Quantcast
Viewing all articles
Browse latest Browse all 40045

សង្គម​ស៊ីវិល​មិន​មាន​ជំនឿ​លើ​កិច្ចការ​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ

Image may be NSFW.
Clik here to view.
២៧-មីនា-២០១៦៖ ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ Photo: RFA


ដោយ ស៊ុន ហេង RFA 2016-08-16

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​សីហា ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា នឹង​រើ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នៅ​កម្ពុជា ទៅ​បង្កើត​ការិយាល័យ​រួម​មួយ​វិញ​នៅ​ប្រទេស​ឡាវ។ ដំណឹង​នេះ​ធ្វើ​អោយ​ប្រជាជន​ខ្មែរ​ជា​ច្រើន ជា​ពិសេស​អ្នក​ដែល​មាន​មុខ​របរ​ពឹង​ផ្អែក​ទៅ​លើ​ទន្លេ​មេគង្គ មាន​ការ​ព្រួយ​បារម្ភ។ បញ្ហា​នេះ ពលរដ្ឋ​លើក​ជា​សំណួរ​ថា តើ​ការ​រើ​នេះ​វា​អាច​ផ្ដល់​អំណាច​ទៅ​អោយ​ប្រទេស​ឡាវ អោយ​គេ​កាន់តែ​ស្រួល​សង់​ទំនប់​វារីអគ្គិសនី​ដែល​ប៉ះពាល់​ដល់​ជីវភាព​ពួកគាត់​ដែរ ឫ​ទេ?

គណៈកម្មាធិការ​ទន្លេ​មេគង្គ ដែល​មាន​សមាជិក​ប្រទេស​ជាប់​ដង​ទន្លេ​មេគង្គ រួម​មាន​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៥ ក្រោម​គោលបំណង​តែ​មួយ​គត់​គឺ​ជួយ​រៀបចំ​ការ​ប្រើប្រាស់ និង​អភិវឌ្ឍន៍​ធនធាន​ទន្លេ​នេះ​អោយ​មាន​និរន្តរភាព​សម្រាប់​មនុស្ស​ជាង ៧០​លាន​នាក់​ដែល​កំពុង​ពឹង​ពាក់​លើ​ទន្លេ។


​ទោះ​បី​ជា​បេសកកម្ម​របស់​ស្ថាប័ន​នេះ​ត្រូវ​បាន​ចែង​ច្បាស់​យ៉ាង​នេះ​ក៏ដោយ កន្លង​មក​គេ​សង្កេតឃើញ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​អសមត្ថភាព​ក្នុង​ការ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​គេ​រក​ឃើញ​ថា បង្ក​ផល​ប៉ះពាល់​ខ្លាំង ឧទាហរណ៍​ដូចជា ទំនប់​សាយ៉ាបូរី (Xayaburi) ទំនប់​ដនសាហុង (Don Sahong) របស់​ឡាវ ឫ​ទំនប់​សេសាន​ក្រោម​២ របស់​កម្ពុជា ជាដើម។

ការ​បរាជ័យ​នេះ​បង្ក​មក​ពី​​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ខ្វះ​ប្រព័ន្ធ​គ្រប់គ្រង​ដែល​មាន​ប្រសិទ្ធភាព​ផង និង​ដោយសារ​កង្វះ​ការ​សហការ​ពី​ប្រទេស​សមាជិក​ផង។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អគ្គលេខាធិការ​ទន្លេ​មេគង្គ លោក តែ ណាវុធ ជា​ច្រើន​លើក ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ពី​បញ្ហា​នេះ តែ​មិន​អាច​ទាក់ទង​បាន។

ការ​សិក្សា​មួយ​មាន​កម្រាស​ជាង ៨០០​ទំព័រ ដែល​វៀតណាម ដាក់​ជូន​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នៅ​ឆ្នាំ​២០១៦ បាន​រក​ឃើញ​ថា ទំនប់​វារីអគ្គិសនី​នៅ​ឡាវ ធ្វើ​អោយ​បាត់បង់​ដី​ល្បប់​នៅ​ខេត្ត​ក្រចេះ ជាង ៦៥​ភាគរយ ត្រី​ដែល​ធ្វើ​ដំណើរ​ទៅ​ពង​ត្រូវ​បាន​រាំង​ស្ទះ ហើយ​អាច​ឈាន​ទៅ​ដល់​ការ​ផុត​ពូជ​ត្រី​យ៉ាង​តិច ១០​ប្រភេទ ទិន្នផល​ត្រី​ត្រូវ​ធ្លាក់​ជាង​ពាក់កណ្ដាល​នៅ​កម្ពុជា និង​វៀតណាម ដែល​ជា​លទ្ធផល​ធ្វើ​សេដ្ឋកិច្ច​កម្ពុជា ខាតបង់​ជាង ៤៥០​លាន​ដុល្លារ​ក្នុង ១​ឆ្នាំ។

