
ដោយ សូត សុខប្រាថ្នា RFA 2016-08-21
អង្គការស្នាមញញឹមកម្ពុជា និងអង្គការជាដៃគូ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បើកយុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺឆែបមាត់ និងឆែបក្រអូមមាត់ដោយឥតគិតថ្លៃ។
យុទ្ធនាការនេះ ចាប់ផ្ដើមចុះឈ្មោះពីថ្ងៃទី២១ សីហា ហើយនឹងបន្តចុះឈ្មោះរហូតដល់ថ្ងៃបញ្ចប់បេសកកម្មពិនិត្យ និងព្យាបាលជំងឺថ្ងៃទី២៥ សីហា ពោលគឺចុះឈ្មោះបណ្ដើរ ពិនិត្យ ព្យាបាលបណ្ដើរ។ ថ្ងៃពិនិត្យ និងវះកាត់ គឺចាប់ផ្ដើមពីថ្ងៃទី២២ សីហា រហូតដល់ថ្ងៃទី២៥ សីហា ហើយមានទីតាំងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រុងកំពង់ចាម នៅអគារខាងក្រោយ។
អ្នកសម្របសម្រួលបេសកកម្មទូទៅនៃអង្គការស្នាមញញឹមកម្ពុជា ហៅជាភាសាអង់គ្លេសថា ស្មាយ ខេមបូឌា (Smile Cambodia) កញ្ញា បាន រតនា មានប្រសាសន៍ថា ក្រៅពីពិនិត្យ និងវះកាត់ជំងឺឆែបមាត់ និងឆែបក្រអូមមាត់ជារឿងអាទិភាពហើយនោះ ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យស្ម័គ្រចិត្តជាង ៤០នាក់មកពីក្រៅប្រទេស និងក្នុងប្រទេស គឺទទួលពិនិត្យ និងប្រឹក្សាយោបល់ដល់អ្នកជំងឺផ្សេងទៀត ដូចជា ជំងឺរលាក ជំងឺស៊ីស ឬដុំសាច់ ជាដើម។
កញ្ញាថា ការពិនិត្យ និងព្យាបាលជំងឺនេះ មិនតម្រូវឲ្យបង់ប្រាក់ឡើយ ហើយថែមទាំងមានផ្តល់ជូនបាយទឹក ចំណែកមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គឺផ្តល់ជូនជាកន្លែងស្នាក់នៅដល់អ្នកជំងឺ និងសម្ភារៈខ្លះៗ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៀតផង។ កញ្ញាអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺទាំងនេះដោយឥតគិតថ្លៃ៖ «ចា៎! ទើបបាន ២៥នាក់ទេ។ អ៊ីចឹងវាតិចមែនទែន។ អ៊ីចឹងសូមអំពាវនាវ និងជូនដំណឹងដល់បងប្អូនទាំងអស់គ្នាដែលគាត់មានបញ្ហាឆែបមាត់ ឆែបក្រអូមមាត់ រលាក ដុំពកអីហ្នឹង សូមបងប្អូនអញ្ជើញមកពិភាក្សាជាមួយគ្រូពេទ្យសិន ហើយពួកខ្ញុំអត់មានការប្រាក់ ឬក៏អីទេ។ គឺយើងចង់ឲ្យបងប្អូនមកពិភាក្សា ហើយវះកាត់ដោយឥតគិតថ្លៃ»។
នៅក្នុងឆ្នាំ២០១៦ គិតត្រឹមខែសីហា អង្គការស្នាមញញឹមកម្ពុជា បានពិនិត្យ និងព្យាបាលជំងឺឆែបមាត់ ឆែបក្រអូមមាត់ជូនពលរដ្ឋបានចំនួន ៥លើកក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ បេសកកម្មបន្តទៀតរបស់អង្គការនេះ និងអង្គការដៃគូ មានគម្រោងទៅពិនិត្យ និងព្យាបាលជំងឺឆែបមាត់ និងឆែបក្រអូមមាត់ ព្រមទាំងជំងឺផ្សេងទៀតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅខែតុលា ខាងមុខ៕