Quantcast
Viewing all articles
Browse latest Browse all 40045

ពលរដ្ឋ​ឃុំ​ស្រក​រិះគន់​អាជ្ញាធរ​ដែល​ផ្អាក​ការ​សាងសង់​ទំនប់​រង​ទឹក​ថា​ជា​រឿង​នយោបាយ

Image may be NSFW.
Clik here to view.
ទីតាំង​ធ្វើ​ទំនប់​រង​ទឹក ឬ​ទ្វារ​ទឹក​នៅ​ភូមិ​ល្ពាក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ដែល​ត្រូវ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៦។ Photo Provided


ដោយ សូត សុខប្រាថ្នា RFA 2016-08-16

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ថា​ការ​ផ្អាក​សកម្មភាព​សាងសង់​ទំនប់​រង​ទឹក ឬ​ទ្វារ​ទឹក​ពី​សំណាក់​អាជ្ញាធរ អាច​ជា​ចេតនា​មិន​ចង់​ឲ្យ​មាន​សមិទ្ធផល​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឃុំ​មួយ​នេះ ព្រោះ​ខ្លាច​បក្ស​ជំទាស់​ទទួល​បាន​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ច្រើន។

ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៥ សីហា បាន​យក​ថវិកា​សប្បុរសជន និង​ថវិកា​បក្ស ទៅ​កសាង​ទ្វារ​ទឹក​ជូន​ពលរដ្ឋ​តាម​ការ​ស្នើសុំ​របស់​ពួក​គាត់ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ក្រោម​ហេតុផល​ថា សំណង់​នោះ​ធ្វើ​ខុស​បច្ចេកទេស។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ល្ពាក យល់​ថា ការ​ផ្អាក​ដំណើរ​ការ​សាងសង់​ទ្វារ​ទឹក​ពី​សំណាក់​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​ពួក​គាត់។ អ្នក​ភូមិ​ថា ប្រសិន​បើ​គម្រោង​កសាង​ទ្វារ​ទឹក​ក្រោម​ជំនួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​រួច​រាល់ បញ្ហា​ខ្វះ​ទឹក​សម្រាប់​ដាក់​ស្រែ​នៅ​រដូវ​ប្រាំង នឹង​លែង​កើត​មាន។
ពលរដ្ឋ​នៅ​ភូមិ​ល្ពាក ឃុំ​ស្រក លោក លី ណាង ឲ្យ​ដឹង​ថា ពួក​គាត់​រីករាយ​ក្រោយ​ពេល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ថវិកា​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប្រគល់​ជូន​គណៈកម្មការ​ឃុំ​ក្នុង​ការ​កសាង​ទ្វារ​ទឹក​នេះ។ ពលរដ្ឋ​សង្ឃឹម​ថា នឹង​មាន​ទ្វារ​ទឹក​ប្រើប្រាស់​សមរម្យ​សម្រាប់​ជា​ប្រយោជន៍​អ្នក​ភូមិ​រាប់​រយ​គ្រួសារ ព្រោះ​ទ្វារ​ទឹក​នេះ​កន្លង​មក ពលរដ្ឋ​នាំ​គ្នា​ប្រើ​ដោយ​គ្រាន់​តែ​យក​បាវ​ច្រក​ដី​ទប់​ជា​ទំនប់ ហើយ​យក​កៅស៊ូ​តង់​ទៅ​រាំង​មុខ​ទឹក ដើម្បី​បង្ហូរ​ចូល​ប្រឡាយ​ប៉ុណ្ណោះ។ លោក​យល់​ថា អាជ្ញាធរ​ផ្អាក​ការ​សាងសង់​ក្រោម​ហេតុផល​ខុស​បច្ចេកទេស គឺ​ជា​រឿង​មិន​សមរម្យ​ទាល់​តែ​សោះ៖ «បាទ! បើ​គ្នា​ជ្រុល​តែ​ធ្វើ​ប៉ុណ្ណឹង​ហើយ ឲ្យ​គ្នា​ធ្វើ​ឲ្យ​ចប់​ចុង​ចប់​ដើម​ទៅ ហើយ​បើ​បី​ឆ្នាំ​ក្រោយ គម្រោង​គេ​ចេញ​មក​ធ្វើ​ធំ​ជាង​ហ្នឹង​ឲ្យ​កាយ​ចុះ​អត់​មាន​តូច​ចិត្ត​ទេ​បង»។

ទំនប់​រង​ទឹក ឬ​ជា​ទ្វារ​ទឹក គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​ល្ពាក។ ទ្វារ​ទឹក​នេះ​មាន​ប្រវែង​បណ្តោយ ៧​ម៉ែត្រ ខ្នង​ទំនប់ ៤​ម៉ែត្រ ហើយ​មាន​មាត់​លូ​សម្រាប់​បិទ ឬ​បើក​មាន​កម្ពស់​ជាង ១​ម៉ែត្រ ដោយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទ្វារ​ទឹក​នេះ​អាច​យក​ទឹក​ស្រោចស្រព​ស្រែ​ប្រាំង​ពលរដ្ឋ​ប្រហែល ៤០០​គ្រួសារ​លើ​ទំហំ​ដី ១០០​ហិកតារ។

