
ដោយ សាន សែល RFA 2016-08-21
ប្រជាពលរដ្ឋនៃសហគមន៍បឹងកក់ នឹងលើកគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងសមាជិកសហគមន៍ពីររូបដែលត្រូវបានគេចាប់ឃុំខ្លួន កាលពីថ្ងៃទី១៥ សីហា ពេលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅក្នុងសហគមន៍បឹងកក់។
អ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី នឹងត្រូវតុលាការបើកសវនាការជំនុំជម្រះក្ដីនៅថ្ងៃទី២២ សីហា។ កាលពីថ្ងៃទី១៨ សីហា អ្នកទាំងពីរត្រូវសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ហើយនៅថ្ងៃទី១៩ សីហា តុលាការ បានសួរនាំអ្នកស្រី ទេព វន្នី អំពីការដឹកនាំអ្នកតវ៉ាឲ្យប្រព្រឹត្តអំពើហិង្សានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។
មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ចែងអំពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ថា អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោបាយណាមួយក្នុងចំណោមមធ្យោបាយដែលចែងក្នុងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានដល់ ៤លានរៀល បើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។
ពលរដ្ឋសហគមន៍បឹងកក់ កញ្ញា សុង ស្រីលាភ ជឿជាក់ថា អ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី មិនបានប្រព្រឹត្តខុសនោះទេ។ កញ្ញាសង្ឃឹមថា ប្រព័ន្ធតុលាការដែលត្រូវគេរិះគន់ថារងសម្ពាធនយោបាយ នឹងធ្វើកំណែទម្រង់ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដ៖ «យើងមិនសង្ឃឹមលើតុលាការទេ ពីព្រោះជាក់ស្ដែងយើងមើលឃើញថា បឹងកក់យើងជាប់ពន្ធនាគារពីរបីដងរួចមកហើយ មិនដែលឃើញតុលាការផ្ដល់យុត្តិធម៌ទេ។ តែបើសិនថ្ងៃស្អែកតុលាការនេះពិតជាចង់ឲ្យគេមើលឃើញថា កែប្រែ ឯករាជ្យ ធ្វើការដោយយុត្តិធម៌ គួរតែឲ្យអ្នកទាំងពីរនាក់មានសេរីភាពនៅថ្ងៃស្អែកវិញ»។
ទាក់ទងនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅសប្ដាហ៍ទី១៦ វិញ សហគមន៍បឹងកក់ មិនទាន់ពិភាក្សាគ្នាពីគម្រោងថា នឹងរៀបចំយុទ្ធនាការនេះបែបណានៅឡើយ។
យុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» រៀបចំឡើងដោយយកថ្ងៃច័ន្ទជាថ្ងៃធ្វើយុទ្ធនាការ ដោយស្លៀកពាក់ពណ៌ខ្មៅ។ ថ្ងៃច័ន្ទតំណាងឲ្យថ្ងៃដែលសកម្មជនសិទ្ធិមនុស្សអង្គការអាដហុក (ADHOC) ៤រូប មានអ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា លោក យី សុខសាន្ដ លោក នី សុខា និងអគ្គលេខាធិការរងរបស់ គ.ជ.ប លោក នី ចរិយា ត្រូវបានគេចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ពីបទសូកប៉ាន់សាក្សីទាក់ទងនឹងរឿងអាស្រូវស្នេហារវាងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ជាមួយលោក កឹម សុខា ហើយពណ៌ខ្មៅតំណាងឲ្យសញ្ញាប្រកាសអាសន្ននៃការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីការបាញ់សម្លាញ់បណ្ឌិត កែម ឡី អ្នកធ្វើយុទ្ធនាការបានទាមទារអាជ្ញាធរ ឲ្យរកអ្នកបាញ់សម្លាញ់បណ្ឌិត កែម ឡី ពិតប្រាកដ។ សហគមន៍បឹងកក់ កាលពីសប្ដាហ៍មុន ក៏អំពាវនាវក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ឲ្យអាជ្ញាធរបញ្ចប់ជម្លោះដីធ្លីឲ្យចប់សព្វគ្រប់។ អាជ្ញាធរតែងតែចាប់ខ្លួនអ្នកចូលរួមយុទ្ធនាការនេះ ដោយព្រមានមិនឲ្យចូលរួមសកម្មភាពនេះទៀត៕