Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

CNRP នឹង​ប្តឹង​ជនបរទេស​ដែល​ចុះ​ឈ្មោះ​បោះឆ្នោត​គ្មាន​ព្រះរាជក្រឹត្យ

$
0
0
លោក យឹម សុវណ្ណ (កាន់​ក្បាល​មេក្រូហ្វូន) ក្នុង​កម្មវិធី​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ភ្នំពេញ​កន្លង​ទៅ។ ហុង មិនា

មាស សុខជា ភ្នំពេញ ​ប៉ុស្តិ៍  Fri, 19 August 2016

ភ្នំពេញៈ គណបក្ស​ប្រឆាំង​នឹង​រៀបចំ​​អ្នក​សង្កេតការណ៍​ជាង​ ២០០០ ​នាក់​​ដើម្បី​រង់ចាំ​សង្កេត​មើល​​​ជនបរទេស​ដែល​កាន់​​​អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​ទៅ​​​ចុះ​​ឈ្មោះ​បោះឆ្នោត​ហើយ​ប្រសិន​បើ​រកឃើញ​ថា​ពួកគេ​​មិន​មាន​ព្រះរាជក្រឹត្យ​អ្នក​សង្កេតការណ៍​ត្រូវ​តែ​ប្តឹង​ប្រឆាំង​​​ការ​ចុះ​ឈ្មោះ​របស់​ពួកគេ។

បន្ទាប់​ពី​បញ្ចប់​សិក្ខាសាលា​ស្តីពី​​ច្បាប់​សញ្ជាតិ​ និង​អន្តោប្រវេសន៍​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​​នៅ​ទីស្នាក់ការ​​គណបក្ស​​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ ​បាន​លើក​ឡើង​​ដោយ​​សំដៅ​ទៅ​​លើ​ការ​ខ្វះខាត​នៃ​​ច្បាប់​ស្តីពី​សញ្ជាតិ​​​ដែល​ចែង​អំពី​​ជនបរទេស​​កាន់​​​អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​ហើយ​ពួកគេ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​បោះឆ្នោត។ លោក​​​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ការ​អនុញ្ញាត​​ឲ្យ​ជនបរទេស​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​​ដែល​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​វា​មិន​គោរព​ទៅ​តាម​ស្មារតី​នៃ​​ច្បាប់​​ស្តីពី​​សញ្ជាតិ​​ទេ​ដោយសារ​ច្បាប់​​មិន​បាន​ចែង​អំពី​សិទ្ធិ​ជនបរទេស​ដែល​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បើ​ទោះបី​ពួកគេ​កាន់​​អត្តសញ្ញាណប័ណ្ណ​​សញ្ជាតិ​ខ្មែរ​ក៏ដោយ​។ លោក​បន្ត​ថា​៖ «​ភ្នាក់ងារ​ជាង​ ២០០០​ នាក់​​របស់​គណបក្ស​ដែល​ [យើង​] គ្រោង​​ដាក់​ពង្រាយ​ទូទាំង​ប្រទេស​ [យើង​] ចង់​ឲ្យ​ពួកគេ​ឃ្លាំ​មើល​បញ្ហា​នេះ​»។ «​​ប្រសិន​បើ​ពិនិត្យ​ឃើញ​ថា​ជនបរទេស​មក​ចុះ​ឈ្មោះ​​បោះឆ្នោត​ដោយ​មាន​អត្តសញ្ញាណប័ណ្ណ​ប៉ុន្តែ​​មិន​មាន​​ព្រះរាជក្រឹត្យ​យើង​ឲ្យ​​ [​ភ្នាក់ងារ​​របស់​យើង​] ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ឯកសារ​»។

