
ដោយ យាង សុជាមេត្តា RFA 2016-08-21
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី២១ សីហា រៀបចំពិធីប្រគល់អាហារូបករណ៍ដល់ព្រះសង្ឃ និងនិស្សិតខ្មែរក្រោម ដើម្បីបន្តការសិក្សានៅតាមមហាវិទ្យាល័យនានានៅកម្ពុជា និងនៅប្រទេសថៃ។
សមណនិស្សិត និងនិស្សិតខ្មែរក្រោមដែលទទួលបានអាហារូបករណ៍សិក្សាបន្តនៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសថៃ ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោមនៅឆ្នាំ២០១៦ នេះ មានចំនួន ៣៤អង្គ និងរូប។
ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាថា គោលបំណងនៃការផ្តល់អាហារូបករណ៍នេះ គឺដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សខ្មែរក្រោម និងជាការផ្តល់ឱកាសឲ្យព្រះសង្ឃ និងនិស្សិតខ្មែរក្រោមមានឱកាសទទួលបាននូវការអប់រំខ្ពង់ខ្ពស់។ ព្រះតេជព្រះគុណមានថេរដីកាបន្តថា ក្តីរំពឹងរបស់ព្រះអង្គ គឺចង់ឃើញសមណនិស្សិត-និស្សិតខ្មែរក្រោមទាំងអស់នោះអាចជួយខ្លួនឯងបាននៅពេលរៀនចប់។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ មានថេរដីកាថា «កាលណាសម្ព័ន្ធមិនផ្តល់ឲ្យទេ ខ្លាចតែពួកគាត់មិនអាចរៀនចប់ចុងចប់ដើមបាន។ ក្តីរំពឹងរបស់សម្ព័ន្ធ គឺចង់ឲ្យគាត់រៀនបានចប់ចុងចប់ដើម។ នៅពេលគាត់រៀនចប់ គាត់ចង់មកជួយសង្គម ឬមិនជួយសង្គម វាស្ថិតនៅលើខ្លួនគាត់ផ្ទាល់ គឺយើងចង់ជួយឲ្យគាត់មានសមត្ថភាពប្រកបរបររស់នៅ»។
នៅដែនដីកម្ពុជាក្រោម ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមិនត្រូវបានរដ្ឋាភិបាលវៀតណាម អនុញ្ញាតឲ្យសិក្សាអក្សរសាស្ត្រជាតិរបស់ខ្លួនទូលំទូលាយឡើយ។ ដើម្បីសិក្សាបានខ្ពង់ខ្ពស់ គឺត្រូវបួសជាសង្ឃ។ ប៉ុន្តែការសិក្សាខ្ពស់បំផុតបានត្រឹមថ្នាក់គរុកោសល្យទី៣ ឬប្រហាក់ប្រហែលនឹងថ្នាក់ទី៩ នៅកម្ពុជា ប៉ុណ្ណោះ។
ព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ មាស វិចិត្រ ដែលទទួលបានអាហារូបករណ៍នៅឆ្នាំនេះមានថេរដីកាថា អាហារូបករណ៍នេះនឹងជួយឲ្យព្រះអង្គអាចបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្របន្តទៀត៖ «បើសិនជាគ្មានអាហារូបករណ៍ ប្រហែលជាខ្ញុំព្រះករុណាអាត្មាភាពពិបាកក្នុងការសិក្សាបន្តិច ហើយអាត្មាភាពក៏ធ្លាប់ព្យួរអស់មួយឆមាសដោយកង្វះខាតនូវថវិកា។ បើបានសញ្ញាបត្រជាមោទនភាពរបស់ខ្លួនជាខ្មែរក្រោមម្នាក់ ដែលសិក្សាចប់ថ្នាក់បរិញ្ញាបត្រ ហើយយកចំណេះវិជ្ជានេះ បើអាចយកទៅបណ្តុះបណ្តាលសិស្ស-និស្សិតនៅកម្ពុជា»។
