Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

មន្ត្រី​សង្គម​ស៊ីវិល​កំពុង​រង់ចាំ​លទ្ធផល​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​លើ​ការ​ទន្ទ្រាន​ដី​ព្រៃ​កោងកាង

$
0
0
១០-កុម្ភៈ-២០១៦៖ ទីតាំង​ដី​ឆ្នេរ​សមុទ្រ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ចាក់​ដី​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ និង​បំផ្លាញ​ដល់​ព្រៃ​កោងកាង​ជា​ជម្រក​មច្ឆា​សមុទ្រ។ RFA/Den Ayuthyea

ដោយ ដែន អយុធ្យា RFA 2016-08-21

មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​ចុះ​ស្រាវជ្រាវ​របស់​ក្រសួង​ជំនាញ​ចំនួន​ពីរ អំពី​ប្រសិទ្ធភាព​ចុះ​អនុវត្ត​ការងារ ដើម្បី​ឆ្លើយ​តប​លិខិត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​បទបញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ពិនិត្យ​ឈាន​ដល់​និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី ដែល​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ចំនួន​៤។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ក្រុម​ការងារ​ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម ពន្លឿន​ប្រកាស​លទ្ធផល​នៃ​សកម្មភាព​ចុះ​អង្កេត​ស្រាវជ្រាវ​ទៅ​លើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​មន្ត្រី​ជំនាញ​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប ដែល​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន រំលោភ​ទៅ​លើ​ដី​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ថ្លែង​ថា កំពុង​ទន្ទឹង​រង់ចាំ​ស្តាប់​លទ្ធផល​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ចុះ​អនុវត្ត​ការងារ​ពិនិត្យ​ប័ណ្ណ​កម្មសិទ្ធិ​ចេញ​ទៅ​លើ​ដី​ព្រៃ​កោងកាង​នេះ មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា។ លោក​ចោទ​ថា សកម្មភាព​ឃុបឃិត​របស់​មន្ត្រី​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ​សុរិយោដី តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ នៅ​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ថា​មាន​រូបភាព​ធ្ងន់ធ្ងរ ហើយ​ឈាន​ដល់​បំផ្លាញ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ទាំងស្រុង បើ​រដ្ឋាភិបាល​មិន​ឆាប់​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ៖ «ជា​លទ្ធផល​រហូត​មក​ដល់​ពេល​នេះ គឺ​មិន​ទាន់​មាន​ដំណើរ​ការ​ណា​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​សង្គម​ស៊ីវិល ឬ​សហគមន៍​យើង​មាន​សង្ឃឹម​ទាល់​តែ​សោះ។ ពោល គឺ​ដំណើរ​ការ​មោឃភាព​ប័ណ្ណ និង​ការ​ចុះ​ត្រួត​ពិនិត្យ​មើល​លើ​ដី​ព្រៃ​កោងកាង និង​ការ​ចេញ​ប្លង់​ទាំងឡាយ​ណា​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​នេះ ហាក់​បី​ដូចជា​មិន​មាន​ដំណើរ​ការ​ទៅ​មុខ​នោះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​រដ្ឋលេខាធិការ​ដោយ លោក ស៊ូ ភិរិន្ទ បាន​ជម្រាប​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា។ របាយការណ៍​ដោយ​យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​លោក ជា សុផារ៉ា លើ​ករណី​របាយការណ៍​ស្ដីពី​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា ដោយ​ផ្តល់​មតិ​សំខាន់​ទៅ​លើ​ចំណុច​ទី​២ គឺ​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង។

លិខិត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យោង​តាម​ចំណារ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ពេល​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ហើយ​ពួក​គេ​កំពុង​រង់ចាំ​ស្តាប់​លទ្ធផល​របស់​ក្រុម​ការងារ​ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម តើ​ចុះ​អនុវត្ត​ការងារ​ដែល​ប្រមុខ​ដឹកនាំ​ដាក់​ជូន មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

ត្រង់​ចំណុច​នេះ មន្ត្រី​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បង្ហាញ​ទស្សនៈ​គាំទ្រ​ចំពោះ​ចំណាត់​ការ​ដ៏​មាន​ប្រយោជន៍​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ដែល​បាន​ចាត់​វិធានការ​ក្តៅ​ជួយ​ទប់ស្កាត់​សកម្មភាព​រំលោភ​ដី​ព្រៃ​កោងកាង​រាប់​ពាន់​ហិកតារ​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ពី​ឯកជន មក​រដ្ឋ​គ្រប់គ្រង​វិញ និង​អភិរក្ស​នា​ថ្ងៃ​អនាគត។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ចោទ​អតីត​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ និង​អភិបាល​ខេត្ត​ប៉ុន្មាន​អាណត្តិ​កន្លង​មក ថា​ជា​អ្នក​មាន​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​ក្នុង​ការ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​ព្រៃ​កោងកាង ដី​តំបន់​ឆ្នេរ​សមុទ្រ និង​ដី​បឹង​អូរ​ធម្មជាតិ ក្នុង​នោះ​មាន​ព្រៃ​កោងកាង​ដុះ​នៅ​ជុំវិញ​បឹង​កង្កែប ជាដើម ដោយ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។