មាត្រា ៨ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​​ចែង​ថា​ជនបរទេស​ដែល​អាច​សុំ​សញ្ជា​តូបនីយកម្ម​បាន​ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ចេះ​អក្សរ​ខ្មែរ​ និង​យល់​ដឹង​ពី​​ប្រវត្តិសាស្រ្ត​​ខ្មែរ​ខ្លះៗ​ហើយ​បង្ហាញ​ភ័ស្តុតាង​ច្បាស់​ថា​ខ្លួន​អាច​រស់​នៅក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម​ព្រម​ទាំង​ទទួល​បាន​នូវ​ទំនៀមទម្លាប់​ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ​។ លោក យឹម សុវណ្ណ បាន​ថ្លែង​បន្ត​ថា​៖ «​យើង​និយាយ​​​អំពី​ គ.ជ.ប. ​ដែល​និយាយ​ថា [ជនបរទេស​] ​ដែល​មិន​ចេះ​និយាយ​​ភាសា​ខ្មែរ​អាច​ចុះ​ឈ្មោះ​​​បោះឆ្នោត​​បាន​ឲ្យ​តែ​ [ពួកគេ​] ​មាន​អត្តសញ្ញាណប័ណ្ណ​គំនិត​នេះ​គឺ​មិន​ស្រប​​ទៅ​តាម​ស្មារតី​នៃ​​មាត្រា​ [៨] ​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ទេ​»​។ «​ដូច្នេះ​យើង​ក៏​អាច​រៀបចំ​ដាក់​ពាក្យ​បណ្តឹង​បាន​ដែរ​»។

មាត្រា ៥ នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ចែង​ថា​ស្រ្តី​ ឬ​បុរស​បរទេស​ដែល​យក​ប្តី​​ ឬ​ប្រពន្ធ​ខ្មែរ​ដោយ​បាន​រៀប​អាពាហ៍​ពិពាហ៍​អាច​ទាមទារ​សញ្ជាតិ​ខ្មែរ​បាន​លុះត្រាតែ​ស្រ្តី​ ឬ​​បុរស​នោះ​រស់​នៅ​​ជាមួយ​គ្នា​រយៈពេល​បី​ឆ្នាំ​​ក្រោយ​ពេល​ចុះ​សំបុត្រ​អាពាហ៍​ពិពាហ៍​។ ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​ករណី​ទាមទារ​សញ្ជាតិ​ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។

មាត្រា​ ៧ ​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ក៏​ចែង​ផង​ដែរ​ថា​ជនបរទេស​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ដោយ​សញ្ជាតិ​តូបនីយកម្ម​​។ ​សញ្ជា​តូបនីយកម្ម​មិនមែន​ជា​សិទ្ធិ​របស់​អ្នក​ស្នើសុំ​ឡើយ​គឺជា​ការ​អនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ​ទោះ​ក្នុង​ប្រការ​ណា​ក៏ដោយ​ពាក្យ​សុំ​នោះ​អាច​ត្រូវ​បដិសេធ​ចោល​​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ។​ ទោះ​យ៉ាង​ណា​ក្តី​លោក សុវណ្ណ ថា​នេះ​​គ្រាន់​តែ​ជា​ការ​រៀបចំ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រង់ចាំ​មើល​​​ទិដ្ឋភាព​ការពិត​ប្រសិន​បើ​​​​ជនបរទេស​ទាំង​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​ដោយ​មាន​ព្រះរាជក្រឹត្យ​ដោយ​សារ​ច្បាប់​​ចែង​ថា​សញ្ជា​តូបនីយកម្ម​ត្រូវ​តែ​​សម្រេច​ដោយ​​​ព្រះរាជក្រឹត្យ​​ដូច្នេះ​​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ទាន់​​ប្រឆាំង​​​​នឹង​​សេចក្តី​​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឡើយ​ទេ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​​ គ.ជ.ប.​​ លោក ហង្ស ពុទ្ធា ​បាន​ការពារ​សេចក្តី​សម្រេច​របស់​​ខ្លួន​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​​​​ជនបរទេស​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ថ្លែង​ថា​ គ.ជ.ប. គឺ​គ្រាន់តែ​ជា​អ្នក​រៀបចំ​​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដូច្នេះ​នៅ​ពេល​​នរណា​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គ.ជ.ប. ត្រូវ​តែ​អនុញ្ញាត​ឲ្យ​គាត់​ចុះ​ឈ្មោះ​ហើយ​ប្រសិន​បើ​​​មាន​បញ្ហា​ណា​មួយ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​មហាផ្ទៃ។

លោក ហង្ស ពុទ្ធា ថ្លែង​បន្ត​ថា​៖ «​​ទោះ​យ៉ាង​ណា​ក្តី គ.ជ.ប. គឺជា​ស្ថាប័ន​​មួយ​ដែល​អនុវត្ត​ច្បាប់​។ ​ប្រសិន​បើ​ច្បាប់​ចែង​ថា​​ [នរណា​ម្នាក់​] ​មាន​​អត្តសញ្ញាណប័ណ្ណ​​អាច​ចុះ​ឈ្មោះ​បាន គ.ជ.ប. នឹង​ចុះ​ឈ្មោះ​​ឲ្យ​ [គាត់​]»។

