Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

CPP កំពុង​សិក្សា​វិធានការ​ច្បាប់​ប្រឆាំង​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ

$
0
0
ក្រុមតិរច្ឆាន​សមមិត្ត ញ៉ែមដែលធ្លាប់កំទេចមាតាបិតាព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោកំពុង​ចាត់​វិធានការលើព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោបន្ថែមទៀត? ~Reader

ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ដែល​ប្រឈម​នឹង​វិធានការ​ច្បាប់។ ហេង ជីវ័ន

មាស សុខជា ភ្នំពេញ ​ប៉ុស្តិ៍​ Mon, 15 August 2016

ភ្នំពេញៈ គណបក្ស​កាន់​អំណាច​កំពុង​សិក្សា​ពី​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ​ធម្មិកោ ​ដែល​​បាន​ហៅ​របប​បច្ចុប្បន្ន​ថា​ជា «របប​តិរច្ឆាន»​ ប៉ុន្តែ​ព្រះអង្គ​មាន​បន្ទូល​ថា​ព្រះអង្គ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ​លោក​ សុខ​ ឥសាន កាល​ពី​ម្សិលមិញ​បាន​បញ្ជាក់​ថា​ក្រុម​អ្នក​​ច្បាប់​បាន​និង​កំពុង​ពិនិត្យ​លទ្ធភាព​ផ្នែក​ច្បាប់​ និង​អង្គហេតុ​នៃ​ការពិត​នៅ​លើ​ករណី​ដែល​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ (CNRP) ​ដែល​បាន​ហៅ​របប​បច្ចុប្បន្ន​​ដឹកនាំ​ដោយ​ CPP ថា​​ជា​របប​តិរច្ឆាន​។

លោក​បាន​អះអាង​ថា ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ​ ធម្មិកោ​​ មិនមែន​ជា​អ្នក​រាជានិយម និង​មិនមែន​ជា​អ្នក​គោរព​ព្រះមហាក្សត្រ​ពិតប្រាកដ​ទេ​ដោយ​លោក​បាន​ថ្លែង​ថា​ព្រះអង្គ​ម្ចាស់​កំពុង​រស់នៅ​កម្ពុជា​តែ​បាន​ប្រមាថ​ប្រទេស​កម្ពុជា​ថា​ជា​របប​តិរច្ឆាន​ដូច្នេះ​វា​មាន​ន័យ​ថា​ព្រះអង្គ​ម្ចាស់​ ធម្មិកោ ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​គឺ​មិន​ខុស​គ្នា​ពី​សត្វ​តិរច្ឆាន​នោះ​ទេ​។


លោក​បាន​បន្ត​ថា​៖ «យើង​កំពុង​ពិនិត្យ​មើល​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។ យើង​មិន​ធ្វើ​ដោយ​ប្រថុយ​ប្រថាន​នោះ​ទេ​ដូច្នេះ​យើង​ត្រូវ​តែ​ពិនិត្យ​មើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ ព្រះអង្គ​ហ៊ាន​ប្រមាថ​ប្រទេស​ជាតិ​ថា​ តិរច្ឆាន​ ដូច្នេះ​ទ្រង់​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​នោះ​គឺ​មិន​ខុស​គ្នា​ពី​សត្វ​តិរច្ឆាន​ដែរ​នោះ​ទេ​»។

កាលពី​សប្តាហ៍​មុន​អ្នក​នាំ​ពាក្យ​ CPP​ លោក​ ឈឹម​ ផលវរុណ ​ដែល​បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ អាច​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវ​ច្បាប់​ដែល​ព្រះអង្គ​បាន​ហៅ​របប​ដឹកនាំ​ដោយ​ CPP ​ថា​ជា​របប​តិរច្ឆាន​។ លោក ឈឹម​ ផលវរុណ ​ថ្លែង​ថា៖ «ជា​គោលការណ៍​ច្បាប់​រដ្ឋធម្មនុញ្ញ​ធានា​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​រូបវន្ត​បុគ្គល​ និង​នីតិបុគ្គល។

ដូច្នេះ​ជន​ណា​ក៏ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តេជ្ញា​រួច​ហើយ​ថា​ជន​ណា​ដែល​ប្រមាថ​មេដឹកនាំ [CPP]​ ប្រមាថ​ប្រមុខ​រដ្ឋាភិបាល ​និង​ប្រមាថ​គណបក្ស​ប្រជាជន​គឺ​​ជន​នោះ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​» ។