ខុសពីសម័យអតីតព្រះមហាក្សត្រខ្មែរ សម្ដេចព្រះនរោត្តម សីហនុ ដឹកនាំប្រទេស ដែលកាលណោះព្រះអង្គតែងយកចិត្តទុកដាក់ពីការសិក្សារបស់ព្រះសង្ឃខ្មែរក្រោម តាមរយៈការផ្តល់កន្លែងគង់នៅ និងអាហារូបករណ៍ឲ្យព្រះសង្ឃខ្មែរក្រោមបន្តការសិក្សានៅកម្ពុជា បន្ថែមទៀត ព្រះសង្ឃខ្មែរក្រោមនៅពេលបច្ចុប្បន្ន ត្រូវរកមធ្យោបាយឡើងមកប្រទេសកម្ពុជា ដោយខ្លួនឯង រកកន្លែងស្នាក់នៅ និងមធ្យោបាយសិក្សាខ្លួនឯង។
ធ្លាប់បួសជាសង្ឃ ហើយធ្លាប់ទទួលបានអាហារូបករណ៍ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម លោក ពេជ្រ សីហា បច្ចុប្បន្នជាសាស្ត្រាចារ្យផ្នែកច្បាប់នៅតាមសាកលវិទ្យាល័យនានានៅភ្នំពេញ។ លោកមានប្រសាសន៍ថា បើទោះជាព្រះសង្ឃខ្មែរក្រោមដឹងមុនថា នៅពេលឡើងមកកម្ពុជា អាចប្រឈមនឹងការលំបាកក្នុងការរកកន្លែងគង់នៅ ឬការសិក្សាក្តី ប៉ុន្តែព្រះសង្ឃខ្មែរក្រោមនៅតែពុះពារឡើងមកសិក្សាបន្តនៅកម្ពុជា ដោយហេតុថា នៅកម្ពុជាក្រោម អាជ្ញាធរវៀតណាម មិនអនុញ្ញាតឲ្យខ្មែរក្រោមសិក្សាអក្សរសាស្ត្រខ្លួនទូលំទូលាយឡើយ៖ «សម្រាប់ការសិក្សា ដូចជាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ ខ្មែរកម្ពុជាក្រោម គឺគាត់អត់បានសិក្សាមុខវិជ្ជាទាំងអស់នេះទេ ដោយសាររដ្ឋអំណាច គឺគេមិនឲ្យសិក្សាតែម្តង ហើយបើសិនជាគេឲ្យសិក្សា គឺគេឲ្យសិក្សាតែប្រវត្តិបក្សកុម្មុយនីស្តវៀតណាម ឬប្រវត្តិ ហូជីមិញ (Ho Chi Minh)។ អ៊ីចឹងការដែលយើងមកសិក្សានៅទីនេះ គឺជាភ័ព្វវាសនាខ្ពស់ដែលយើងបានយល់ដឹងទូលំទូលាយ ហើយគំនិតរបស់យើង គឺជាគំនិតបែបសកល ហើយយើងសិក្សានៅកន្លែងនេះ អនាគត គឺយើងអាចធ្វើកិច្ចការងារបាន»។
នៅកម្ពុជា មានអង្គការ-សមាគមខ្មែរកម្ពុជាក្រោមទាំងអស់ជាង១០។ ដោយឡែកសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ក្នុងគោលដៅរួមចំណែកកសាងសង្គមជាតិ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស។ ចាប់តាំងពីឆ្នាំ២០០៧ មក អង្គការមួយនេះបានផ្តល់អាហារូបករណ៍ដល់ព្រះសង្ឃ និងនិស្សិតខ្មែរក្រោមសរុបចំនួន ២២៤អង្គ និងរូប សម្រាប់បន្តការសិក្សានៅកម្ពុជា នៅប្រទេសថៃ និងនៅប្រទេសឥណ្ឌា ជាដើម៕