កន្លង​ទៅ ពលរដ្ឋ​នៅ​ភូមិ​ល្ពាក បាន​ស្នើសុំ​អាជ្ញាធរ​ដើម្បី​កសាង​ទ្វារ​ទឹក ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ឡើយ ទើប​ពួក​គាត់​ងាក​ទៅ​ស្នើសុំ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ វិញ ដ្បិត​ឃុំ​ស្រក មេ​ឃុំ​ជាប់​ឆ្នោត គឺ​មក​ពី​បក្ស​ប្រឆាំង​ស្រាប់។

កាល​ពី​ថ្ងៃ​ទី​១៥ សីហា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក សុន ឆ័យ លោក ហូរ វ៉ាន់ លោក ឡុង រី និង​មន្ត្រី​ជាច្រើន​រូប​ផ្សេង​ទៀត បាន​ចុះ​ធ្វើ​វេទិកា​អ្នក​តំណាង​រាស្ត្រ និង​ម្ចាស់​ឆ្នោត​នៅ​ភូមិ​ល្ពាក ហើយ​បាន​ប្រគល់​ថវិកា​សប្បុរសជន​នៅ​ប្រទេស​អូស្ត្រាលី និង​ថវិកា​គណបក្ស​ខ្លះ សរុប​ជាង ៣​ពាន់​ដុល្លារ ជូន​គណៈកម្មការ​សាងសង់​ទ្វារ​ទឹក​តាម​សំណើ​របស់​ពលរដ្ឋ។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​កំពង់សៀម អ្នកស្រី ស្រី គឹមឆយ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្នើ​ឲ្យ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន គឺ​មិន​ពាក់ព័ន្ធ​រឿង​គណបក្ស​នយោបាយ ឬ​ជា​ការ​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​នោះ​ទេ ប៉ុន្តែ​ដោយសារ​មន្ត្រី​ជំនាញ​មើល​ឃើញ​ថា សំណង់​នោះ​ធ្វើ​ខុស​បច្ចេកទេស ម្យ៉ាង​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ស្នើសុំ​មក​អាជ្ញាធរ​ស្រុក​ឡើយ៖ «ខ្ញុំ​អរ​ណាស់​ឲ្យ​តែ​បាន​ជួយ​គ្នា​ចូលរួម។ ខ្ញុំ​គ្មាន​ទៅ​គិត​ថា​ខាង​ណាៗ​ទេ ម្យ៉ាង​កាល​ពី​ទៅ​ពិនិត្យ​នេះ គឺ​អត់​ដឹង​ថា​ខាង​ណា​ដែរ ដឹង​ត្រឹម​ថា​ថវិកា​សប្បុរសជន»។

ចំណែក​ការ​លើក​ឡើង​របស់​ពលរដ្ឋ​ថា ធ្លាប់​ស្នើសុំ​កសាង​ទំនប់​រង​ទឹក ឬ​ទ្វារ​ទឹក​មក​អាជ្ញាធរ អ្នកស្រី គឹមឆយ បញ្ជាក់​ថា មិន​ដែល​ឃើញ​សំណើ​ពី​ពួក​គាត់​ទេ។

ដោយឡែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក សាន សឿង បញ្ជាក់​ថា សកម្មភាព​ជួយ​ពលរដ្ឋ​នេះ​មិន​មែន​ជា​ការ​ចង់​បាន​ប្រជាប្រិយភាព​ឡើយ ប៉ុន្តែ​ជា​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​ចាំបាច់​ជូន​ពួក​គាត់។ លោក​យល់​ថា រូបភាព​ផ្អាក​ដំណើរ​ការ​សាងសង់​ទ្វារ​ទឹក ពុំ​មែន​ជា​រឿង​បច្ចេកទេស​ទេ ប៉ុន្តែ​អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង៖ «បើ​យើង​លើក​ជា​គម្រោង​ធ្វើ ឲ្យ​លុយ​ធ្វើ ហើយ​គាត់​ឃាត់​តាំង​ពី​ដើម​ទី ខ្ញុំ​ថា​វា​រឿង​នយោបាយ។ ជា​រឿង​ទាក់ទង​សន្លឹក​ឆ្នោត​ច្រើន​ជាង​រឿង​គិតគូរ​ប្រយោជន៍​ពលរដ្ឋ​នៅ​ក្នុង​ភូមិ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា សកម្មភាព​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រសិន​បើ​មាន​សប្បុរសជន​មក​ពី​និន្នាការ​បក្ស​នយោបាយ​ណា​ក៏ដោយ ឬ​មក​ពី​សង្គម​ស៊ីវិល​ក្តី អាជ្ញាធរ និង​មន្ត្រី​ជំនាញ គប្បី​ចូលរួម​អបអរ​សាទរ ហើយ​សហការ​គ្នា​ធ្វើ​ការងារ​បែប​នេះ​សម្រាប់​ជា​ប្រយោជន៍​សង្គម​ជាតិ ដោយ​មិន​ត្រូវ​រើសអើង​គណបក្ស​នយោបាយ​ឡើយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>