ដោយ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ទ្រង់​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​អម​ជាមួយ​នឹង​រូប​ថត​ទ្រង់​ដែល​កំពុង​បង្ហាញ​ការ​គោរព​ដល់​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​ និង​មហាក្សត្រិយ៍​ព្រះវររាជ​មាតា​នរោត្តម​ មុនិនាថ សីហនុ ជាមួយ​នឹង​រូបថត​ផ្សេង​ទៀត​ដែល​បង្ហាញ​​ពី​ការ​បណ្តេញ​ប្រជារាស្ត្រ​ចេញ​ពី​ផ្ទះ​​ និង​ដីធ្លី​​របស់​ពួកគេ​ដោយ​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​​ សរសេរ​ថា​ «ខ្ញុំ​សូម​​និយាយ​ឲ្យ​ច្បាស់​ ខ្ញុំ​គោរព​ស្រឡាញ់​ព្រះមហាក្សត្រ​ក៏​ប៉ុន្តែ​ខ្ញុំ​ប្រឆាំង​របប​តិរច្ឆាន​ដឹកនាំ​ដោយ​ CPP ​ជា​ដាច់​ខាត​!»។

ទោះ​ជា​យ៉ាង​ណា​នៅ​លើ​ហ្វេសប៊ុក​របស់​ព្រះអង្គ​កាលពី​ថ្ងៃ​សៅរ៍​ព្រះអង្គ​ម្ទាស់​ហាក់​ដូចជា​បាន​ចំអក​ទៅ​លើ​ការ​គំរាម​កំហែង​របស់​ CPP ​​ដែល​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ព្រះអង្គ​ដោយ​ព្រះអង្គ​មាន​បន្ទូល​ថា​៖ «ខ្ញុំ​គ្មាន​ការ​ភ័យ​ព្រួយ​ក្នុង​ការ​ប្រឈម​ឡើយ​ដោយសារ​ខ្ញុំ​ដឹង​ថា​មាន​អ្នក​បន្ត​វេន​ជាច្រើន​ដែល​ធ្វើ​ដំណើរ​ទៅ​រក​ការ​ផ្លាស់ប្តូរ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ អ្នក​ដែល​ត្រូវ​ភ័យ​ព្រួយ​គឺ​អ្នក​ដែល​រក​នរណា​បន្ត​ពី​ខ្លួន​មិន​បាន​» ។

មាន​បន្ទូល​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ បាន​ច្រាន​ចោល​ការ​ចោទ​ដែល​ថា​ព្រះអង្គ​ម្ចាស់​បាន​ហៅ​ប្រទេស​​កម្ពុជា​ថា​ជា​ប្រទេស​តិរច្ឆាន​ដោយ​ទ្រង់​បាន​បញ្ជាក់​ថា​ព្រះអង្គ​មិន​បាន​ហៅ​ប្រទេស​កម្ពុជា​ជា​ប្រទេស​តិរច្ឆាន​ទេ​ហើយ​ទ្រង់​បាន​សង្កត់​ធ្ងន់​ថា​ព្រះអង្គ​បាន​ហៅ​របប​ដែល​ដឹកនាំ​ដោយ​ CPP ថា​ជា​របប​តិរច្ឆាន​មិនមែន​សំដៅ​លើ​ប្រទេស​កម្ពុជា​ទេ​។

ព្រះអង្គ​ម្ចាស់​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​ចោទប្រកាន់​ខ្ញុំ​ឲ្យ​អាន​អត្ថបទ​របស់​ខ្ញុំ​ឲ្យ​បាន​ត្រឹមត្រូវ​។ ខ្ញុំ​មិន​បាន​ប្រមាថ​ប្រទេស​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​បាន​ប្រមាថ​ការ​ដឹកនាំ​ប្រទេស​របស់​ខ្ញុំ​។ គឺ​វា​ខុស​គ្នា​។ ប្រទេស​ និង​ការ​ដឹកនាំ​ប្រទេស​គឺ​វា​ខុស​គ្នា​។ ខ្ញុំ​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់​រួច​ហើយ​គឺ​របប​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ខ្ញុំ​មិន​មាន​អ្វី​ដែល​ត្រូវ​ប្រមាថ​ជាតិ​សាសន៍​កម្ពុជា​ ឬ​ក្រុម​គ្រួសារ​រាជវង្ស​នោះ​ទេ​គឺ​មិន​មាន​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រមាថ​ទាល់​តែ​សោះ​»។

នៅ​ពេល​សួរ​ថា តើ​ព្រះអង្គ​នឹង​សុំទោស​ឬ​ក៏​អត់​ប្រសិន​បើ​មាន​ការ​ស្នើ​ឲ្យ​ព្រះអង្គ​សុំ​ទោស​ ព្រះអង្គ​ម្ចាស់​ ធម្មិកោ ​បាន​អះអាង​ថា​ព្រះអង្គ​មិន​បាន​ធ្វើ​អ្វី​ខុស ឬ​មាន​បន្ទូល​ខុស​នោះ​ទេ​ដូច្នេះ​មិន​មាន​អ្វី​ដែល​ត្រូវ​សុំ​ទោស​ឡើយ​៕ NS


Viewing all articles
Browse latest Browse all 40045