លោក មៀច មាន អតីត​អ្នក​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី បាន​លើក​ឡើង​ថា ទោះបីជា​កិច្ច​ព្រមព្រៀង​គ្របដណ្ដប់​ទី​លើ​តំបន់​មេគង្គ​ទាំ​មូល​ក៏ដោយ គណៈកម្មាធិការ​ទន្លេ​មេគង្គ​មិន​ចាត់ចែង​ឡើយ​លើ​ដៃទន្លេ ហើយ​ចំពោះ​ទន្លេ​មេ​នោះ​ទៀត ខ្លួន​ក៏​ពុំ​មាន​សមត្ថភាព​តតាំង៖ «ទំនប់​សាយ៉ាបូរី ហើយ​និង​ទំនប់​ដនសាហុង​ហ្នឹង គេ​បាន​ប្រឹងប្រែង​ឡើង​បង្កើត​នូវ​គោលនយោបាយ​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព​នៃ​បរិស្ថាន PNPCA ឡើង​មក​ហើយ ឡាវ​មិន​គោរព​ទៀត។ ខ្ញុំ​មិន​ដឹង​ថា ការ​បង្កើត​ឡើង​នូវ​គោលនយោបាយ និង​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ហ្នឹង​ដើម្បី​អ្វី​ទេ បើ​ទំនប់​វា​ចេះ​តែ​ទៅ​មុខ ដូច​ដនសាហុង វា​ឡើង ៣០-៤០​ភាគរយ​ហើយ​រាល់​ថ្ងៃ​ហ្នឹង សាយ៉ាបូរី ឡើង ៦០-៧០​ភាគរយ​ហើយ»។

​ការ​អសមត្ថភាព​នេះ​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ​បាត់បង់​ការ​ទុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​គណៈកម្មាធិការ​ទន្លេ​មេគង្គ។ ជំនួប​ប្រជុំ​លើក​ទៅ ២២ នៃ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នៅ​ខែ​មករា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ភ្នំពេញ បាន​អោយ​ដឹង​ថា ស្ថាប័ន​នេះ​បាន​បាត់បង់​ប្រាក់​ជំនួយ​ជាង​ពាក់កណ្ដាល ពី ១១៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំ​២០១១ ដល់​២០១៥ ក្រោយ​មក​ថវិកា​សម្រាប់​ឆ្នាំ​២០១៦ ២០២០ គេ​ផ្ដល់​ជូន​តែ ៥៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ លើស​ពី​នេះ​ទៅ​ទៀត គណៈកម្មាធិការ​ទន្លេ​មេគង្គ​ត្រូវ​បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​ពី ១៨០​នាក់ មក​សល់​តែ ៩០​នាក់​ប៉ុណ្ណោះ។ ម្ចាស់​ជំនួយ​ដែល​នៅ​សល់ បាន​ស្នើ​សុំ​អោយ​ស្ថាប័ន​នេះ​បង្កើន​ឡើង​វិញ​នូវ​តម្លាភាព​ការងារ​របស់​ខ្លួន​បើ​សិន​ជាង​ចង់​បាន​ការ​ទុក​ចិត្ត​ពី​ម្ចាស់​ជំនួយ​វិញ។

ការ​រើ​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នៅ​កម្ពុជា ទៅ​បង្កើត​ការិយាល័យ​រួម​មួយ​វិញ​នៅ​ប្រទេស​ឡាវ អាច​ជា​វិធី​​ដើម្បី​កាត់​បន្ថយ​ចំណាយ​រដ្ឋបាល ស្រប​ពេល​ដែល​ស្ថាប័ន​នេះ​ត្រូវ​ចាប់​ផ្ដើម​សំច័យ​លុយ​តិចតួច​ដែល​ខ្លួន​មាន។

​ការ​បាត់បង់​ទាំង​ធនធាន ទាំង​កម្លាំង​របស់​គណៈកម្មាធិការ​ទន្លេ​មេគង្គ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កត្តា​មួយ​ដែល​ជំរុញ​អោយ​ស្ថាប័ន​ដែល​ទន់​ខ្សោយ​នេះ អោយ​កាន់តែ​ទន់​ខ្សោយ​ថែម​ទៀត​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ដែល​បង្ក​ការ​ប៉ះពាល់​នៅ​ថ្ងៃ​មុខ ដូច​ដែល​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង របស់​ប្រទេស​ឡាវ នៅ​ពេល​បច្ចុប្បន្ន​ជាដើម៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>