«​ហើយ​ប្រសិន​បើ​មាន​ភាព​មិន​ប្រក្រតី​សូម​ [គណបក្ស​] ​ប្តឹង​ហើយ​ការ​ទទួល​ខុស​ត្រូវ​ស្តីពី​​អត្តសញ្ញាណប័ណ្ណ​គឺជា​តួនាទី​របស់​ក្រសួង​មហាផ្ទៃ​»។ លោក​ ពុទ្ធា ក៏​បាន​ជំរុញ​​ឲ្យ​គណបក្ស​ប្តឹង​ប្រឆាំង​នឹង​​ការ​ចុះ​​ឈ្មោះ​ផង​​ដែរ​ប្រសិន​បើ​បុគ្គល​ណា​មួយ​​មិន​មាន​​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​។ ទន្ទឹម​នេះ​លោក មេធាវី​ សុក សំអឿន បាន​ថ្លែង​ថា​៖ «​គ.ជ.ប.​បាន​​និយាយ​ដូច​នេះ [​ជនបរទេស​ដែល​មាន​​អត្តសញ្ញាណប័ណ្ណ​​ចុះ​ឈ្មោះ​] គឺ​មិន​ខុស​ទេ។ ជាធម្មតា គ.ជ.ប. មិនមែន​ជា​អ្នក​ចេញ​អត្តសញ្ញាណប័ណ្ណ​ទេ។ អត្តសញ្ញាណប័ណ្ណ​ក្រសួង​មហាផ្ទៃ​ជា​អ្នក​ចេញ​។ «​ប្រសិន​បើ​មាន​បញ្ហា​ គ.ជ.ប. មិនមែន​ជា​អ្នក​សម្រេច​​ទេ។ ​បញ្ហា​អត្តសញ្ញាណប័ណ្ណ​គឺ​នៅ​លើ​តុលាការ ក្រសួង​មហាផ្ទៃ​។ ខ្ញុំ​​សូម​ឲ្យ​ក្រសួង​មហាផ្ទៃ​ និង​គ.ជ.ប. ​​និយាយ​គ្នា​​ប្រសិន​បើ​មាន​ការ​ជំទាស់​ការសង្ស័យ​​»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​​មហាផ្ទៃ​លោក ខៀវ សុភ័គ ​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ ទៅ គ.ជ.ប. នៅ​ពេល​មាន​បញ្ហា​ណា​មួយ​​កើតឡើង​ពី​ភាព​​មិន​ប្រក្រតី​នៃ​ការ​ចុះ​ឈ្មោះ​​​ជនបរទេស​ដោយ​ថ្លែង​ថា គ.ជ.ប. គឺជា​អាជ្ញា​កណ្តាល​នៅ​ក្នុង​ការ​បោះឆ្នោត។ ទោះ​យ៉ាង​ណា​ក្តី​លោក សុភ័គ គាំទ្រ គ.ជ.ប. ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​​អះអាង​ថា​ជនបរទេស​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទាំងអស់​មាន​ព្រះរាជក្រឹត្យ។

លោក​បន្ត​ថា​៖ «​មិន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​របស់​នរណា​ម្នាក់​មិន​មាន​ព្រះរាជក្រឹត្យ​​ទេ។ ​ឥឡូវ​ប្រសិន​បើ​​មាន​​អត្តសញ្ញាណប័ណ្ណ​​របស់​នរណា​មិន​មាន​ព្រះរាជក្រឹត្យ​​​សូម​រក​»​។​ «​ឲ្យ​តែ​ពួកគេ​ [​មាន​អត្តសញ្ញាណប័ណ្ណ​] ពួកគេ​មាន​​ព្រះរាជក្រឹត្យ​ត្រឹមត្រូវ​»។ ​លោក សុភ័គ ក៏​បាន​​ចង្អុល​បង្ហាញ​ថា​ខ្មែរ​ជា​ច្រើន​ដែល​រស់នៅ​អូស្រ្តាលី បារាំង ក៏​អាច​បោះឆ្នោត​បាន​ដែរ​ហេតុអ្វី​ជនបរទេស​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​៕ PS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>