ដោយ សុ ជីវី RFA 2016-05-07
ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ច្បាប់ស្ដីពីសហជីពដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តក្នុងពេលថ្មីៗនោះ គឺស្របនឹងរដ្ឋធម្មនុញ្ញ ពុំមែនអធម្មនុញ្ញភាពដូចការលើកឡើងរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងក្រុមសហជីពឡើយ។
ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី៥ ខែឧសភា ដើម្បីពិនិត្យធម្មនុញ្ញភាពលើច្បាប់ស្ដីពីសហជីពទៅតាមសំណើរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ដែលបានស្នើកាលពីថ្ងៃទី២ ខែមេសា។
ចំពោះក្រុមអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន នៅតែយល់ថា ច្បាប់នេះពុំបានធានាសិទ្ធិសេរីភាពដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ។
អង្គការសង្គមស៊ីវិល និងសហជីព លើកឡើងថា ច្បាប់ថ្មីដែលមិនបានធានាសិទ្ធិសេរីភាពរបស់កម្មករនិយោជិត នឹងនាំឲ្យបញ្ហាមួយចំនួនកើតឡើងនៅក្រោយការអនុវត្តច្បាប់នេះ។ បញ្ហាទាំងនោះរួមមាន ផលប៉ះពាល់ដល់សិទ្ធិរបស់កម្មករនិយោជិត សេរីភាពខាងការបង្កើតសមាគម ការចរចាជាសមូហភាព ការប្រមូលផ្ដុំ និងការបញ្ចេញមតិ។
ការលើកឡើងនេះ បន្ទាប់ពីសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី៥ ឧសភា បញ្ជាក់ថា ច្បាប់ស្ដីពីសហជីពដែលមាន ១៧ជំពូក និង ១០០មាត្រា គឺស្របតាមរដ្ឋធម្មនុញ្ញ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការសម្រេចបែបនេះ គឺជាសិទ្ធិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែមានមាត្រាមួយចំនួនបានប៉ះពាល់ដល់សេរីភាពក្នុងការបង្កើត និងការបំពេញការងាររបស់សហជីព៖ «បើពួកហ្នឹងមិនមានលក្ខណៈសម្បត្តិអ្វីទៅតាមច្បាប់ថ្មីហ្នឹងទេ គឺមិនអាចបង្កើតសហជីពបានទេ។ ទី២ ចំពោះសហជីពដែលមានស្រាប់ហ្នឹង ក៏នឹងត្រូវរៀបចំដើម្បីពិនិត្យឡើងវិញដែរ។ នៅពេលនោះ នឹងអាចបាត់បង់ ជាច្រើន ហើយនៅពេលដែលមិនបានស្របនឹងច្បាប់ថ្មី»។
លោក អាត់ ធន់ បញ្ជាក់ថា កន្លងទៅ ទាំងអង្គការជាតិ និងអន្តរជាតិ រួមទាំងអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) ផង បញ្ជាក់រួចហើយថា ច្បាប់នេះរឹតត្បិតសេរីភាព និងមិនស្របតាមបទដ្ឋានច្បាប់អន្តរជាតិឡើយ។
មិនខុសគ្នានេះដែរ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញប្រើប្រាស់ជំនាញច្បាប់ ដើម្បីវិភាគច្បាប់នេះ នឹងអាចពិនិត្យឃើញថា មានមាត្រាខ្លះនៃច្បាប់នេះពុំបានធានាសិទ្ធិសេរីភាពពលរដ្ឋឡើយ៖ «បញ្ហាទៅលើសហជីព គឺជារឿងមួយ។ សិទ្ធិក្នុងការបង្កើតហ្នឹង សិទ្ធិក្នុងការចរចាជាសមូហភាពក៏ពិបាក ដោយសារតែសិទ្ធិក្នុងការធ្វើបាតុកម្មហ្នឹងត្រូវបានដកហូត។ បើសិទ្ធិទាំងបីហ្នឹងមិនអាចអនុវត្តបាន គឺធ្វើឲ្យយន្តការនៃការកែប្រែលក្ខខណ្ឌការងារ ជាពិសេសការទាមទារដំឡើងប្រាក់ខែដែលជាការជំរុញឲ្យកម្មករមានជីវភាពសមរម្យ ដោយទាមទារតាមរយៈសហជីពហ្នឹងមិនអាចធ្វើទៅបានទេ»។
បើទោះជាយ៉ាងណា ក្នុងសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានលើកយកមកបង្ហាញឲ្យឃើញថា មាត្រាទាំងឡាយនៃច្បាប់ស្ដីពីសហជីព គឺស្របនឹងរដ្ឋធម្មនុញ្ញ។ លើសពីនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាការសម្រេចស្ថាពរ បិទផ្លូវតវ៉ា។
ទាំងសង្គមស៊ីវិល និងសហជីព នៅមានក្ដីរំពឹងថា នៅក្រោយពេលដែលច្បាប់ថ្មីនេះដាក់ឲ្យអនុវត្ត រដ្ឋាភិបាលនឹងមើលឃើញពីចំណុចខ្វះខាតដែលនឹងអាចនាំទៅឲ្យមានវិសោធនកម្មច្បាប់នេះ។
បើទោះជាយ៉ាងណា កន្លងទៅមានអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនផ្សេងទៀត ដែលគេដឹងថា មាននិន្នាការគាំទ្ររដ្ឋាភិបាលបានប្រកាសជំហរគាំទ្រច្បាប់ស្ដីពីសហជីព និងធ្លាប់ជំរុញឲ្យឆាប់អនុម័តច្បាប់នេះផង។
ចំពោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏ធ្លាប់ទាមទារឲ្យមានការកែប្រែមាត្រាមួយចំនួនដែលសមាគមគិតថា ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងនិយោជក និងសហជីព និងសង្វាក់ផលិតកម្ម។
ចំណែកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់ទុកការអនុម័តច្បាប់នេះថាជាការធានាសង្វាក់ផលិតកម្មរវាងកម្មករ និងថៅកែ និងជាការទាក់ទាញអ្នកវិនិយោគបន្ថែមទៀត៕
សូមស្ដាប់បទសម្ភាសន៍របស់លោក សាន សែល ជាមួយលោក មឿន តុលា ទាក់ទងនឹងច្បាប់ស្ដីពីសហជីពនេះដូចតទៅ៖