លោក ប៊ួន ណារិទ្ធិ បាន​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ត្រូវ​កោះ​អញ្ជើញ​អ្នក​មាន​ឈ្មោះ​ជាប់​ពាក់ព័ន្ធ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​នៅ​លើ​ដី​ចំណី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដី​ចំណី​ឆ្នេរ​សមុទ្រ និង​ដី​បឹង​អូរ​ធម្មជាតិ ជាដើម មក​សួរ​នាំ ឬ​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៖ «សូម​ឲ្យ​ឯកឧត្តម ជា សុផារ៉ា មេត្តា​ចាត់​វិធានការ និង​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​ដី​ព្រៃ​កោងកាង និង​ឈាន​ដល់​រៀបចំ​នីតិវិធី​ដើម្បី​មោឃភាព​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ ព្រោះ​អី​ព្រៃ​កោងកាង​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ពេល​នេះ គឺ​កំពុង​រង​ការ​កាប់​បំផ្លាញ​ធ្វើ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ ដោយ​មិន​ញញើត​នឹង​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​នោះ​ទេ»។

រថយន្ត​ដឹក​ដី​ចាក់​លុប​អូរ​ធម្មជាតិ និង​ព្រៃ​កោងកាង​ជម្រក​ត្រី​សមុទ្រ​នៅ​តំបន់​ឆ្នេរ​អូរត្រេះ ជាប់​ដំណាក់​ស្ដេច នា​ភូមិ​៦ សង្កាត់​៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ចំណែក​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​ស្នើ​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ជាតិ​នៃ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ត្រូវ​បង្ហាញ​លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ទៅ​លើ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង ឲ្យ​បាន​ទូលំទូលាយ។ លោក សុខ សុខុម គាំទ្រ​ចំណាត់​ការ​របស់​ប្រមុខ​ដឹកនាំ​ដែល​ដាក់​ឲ្យ​រដ្ឋមន្ត្រី​ក្រោម​ឱវាទ​ពិនិត្យ​ទៅ​លើ​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ព្រៃ​កោងកាង នា​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ដើម្បី​ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំងនោះ។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ត្រូវ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ត្រូវ​តម្កល់​ផល​ប្រយោជន៍​សង្គម​ជាតិ​ជា​ធំ ដើម្បី​ឈាន​ដល់​ការពារ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ឲ្យ​បាន​គង់វង្ស។

យ៉ាង​នេះ​ក្តី លោក សុខ សុខុម ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ លទ្ធផល​របស់​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​ទៅ​លើ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម មិន​ទាន់​បង្ហាញ​លទ្ធផល​ផ្លូវ​ការ​បែប​ណា​ទេ គិត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​សីហា។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ដល់​ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ឬ​ឈាន​ដល់​ដក​ហូត​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង ដែល​បុគ្គល​ឯកជន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​យក​ដី​រដ្ឋ មក​រដ្ឋ​គ្រប់គ្រង​វិញ៖ «សូម​ឲ្យ​ក្រសួង​ដែនដី ពន្លឿន​ការ​ចុះ​អនុវត្ត​សេចក្តី​សម្រេច​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ទៅ​លើ​ការ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ ដែល​ចេញ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង​នា​ពេល​កន្លង​មក ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ​ឲ្យ​បាន​ឆាប់ និង​ដាក់​ដី​សាធារណៈ​របស់​រដ្ឋ ដែល​រង​ការ​រំលោភ​បំពាន មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​ទេសចរណ៍។ ម្យ៉ាង​វិញ​ទៀត ឲ្យ​ស័ក្តិសម​ជា​ឆ្នេរ​ស្អាត​បំផុត​នៅ​លើ​ពិភពលោក និង​ជា​តារា​រះ​នា​ទិស​និរតី ក្នុង​នោះ​ត្រូវ​ឲ្យ​មាន​ឆ្នេរ​ខ្សាច់ ព្រៃ​កោងកាង​ដែល​ជា​ព្រៃ​លិច​ទឹក​នៅ​តាម​តំបន់​ឆ្នេរ​នោះ ទើប​ហៅ​ថា​ជា​ឆ្នេរ​ស្រស់​ស្អាត​លំដាប់​ពិភពលោក»។

អ្នក​យក​ព័ត៌មាន​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​បំភ្លឺ​ជុំវិញ​លទ្ធផល​នៃ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ប័ណ្ណ​កម្មសិទ្ធិ ដែល​ចេញ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង​ខេត្ត​ជាប់​ឆ្នេរ​ទាំង​៤ ដែល​ប្រមុខ​ដឹកនាំ​ដាក់​ឲ្យ​អនុវត្ត​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែ​សីហា។

ករណី​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ឲ្យ​ដឹង​ថា ខេត្ត​ជាប់​ឆ្នេរ​មួយ​នេះ​តម្រូវ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ជលផល​ខេត្ត​នេះ ចុះ​ស្រង់​ស្ថិតិ​ដី​ព្រៃ​កោងកាង​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​អាជ្ញាធរ​ជំនាញ​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ឯកជន​កន្លង​មក ដើម្បី​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ មាន​វិធានការ​បន្ត ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចំណារ​ប្រមុខ​ដឹកនាំ​បាន​ដាក់​ឲ្យ​អនុវត្ត។

មន្ត្រី​សង្គម​ស៊ីវិល​បាន​អះអាង​ថា ខេត្ត​ព្រះសីហនុ គឺ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ របស់​ប្រទេស​កម្ពុជា ដែល​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​បឹង​អូរ​ធម្មជាតិ មាន​ដុះ​ដើម​កោងកាង ត្រូវ​រង​ការ​រំលោភ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ពី​សំណាក់​ឯកជន ដោយ​មាន​ការ​ឃុបឃិត​ពី​ថ្នាក់​ដឹកនាំ​ខេត្ត និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​នេះ​ប៉ុន្មាន​អាណត្តិ​ដឹកនាំ​កន្លង​មក។ ពួក​គេ​កត់​សម្គាល់​ថា ទើប​តែ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នេះ​ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ចំណាត់​ការ​ក្តៅ ឬ​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ និង​ឈាន​ដល់​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំងឡាយ​ណា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង ឬ​ដី​ព្រៃ​លិច​ទឹក​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>