ប្រទេស​ជិត​ខាង​ត​ទៅ​ទៀត ព្រោះ​នាំ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ធនធាន​ជលផល​សមុទ្រ​ធ្ងន់ធ្ងរ។ លោក​ទទូច​ថា គួរ​គប្បី​ទាំង​ប្រជា​នេសាទ ឈ្មួញ​ល្មើស និង​អាជ្ញាធរ​ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​សមុទ្រ ត្រូវ​បញ្ឈប់​សកម្មភាព​ល្មើស​នេះ​ជា​បន្ទាន់។

ផ្ដើម​ពី​បទល្មើស​នេះ​ដែរ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ក្រើន​រំឭក​ជា​ថ្មី​ទៀត​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ខិតខំ​សហការ​រួម​គ្នា​ទប់ស្កាត់​សកម្មភាព​បទល្មើស​នេសាទ​សមុទ្រ​នានា មាន​ដូចជា​បទល្មើស​កូន​គ្រែង កូន​ក្តាម និង​កូន​ខ្យង​តូចៗ ពិសេស​ធនធាន​ក្នុង​សមុទ្រ​ទាំងអស់​ដើម្បី​នាំ​ចេញ​ទៅ​លក់ដូរ​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​ទៀត។ លោក​អំពាវនាវ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជលផល​សមុទ្រ ត្រូវ​បញ្ឈប់​សកម្មភាព​បំផ្លាញ​ធនធាន​សមុទ្រ​ជា​បន្ទាន់ ហើយ​ត្រូវ​មាន​ស្មារតី​ជួយ​គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ ដោយ​ចាប់​ផ្ដើម​ពី​ខ្លួន​យើង​ម្នាក់ៗ ដើម្បី​ខ្លួន​យើង និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង។

លោក យន្ត មីន ស្នើ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួម​សហការ​គ្នា​ការពារ​ធនធាន​ធម្មជាតិ​ទាំង​នៅ​លើ​ដី​គោក និង​នៅ​ក្នុង​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>